គិតមកទល់នាពេលបច្ចុប្បន្ន មានក្បួនថែរក្សាស្បែកច្រើនរាប់អស់ដែលកំពុងតែចែករំលែកតាមបណ្ដាញសង្គមអ៊ីនធឺណិត ជាមួយនឹងផលិតផលគ្រប់ប្រភេទដែលមានដាក់លក់នៅលើទីផ្សារ ក៏ប៉ុន្តែនៅក្នុងចំណោមការចែករំលែកទាំងនោះ មិនប្រាកដទេថា សុទ្ធតែវិធីល្អនៅក្នុងការថែស្បែករបស់មនុស្សកគ្រប់រូប ខណៈស្បែករបស់មនុស្សម្នាក់គឺមានលក្ខណៈផ្សេងៗគ្នា។
តួយ៉ាង បើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ everydayhealth បានលើកឡើងនូវទម្លាប់អនុវត្តន៍ខុសមួយចំនួន ដែលក្រុមអ្នកថែស្បែកខ្លះកំពុងតែយល់ខុស និងធ្វើឱ្យស្បែករបស់ខ្លួនឯងធ្លាក់ចូលទៅក្នុងសភាពអាក្រក់លើសដើម៖
១. ប្រើផលិតផលមានក្លិនក្រអូបខ្លាំង៖ Amy Forman Taub, MD ជាជំនួយការសាស្ត្រាចារ្យផ្នែករោគសើស្បែកនៅ Northwestern Medicine ក្នុង Lincolnshire រដ្ឋ Illinois មានប្រសាសន៍ថា ក្លិនក្រអូបមានទំនោរធ្វើឱ្យស្បែកស្ងួត ឬធ្វើឱ្យស្បែកវិវត្តន៍ទៅរកស្ថានភាពកាន់តែអាក្រក់ដូចជា កើតកន្ទួល រមាស់...ជាដើម។ នេះ ក៏ព្រោះតែក្លិនក្រអូបខ្លាំងជាប្រភពទូទៅមួយដែលបង្កជាការរលាកស្បែក ជាពិសេសចំពោះសុខភាពស្បែកងាយប្រតិកម្មអាលែហ្ស៊ី។ ដូច្នេះ មុននឹងជ្រើសយកផលិតផលណាមួយមកប្រើប្រាស់ សូមពិនិត្យទៅលើគ្រឿងផ្សំជាមុនសិន មិនថាជាប្រភេទឡេលាបស្បែក ក្រែម ឬផលិតផលគ្រឿងសំអាងដទៃទៀតទេ ប្រសិនបើមានកម្រិតក្លិនក្រអូបខ្លាំង គួរតែចៀសវាងប្រសើរជាជាង។
២. សាប៊ូមានជាតិកាត់៖ Gretchen Frieling, MD គ្រូពេទ្យជំនាញខាងរោគសើស្បែកដែមានការទទួលស្គាល់ពីក្រុមប្រឹក្សាភិបាលនៅទីក្រុង Newton រដ្ឋ Massachusetts មានប្រសាសន៍ថា សាប៊ូដែលមានជាតិកាត់មិនថាជាប្រភេទសាប៊ូដុសខ្លួន ឬសាប៊ូកក់សក់នោះទេ គឺវាអាចនឹងធ្វើឱ្យស្បែកបាត់បង់សំណើម ដោយសារតែ សាប៊ូទាំងនោះបង្កើតឡើង ផ្តោតសំខាន់ទៅលើកម្រិតជាតិកាត់ធ្វើឱ្យស្បែកស និងលាងសម្អាតជាតិប្រេងចេញស្បែក។
៣. ថ្នាំបំបាត់មុន និង រេទីណុល បង្កើនល្បឿនកោសិកាស្បែក៖ អាស៊ីត salicylic ដែលល្អក្នុងការព្យាបាលមុន ក៏ត្រូវបានគេរកឃើញថា អាចនឹងស្ងួតស្បែកផងដែរ។ ភាពស្ងួតនេះ គឺជាផលប៉ះពាល់ទូទៅនៃសារធាតុ រេទីណុល និងកើតឡើងដោយសារតែ រេទីណុល បន្ធូរទំនាក់ទំនងរវាងកោសិកាលើផ្ទៃស្បែក។ ជាទូទៅសម្រាប់អ្នកដែលព្យាបាលមុខមុនតាមបែបវេជ្ជសាស្ត្រ គឺគ្រូពេទ្យជំនាញកម្រនឹងឱ្យប្រើប្រាស់នូវថ្នាំលេបច្រើនណាស់ ដោយព្យាយាមឱ្យប្រើជាប្រភេទផលិតផលលាបលើស្បែកច្រើនជាង។
៤. ខ្យល់ស្ងួតក្នុងផ្ទះ ឬខាងក្រៅ៖ ពេលខ្លះខ្យល់នៅខាងក្នុងផ្ទះ អាចប៉ះពាល់ស្បែកដូចខ្យល់ខាងក្រៅដែរ ដោយសារតែខ្យល់ គឺអាចទាញកម្រិតសំណើមក្នុងស្បែកឱ្យចុះថយ ធ្វើឱ្យស្បែកស្ងួត និងងាយឡើងរមាស់។ ជាក់ស្តែង ចំពោះអ្នកជ្រុះសក់ ឬមានបញ្ហាស្បែក គឺអ្នកជំនាញមិនលើកទឹកចិត្តឱ្យប្រើនូវម៉ាស៊ីនផ្លុំសក់នោះទេ ព្រោះវានឹងធ្វើឱ្យស្បែកក្បាលកាន់តែស្ងួត ផលប៉ះពាល់កាន់តែកើន។ ចំណែកឯ ខ្យល់កង្ហារវិញ ប្រសិនណាបើត្រូវខ្លាំងក្នុងរយៈពេលយូរ ស្បែកនឹងស្ងួត បបូរមាត់ងាយប្រេះ ...ដោយសារស្បែកត្រូវបាត់បង់សំណើមតាមរយៈការត្រូវខ្យល់។
៥. ការងូតទឹកក្តៅយូរ៖ ការងូតទឹក គឺជាផ្នែកសំខាន់មួយក្នុងការជួយសម្រួលចរន្តឈាមរត់ តែប្រសិនបើងូតយូរនោះ នឹងធ្វើឱ្យស្បែកប្រែជាស្ងួតគ្មានសំណើមទេ។ អ្នកជំនាញខាងផ្នែករោគសើស្បែកបានលើកឡើងថា ការងូតទឹកជាប្រចាំចំពោះមនុស្សម្នាក់ៗត្រូវតែកំណត់ការងូតទឹកមិនលើសពី ៥នាទី និងរក្សាសីតុណ្ហភាពទឹកមិនឱ្យក្តៅពេក ក៏មិនត្រជាក់ពេកដែរ។ ដោយហេតុថា ការធ្វើបែបនេះ នឹងជួយថែរក្សាកម្រិតជាតិសំណើមលើស្បែកឱ្យមានតុល្យភាព ជាមួយគ្នានេះទៀត បន្ទាប់ពីងូតទឹករួច គួរតែមាន ក្រែម ឬឡេលាបផ្តល់សំណើមស្បែកបន្ថែម។
ជារួមមកវិញ ចំពោះប្រធានបទមួយនេះ នឹងជូនជាពិសេសសម្រាប់អ្នកថែស្បែកគ្រប់រូប ជួនកាលការប្រើប្រាស់ផលិតផល ផ្តេសផ្តាសច្រើនមិនមែនជាវិធីល្អនៅក្នុងការជួយដោះស្រាយបញ្ហាស្បែកនោះទេ មានតែបំផ្លាញស្បែកខ្លួនឯង៕
អត្ថបទដោយ៖ ប៉ាវ ភក្តី

