ជំងឺ
កត្តាហានិភ័យទាំង ១០ ដែលបង្កើនឱកាសនៃជំងឺលើសឈាម និងបេះដូងពេលចាស់ទៅ
Sochenda Hai
December 18 2020
3 K views

ដោយសារតែទម្លាប់មិនសូវហាត់ប្រាណ កត្តាចំណីអាហារដូចជាមិនសូវញ៉ាំបន្លែ ផ្លែឈើ ញ៉ាំតែសាច់ ការពិសារស្រាច្រើន ញ៉ាំប្រៃៗ ស្ត្រេស បានធ្វើឱ្យប្រជាជនកម្ពុជាក្លាយជាជនរងគ្រោះនៃជំងឺលើសឈាម ពេលអាយុកាន់តែច្រើន ដែលអាចបង្កទៅជាបញ្ហាសុខភាពបន្តបន្ទាប់ដូចជាជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាលជាដើម បើមិនបានព្យាបាល និងគ្រប់គ្រងត្រឹមត្រូវនិងទាន់ពេលនោះទេ។

លោកវេជ្ជបណ្ឌិត ឃ្លាំង សៀងលី ផ្នែកវេជ្ជសាស្ត្រទូទៅប្រចាំនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ក្នុងកិច្ចសម្ភាសន៍អនឡាញជាមួយ Healthy Cambodia បានឱ្យដឹងថា

ជាធម្មតា សម្ពាធឈាមកំណត់បរិមាណឈាមចូលបេះដូង និងបរិមាណនៃភាពធន់នឹងលំហូរឈាមនៅក្នុងសរសៃឈាម។ តែនៅពេលឈាមបុកចូលបេះដូងកាន់តែច្រើន ខណៈសរសៃឈាមកាន់តែរួមតូចដោយសារខ្លាញ់ជុំវិញ នោះវានឹងធ្វើឱ្យសម្ពាធឈាមយើងកាន់តែឡើងខ្ពស់។

លោកបានបន្តទៀតថា អ្នកជំងឺអាចមានបញ្ហាសម្ពាធឈាមខ្ពស់ច្រើនឆ្នាំ ដោយមិនមានរោគសញ្ញាអ្វីឡើយ។ អ្នកជំងឺភាគច្រើនដែលមានជំងឺលើសឈាមមិនមានសញ្ញាអ្វីទេ ទោះបីការវាស់សម្ពាធឈាមបង្ហាញថាសម្ពាធឈាមរបស់ពួកគាត់ឡើងដល់កម្រិតខ្ពស់ក៏ដោយ។ តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា សូម្បីតែមិនមានរោគសញ្ញាក៏ដោយ ក៏ការខូចខាតដល់សរសៃឈាម និងបេះដូងរបស់ពួកគាត់នៅតែអាច និងបន្តខូចខាត។ តែក៏មានអ្នកជំងឺខ្លះងាចមានរោគសញ្ញាដូចជាឈឺក្បាល ដង្ហើមខ្លីៗ ថប់ៗ ប៉ុន្តែសញ្ញា ទាំងនេះមិនជាក់លាក់ទេ ហើយជាធម្មតាមិនកើតឡើងទេទាល់តែជំងឺលើសឈាមឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ឬគម្រាមកំហែងដល់អាយុជីវិត។

ទាក់ទងនឹងកត្តាហានិភ័យនៃជំងឺលើសឈាម លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្ថែមទៀតថាមានកត្តាហានិភ័យមួយចំនួនដែលបង្កើនឱកាសនៃជំងឺលើសឈាម និងបេះដូងពេលចាស់ទៅ៖

(១) អាយុ៖ ហានិភ័យនៃជំងឺលើសឈាមកើនឡើងនៅពេលយើងកាន់តែចាស់។

(២) ប្រវត្តិ​គ្រួសារ៖ ជំងឺលើសឈាមច្រើនតែកើតមាននៅក្នុងគ្រួសារដែលធ្លាប់មានប្រវត្តិកើតជំងឺនេះ។

(៣) ធាត់៖ នៅពេលបរិមាណឈាមដែលចរាចរតាមសរសៃឈាមកើនឡើង នោះសម្ពាធឈាមដែលបុកទៅលើជញ្ជាំងសរសៃឈាមក៏កើនឡើងដែរ។

(៤) មិនសូវមានសកម្មភាពរាងកាយ៖ មិនសូវហាត់ប្រាណ រាងកាយមិនសូវសកម្មធ្វើឱ្យអត្រាចង្វាក់បេះដូងកើនឡើង ដែលធ្វើឱ្យឈាមបុកចូលទៅសរសៃឈាមកាន់តែខ្លាំង។ ផងដែរ កង្វះសកម្មភាពរាងកាយក៏បង្កើនហានិភ័យនៃការលើសទម្ងន់ផងដែរ។

(៥) ជក់បារី៖ ជក់បារីមិនត្រឹមតែបង្កើនសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែសារធាតុគីមីដែលមាននៅក្នុងបារីក៏អាចបំផ្លាញស្រទាប់ជញ្ជាំងសរសៃឈាមរបស់យើងខ្លាំងដែរដែលអាចបណ្តាលឱ្យសរសៃឈាមរួមតូច និងបង្កើនហានិភ័យនៃជំងឺបេះដូង ហើយផ្សែងបារីក៏អាចបង្កើនហានិភ័យជំងឺបេះដូងដែរ។

(៦) អំបិល៖ ការញ៉ាំអាហារដែលមានជាតិប្រៃច្រើនពេកអាចបណ្តាលឱ្យរាងកាយរក្សាជាតិទឹកច្រើនដែលបង្កើនសម្ពាធឈាម។

(៧) អាហារខ្លាញ់៖ ចូលចិត្តអាហារចៀន បំពង សាច់ សាច់អាំងច្រើនបង្កើនកម្រិតកូលេស្តេរ៉ុលមិនល្អក្នុងឈាម ដែលយូរៗទៅខ្លាញ់ទាំងនោះទៅរុំព័ទ្ធជញ្ជាំងសរសៃឈាម ដែលធ្វើឱ្យស្ពាធសរសៃឈាម និងធ្វើឱ្យឈាមបុកខ្លាំងទៅភ្នាសជញ្ជាំង នាំឱ្យសម្ពាធឈាមកើនឡើង។

(៨) គ្រឿងស្រវឹង៖ ការញ៉ាំគ្រឿងស្រវឹងញឹកញាប់យូរៗទៅអាចធ្វើឱ្យសម្ភាធឈាមកើនឡើង និងអាចបណ្តាលឱ្យខូចបេះដូង។

(៩) ស្ត្រេស៖ កម្រិតស្ត្រេសអាចធ្វើឱ្យសម្ពាធឈាមកើនឡើង ហើយប្រសិនបើយើងស្ត្រេស តានតឹងរ៉ាំរ៉ៃ នោះឪកាសនៃជំងឺលើសឈាម បេះដូង និងដាច់សរសៃឈាមខួរក្បាលនឹងកាន់តែខ្ពស់។

(១០) ជំងឺរ៉ាំរ៉ៃមួយចំនួនក៏អាចបង្កើនហានិភ័យនៃជំងឺលើសឈាមដូចជាជំងឺតំរងនោម ទឹកនោមផ្អែម។ ស្ត្រីមានផ្ទៃពោះក៏អាចប្រឈមនឹងជំងឺលើសឈាមផងដែរ។

ទោះជាជំងឺលើសឈាមគ្រោះថ្នាក់ខ្លាំង តែជំងឺនេះអាចត្រូវបានរកឃើញយ៉ាងងាយស្រួល។ ដូចនេះ នៅពេលដែលអ្នក ឫសមាជិកគ្រួសារមានជំងឺលើសឈាម សូមធ្វើការពិនិត្យតាមដានជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាល និងគ្រប់គ្រងស្ថានភាពសុខភាពបានល្អ និងមានសុវត្ថិភាព៕

ដោយ ហៃ សុចិន្តា

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia