ការចិញ្ចឹមកូនជារឿងសំខាន់ បើចិញ្ចឹមកូនគ្មាន្បួនទេអនាគតកូន អត្តចរិតកូន និងសម្តីកូនមិនល្អនោះទេ។ អាចក្លាយជាក្មេងទំនើងដើរស៊ីផឹក និងកាប់ចាក់គ្នាជាមិនខានឡើយ។ តាមលោកគ្រូ ហឿរ សេធុល (Hoeur Sethul) អ្នកជំនាញប្រឹក្សាយោបលផ្លូវចិត្តនិងកុមារបានលើកឡើងថា ការចិញ្ចឹមកូនឱ្យមានអត្តចរិតល្អ មិនអាចប្រើត្រឹមតែធម៌ត្រជាក់តែមុខនោះទេ គឺប្រើធម៌ក្តៅខ្លះ ដើម្បីពង្រឹងផ្លូវចិត្តកូនឱ្យរឹងមាំផងដែរ។
ហើយលោកគ្រូបានបន្ថែមថា មានឪពុកម្តាយខ្លះចិញ្ចឹមកូនតាមធម៌ត្រជាក់គឺតាមចិត្តកូន កូនចង់បានអ្វីបានហ្នឹង។ ខ្លាចកូនយំឱ្យលេងទូរស័ព្ទ។ ពេលកូនទាទិញរបស់អ្វីមួយក៏ទិញធ្វើតាមចិត្តកូន។ នេះជាការបង្រៀនកូនឱ្យមានអត្តចរិតទាន់ខ្សោយ។ ការប្រើធម៌ត្រជាក់តែម្ខាង ធ្វើឱ្យអត្តចរិតកូន និងវាសនាកូនគ្មានតុល្យភាពនោះទេ។ ចូរឪពុកម្តាយប្រើធម៌ក្តៅខ្លះ មិនមែនវ៉ៃកូន និងប្រើសម្តីធ្ងន់ៗ ដាក់កូននោះទេ។ ធម៌ក្តៅមានន័យថា កុំបណ្តោយតាមចិត្តកូន ទោះបីកូនយំក៏ដោយ ឱ្យកូនយំតាមចិត្តចុះ។ ពេលកូនយំអស់ចិត្ត កូននឹងឈប់យំ ហើយចាំឪពុកម្តាយប្រើហេតុផលនិយាយជាមួយកូន។ នេះជាការបង្រៀនកូនឱ្យចេះគិត។
លោកគ្រូធ្លាប់ប្រាប់កូនថា "បើកូនធ្វើខុសច្បាប់ឬញៀនថ្នាំ ប៉ាសុខចិត្តយកបាយឱ្យកូនក្នុងគុក ឬមណ្ឌុលកែប្រែ និងជួយអប់រំកែប្រែកូននៅទីនោះ ទាំងនេះជាវិធីជួយរបស់ប៉ា។ ទោះបីស្តាប់មើលទៅរាងកាចបន្តិចក៏ដោយ ក្នុងនាមជាឪពុកម្តាយ ត្រូវមានគោលការណ៍ចិញ្ចឹមកូនពីតូចដែរ។ ពេលឪពុកម្តាយប្រើហេតុផលនិយាយជាមួយកូន និងប្រើធម៌ត្រជាក់រួមគ្នា នាំកូនរបស់អ្នកមានអត្តចរិតល្អហើយចេះគិតដោយខ្លួនឯងក្លាយជាក្មេងឆ្លាត។
សរុបមកមានន័យថា ឪពុកម្តាយប្រើធម៌ក្តៅ ត្រូវចេះឈរលើគោលការណ៍របស់ខ្លួន បើគិតថារបស់ហ្នឹងមិនគួរទិញ ឬឱ្យលេងទេគឺកុំឱ្យរបស់ហ្នឹងសោះ។ ធម៍ត្រជាក់គឺក្តីស្រឡាញ់ចំពោះកូន។ របៀបនៃការចិញ្ចឹមកូន និងការយកចិត្តទុកដាក់ចំពោះកូន ធ្វើឱ្យកូនចេះរួមទទួលខុសត្រូវក្នុងគ្រួសារជាការមានអារម្មណ៍កក់ក្តៅថា ខ្លួនជាកូនល្អចំពោះគ្រួសារ។
ពេលឪពុកម្តាយចិញ្ចឹមកូនតាមរបៀបទាំង ២នេះ ជារឿងសំខាន់ដើម្បីជួយទៅដល់ផ្លូវចិត្តរបស់កូន ពីព្រោះកូនជាអ្នកនៅចន្លោះកណ្ដាលដែលទទួលលរងសម្ពាធពីគ្រួសារផងដែរ។ ឪពុកម្ដាយដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងផ្លូវចិត្តរបស់កូនៗ ឱ្យមានអត្តចរិតល្អ មានវាសនាអនាគតល្អផងដែរ។ លោកគ្រូ សេធុល បានលើកឡើងជាចុងក្រោយថា ក្តីស្រលាញ់ដែលកូនៗ ចង់បាន និងការយកចិត្តទុកដាក់របស់អ្នកម្តាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរនៃការសិក្សារបស់កូនៗ ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព