មនុស្សស្រីពេលមិនទាន់មានប្តី ខំធ្វើការ ខំរកលុយ និងរៀនសូត្រណាស់ ដើម្បីអនាគតខ្លួននិងគ្រួសារ។ ប៉ុន្តែពេលពួកគាត់មានប្តីហើយនោះ មានស្រ្តីមួយចំនួនបានបោះបង់ការងារចោល ហើយរស់នៅពឹងលើប្តីទាំងស្រុង បើប៉ះពាល់ប្តីល្អជាសំណាង។ បើប៉ះពាល់ប្តីហេងស៊យវិញ អនាគតស្រ្តីច្បាស់ជាប្តីមើលងាយ និងគ្រួសារដៀលទៀត។ តាមលោក គឹម វូឈុង ប្រាប់ថា “នារីបច្ចុប្បន្នទាំងអស់មានទទួលការខុសត្រូវស្មើនឹងបុរសទាំងអនាគត និងជាតិ”។
នេះជាជាគំនិតអស្ចារ្យមួយរបស់លោកគឹម ជាការឱ្យតម្លៃលើនារីឱ្យចេះពឹងលើតម្លៃខ្លួនដើម្បីរស់ រស់ដោយមានក្តីសុខជាមួយកម្លាំងញើសឈាមរបស់ខ្លួនឯង។ ហើយលោក គឹម បានលើកឡើងក្នុងសៀវភៅ សហគ្រិនចំណានថា ជាដំបូងអ្នក(ស្រ្តី)មិនត្រូវភ្លេចខ្លួនថា អ្នកជាម្ចាស់វាសនារបស់ខ្លួននោះទេ។ មានបញ្ហាមួយគឺការប្រើពាក្យ “ ចៅហ្វាយ” ដើម្បីនិយាយពីស្វាមីរបស់អ្នក។ តើស្វាមីរបស់អ្នកក្លាយទៅជាម្ចាស់របស់អ្នកតាមរបៀបណា? តើអាពាហ៍ពិពាហ៍គ្មានន័យអ្វីក្រៅអំពីការរកស្វាមីមួយយ៉ាងសមរម្យ ដែលអ្នកស្ថិតនៅក្រោមឥទ្ធិពល ព្រមទាំងផ្តល់ការគោរពរហូតដល់ក្លាយទៅជាទាសីឬ? អាពាហ៍ពិពាហ៍ជាការរួបរួមរវាងមនុស្សពីរនាក់ ដែលមានការទទួលខុសត្រូវ និងមានគុណសម្បត្តិដូចគ្នា។ ចឹងហើយ! គិតមើលថាប្តីប្រពន្ធមានទំទាក់ទំទងនឹងគ្នា ត្រឹមតែចៅហ្វាយ និងទាសី?” ទោះបីអ្នកមានប្តីក៏ដោយ ស្រ្តីត្រូវចាំថា ខ្លួនអ្នកជាចៅហ្វាយលើជីវិតមួយនេះ ប្តីជាដៃគូចាំជួយគ្នា លើកទឹកចិត្តគ្នា ចេះគោរពគ្នា និងរស់នៅដោយស្មើភាពគ្នា។ នេះជាចំណុចទី១។
សម្រាប់ចំណុចទីពីរនោះ ស្រ្តីកុំទុកខ្លួននៅទំនេរ ធ្វើបន្តធ្វើការ និងរៀនសូត្រដើម្បីសំលៀងសមត្ថភាពឱ្យពូកែ រកចំណូលឱ្យបានច្រើន កុំពឹងលើលុយប្តីច្រើនពេក។ ព្រោះយើងជាប្រពន្ធត្រូវមានសមត្ថភាពរកលុយ ចិញ្ចឹមកូន និងថែរក្សាគ្រួសារឱ្យបានលល្អដែរ។ ហើយលោក គឹម បានលើកឡើងថា ស្រ្តីត្រូវតែបន្តធ្វើការងារដើម្បីអភិវឌ្ឍន៍ខ្លួន។ មានស្ត្រីខ្លះ បានបំភ្លេចចោលអ្វីៗដែលខ្លួនបានរៀនចេះ ពេលទទួលសញ្ញាប័ត្ររួច ឬ(ក្រោយពេលមានស្វាមី)។
លោកបន្តថាស្ត្រីទាំងនោះដាក់ខ្លួនគេក្រោមចំណុះចៅហ្វាយថ្មី(ប្តី)របស់គេ រួចមកគេបំភ្លេចគុណសម្បត្តិរបស់ខ្លួន ព្រមទាំងចំណេះវិជ្ជានិងជំនាញខំយ៉ាងខ្លាំង។ ចុះហេតុដូចម្តេច បានជាអ្នកបំផ្លាញខ្លួនអ្នកបែបហ្នឹង? ដូច្នេះហើយ! ស្រ្តីត្រូវតែបន្តអភិវឌ្ឍន៍ផ្ទាល់ខ្លួន បន្ទាប់ពីអ្នកបានទទួលសញ្ញាប័ត្រ ឬអាពាហ៍ពិពាហ៍។ ហើយតាំងខ្លួនអ្នកជាស្ត្រីដែលមានការតស៊ូ ហើយស្វែងរកកាលៈទេសៈថ្មី នឹងសិក្សាតទៅទៀត ដើម្បីអនាគតខ្លួនទៅមុខទៀត”។ សរុបរួមគឺថា ប្តីជាដៃយល់ចិត្ត មិនមែនជាចៅហ្វាយទេ។ ស្រ្តីត្រូវតែព្យាយាមរៀន បន្តធ្វើការ និងខំរកលុយ ទោះបីអ្នកមានបញ្ហាពេលណាមួយក៏អ្នកមានសមត្ថភាព ពឹងលើខ្លួនឯងដើម្បីដើរទៅមុខយ៉ាងរឹងមាំដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព