ពេលជាតិអាស៊ីតលើសកម្រិតនៅក្នុងឈាម ធ្វើឱ្យអាការៈខាងក្រៅមានការឈឺចាប់ផ្សេងៗ គ្នា។ ជាពិសេសជំងឺលើសអាស៊ីតអ៊ុយរិកនៅក្នុងឈាមដោយសារអាហារមួយចំនួន។ ពេលអាស៊ីតនេះផលិតឡើងគឺស្ថិតនៅក្នុងឈាម ហើយត្រូវចម្រោះចេញតាមតម្រងនោម។ តាមមន្ទីរពេទ្យកាល់ម៉ែតបានចុះផ្សាយថា ជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាមបណ្តាញមកពីអាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិកដែលបណ្ដាលមកពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិពុយរីនច្រើនហួស ឬអសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ ពេលកម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាមធ្វើឱ្យប៉ះពាល់ខ្លាំងលើសន្លាក់ និងតម្រងនោម។
ក) អាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា៖ - ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ...) មានគ្រឿងសមុទ្រ មានភេសជ្ជៈផ្អែម មានគ្រឿងស្រវឹង។ មានប្រភេទបន្លែផ្លែឈើៈដូចជាផ្សិត ស្ពៃក្ដោប ខាត់ណា ផ្កាខាត់ណា ទំពាំងបារាំង និងសណ្ដែកខៀវ...។
ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជា៖ នំបុ័ង ផ្លែឈើ ទឹកដោះគោ ស៊ុត តែ និងកាហ្វេជាដើម។
គ) រោគសញ្ញានៃជំងឺទាំងនោះរួមមាន៖
- ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ...) ជាពិសេសម្រាមមេជើង។
- ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
- ក្ដៅខ្លួន
- ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។
- ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)
ឃ) មូលហេតុ និងកត្តារួមផ្សំ៖
១. ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ
២. លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
៣. មានមូលហេតុដ៏ទៃទៀតដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។
ង) ការព្យាបាល៖
១. បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ
២. បន្ថយការឈឺចាប់សន្លាក់
៣. ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម...។
ចូរអ្នកពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។ ចំពោះព័ត៌មានបន្ថែម និងការពិនិត្យលម្អិតតាមស្ថានភាពជាក់ស្តែងនៃជំងឺ សូមមេត្តាមកទំនាក់ទំនង និងជួបពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតតាមលេខទូរស័ព្ទ៖ 023 426 948៕ អត្ថបទដោយ៖ ទ្រ សុភាព