នៅក្នុងប្រទេសវៀតណាមបុរសវ័យ ៦២ ឆ្នាំម្នាក់ ចេះតែមានអាការៈឈឺពោះ និងរាគ គាត់តែងគិតថាជាបញ្ហាធម្មតាប៉ុន្តែក្រោយទៅមន្ទីរពេទ្យវេជ្ជបណ្ឌិតបានរកឃើញថាគាត់មាន ជំងឺមហារីកបំពង់អាហារ និង ពោះវៀនធំ ក្នុងពេលតែមួយ។ នេះបើតាមសារព័ត៍មានក្នុងស្រុកប្រទេសវៀតណាម vnexpress នៅថ្ងៃទី 14 ខែតុលា អ្នកជំងឺត្រូវបានសម្រាកព្យាបាលក្នុងស្ថានភាពអស់កម្លាំង និងមិនសូវឃ្លានអាហារ។
ហើយជាលទ្ធផលនៃការស្គេន CT បានរកឃើញដំបៅសាហាវចំនួនពីរគឺ៖ ដុំសាច់មួយនៅក្នុងបំពង់អាហារ និងដុំសាច់មួយទៀតមានទំហំប្រហែល ៥ សង់ទីម៉ែត្រ នៅក្នុងពោះវៀនធំ។ ដោយប្រឈមមុខនឹងករណីស្មុគស្មាញបែបនេះ ក្រុមវេជ្ជបណ្ឌិតបានអនុវត្តន៍ការវះកាត់តាមរយៈបច្ចេកទេស Endoscopic ដើម្បីយកដុំសាច់នៅក្នុងបំពង់អាហារចេញ។ ហើយបានដឹងថាវាជា មហារីកកោសិកា squamous នៅដំណាក់កាលដំបូង។ បន្ទាប់មក អ្នកជំងឺត្រូវបានបន្តវះកាត់ laparoscopic ដើម្បីយកដុំសាច់នៅតំបន់ sigmoid របស់ពោះវៀនធំ។
បន្ទាប់ពីការវះកាត់ទាំងពីរនេះរួច អ្នកជំងឺត្រូវបានចាប់ផ្តើមព្យាបាលបន្ថែមដោយ គីមី (chemotherapy) ដើម្បីបំផ្លាញកោសិកាមហារីកដែលនៅសេសសល់ និងបន្ថយហានិភ័យនៃការកើតឡើងវិញ។ តាមការពន្យល់របស់អ្នកជំនាញ វិធានការព្យាបាលទាន់ពេលគឺសំខាន់ណាស់ ពីព្រោះទាំង មហារីកបំពង់អាហារ និង មហារីកពោះវៀនធំ សុទ្ធតែជាជំងឺដែលមានអត្រាមរណៈខ្ពស់នៅប្រទេសវៀតណាម។
បញ្ហាគឺរោគសញ្ញាដំបូងរបស់វាមិនសូវបង្ហាញឱ្យឃើញច្បាស់ទេជាហេតុធ្វើឱ្យមនុស្សមួយចំនួនតែងមើលរំលង។ ហើយអាការៈទាំងនោះមានដូចជា៖ ឈឺពោះ រាគ ឬការស្រកទម្ងន់ដែលមិនដឹងមូលហេតុ។ ជារឿយៗ មនុស្សទៅពិនិត្យនៅពេលដែលជំងឺស្ថិតក្នុងដំណាក់កាលចុងក្រោយ ដែលធ្វើឱ្យការព្យាបាលកាន់តែពិបាក។
វេជ្ជបណ្ឌិតណែនាំថា អ្នកសដែលមានអាយុលើសពី ៤០ ឆ្នាំ ឬមានប្រវត្តិក្នុងគ្រួសារដែលមានមហារីក គួរតែធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំ ជាពិសេសការពិនិត្យ ក្រពះ និងពោះវៀន។ ប្រសិនបើមានរោគសញ្ញាដូចជា ពិបាកលេប អាហារមិនរំលាយល្អ លាមកមានឈាម ឬស្រកទម្ងន់ដោយមិនដឹងហេតុ គួរតែទៅជួបវេជ្ជបណ្ឌិតភ្លាមៗ ដើម្បីទទួលការពិនិត្យតាមវិជ្ជាជីវៈ៕
អត្ថបទដោយ៖ សារួ