ជំងឺ
គេងយប់សុបិន្តច្រើន ព្រឹកឡើងអស់កម្លាំង ៣វិធីនេះជួយអ្នកឱ្យគេងលក់ស្កប់ជាងមុន
Pov Saru
October 9 2025
1.3 K views

សុបិន្ត កើតឡើងនៅពេលដែលខួរក្បាលធ្វើសកម្មភាពអំឡុងពេលគេង ។ បើសិនជាការយល់សុបិន្តកើតឡើងម្ដងម្ដាលវាជារឿងធម្មតា ប៉ុន្តែបើសិនជាវាកើតឡើងញឹកញាប់ វាលែងជារឿងធម្មតាទៀតហើយព្រោះវាកំពុងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃដូចជា ពេលយប់អ្នកព្យាយាមគេងឱ្យបានគ្រប់គ្រាន់ហើយ តែព្រឹកឡើងនៅតែមានអារម្មណ៍ថាអស់កម្លាំង ដូចខ្លួនមិនបានគេងសោះ។ យោងតាមគេហទំព័រ Healthline ខាងក្រោមនេះជាវិធីសាមញ្ញា ៣ ជួយអ្នកឱ្យគេងលក់ស្កប់ កាត់បន្ថយការសុបិន្តច្រើន៖ 

១. អ្នកគួរទៅពិនិត្យសុខភាពជាមុនសិន៖ ប្រសិនបើអ្នកតែងសុបិន្តច្រើន ធ្វើឱ្យអ្នកឧស្សាហ៍ភ្ញាក់ឡើងកណ្ដាលយប់ញឹកញាប់ នេះអាចជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្ត ឬបញ្ហានៃរាងកាយណាមួយ។ ក្នុងករណីនេះ ជម្រើសដែលល្អបំផុតអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុពិតប្រាដក ព្រោះគ្រូពេទ្យអាចជួយណែនាំពីវិធីសាស្ត្របែបធម្មជាតិ ឬការព្យាបាលបែបសុខភាពផ្លូវចិត្ត ដោយមិនបាច់ប្រើថ្នាំ។

២. ផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ៖ ពេលខ្លះទម្លាប់តូចៗប្រចាំថ្ងៃរបស់យើងធ្វើឱ្យប៉ះពាល់ដល់ការគេង។ ការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃគឺចាប់ផ្ដើមពី ការញុំាអាហារដែលល្អសម្រាប់សុខភាព ផឹកទឹកឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ ចូលគេងឱ្យបានទៀងទាត់ ទាំងនេះគឺជាគន្លឹះសំខាន់ក្នុងការជួយឱ្យខួរក្បាលនិងរាងកាយអាចសម្រាកបានពេញលេញ។ ព្យាយាមគេងឱ្យទៀងម៉ោងហើយកុំប្រើទូរស័ព្ទ ឬមើលអេក្រង់ភ្លើងខ្លាំងៗមុនគេង ព្រោះវាធ្វើឱ្យខួរក្បាលសកម្ម ហើយបណ្តាលឱ្យសុបិន្តច្រើន។

៣. មើលថែផ្លូវចិត្តខ្លូនឯងឱ្យបានល្អ៖ មនុស្សមួយចំនួនអាចយល់សុបិន្តច្រើនដោយសារតែបញ្ហាស្ត្រេស ភាពតានតឹង ពិបាកចិត្ត ធ្វើឱ្យខួរក្បាលរបស់អ្នកមិនអាចស្ងប់ស្ងាត់នៅពេលគេង។ ដូច្នេះ សូមព្យាយាមបន្ថយស្ត្រេសដោយធ្វើអ្វីដែលធ្វើឱ្យផ្លូវចិត្តរបស់អ្នកស្ងប់ដូចជា ការធ្វើសមាធិ ឬហាត់ប្រាណបន្តិចមុនចូលគេង។ វិធីសាស្ត្រសាមញ្ញទាំងនេះអាចជួយឱ្យខួរក្បាលរបស់អ្នកស្ងប់ ហើយគេងលក់ស្កប់ល្អ។

ចង់ឱ្យមានទម្លាប់គេងលក់ស្កប់ល្អ ហើយមិនសុបិន្តច្រើនគឺចាប់ផ្ដើមពីខ្លួនឯង ។ វាត្រូវការការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ មើលថែសុខភាពផ្លូវចិត្តខ្លួនឯងឱ្យបានល្អ  មិនផឹកកាហ្វេ ឬស្រា ពេលម៉ោងជិតចូលគេង និងគេងក្នុងបរិយាកាសស្ងប់ស្ងាត់ មានអាកាសធាតុល្អ ទៀតនោះការគេងរបស់អ្នកនឹងកាន់តែមានគុណភាព ហើយក៏មិនធ្វើឱ្យអ្នកមានសុបិន្តច្រើនដូចមុនដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 43

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia