ជំងឺ
បើមិនចង់រកលុយសម្រាប់តែលាងឈាម នេះជារឿងធំៗដែលអ្នកត្រូវចៀសដាច់ខាត
Pov Saru
October 17 2025
249 views

តម្រងនោម គឺជាសរីរាង្គសំខាន់មួយដែលមានតួនាទីចម្រោះឈាម បន្សាបជាតិពុល និងរក្សាតុល្យភាពទឹកនិងអំបិលក្នុងរាងកាយ។ តែវាក៏ងាយរងនូវផលប៉ះពាល់ខ្លាំងដែរ បើយើងមិនយកចិត្តទុកដាក់ក្នុងការការពារ។ តាមរយៈ National Kidney Foundation មានទម្លាប់ប្រចាំថ្ងៃ ៦ ដែលកំពុងបំផ្លាញតម្រងនោមអ្នក និងគួរចៀសវាងឱ្យខានតែបាន៖

១. កុំប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនពេក៖ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ អាចជួយបំបាត់ការឈឺចាប់បណ្តោះអាសន្ន ប៉ុន្តែបើប្រើញឹកញាប់ ឬប្រើក្នុងរយៈពេលវែង វាអាចបង្កការខូចខាតដល់តម្រងនោមបាន។ ប្រសិនបើអ្នកមានជំងឺតម្រងនោមស្រាប់ អ្នកគួរតែប្រុងប្រយ័ត្នជាងមុន និងប្រើថ្នាំតាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។

២. បញ្ឍប់ការញុំាអាហារកែច្នៃ៖ ពពួកអាហារទាំងនេះជាអាហារដែលមានសារធាតុបន្ថែមដូចជា ស្ករ សូដ្យូម និងខ្លាញ់មិនល្អច្រើន ខណៈដែលសារធាតុចិញ្ចឹមសំខាន់ៗវិញមានតិច។ ការសិក្សាឆ្នាំ ២០២២ បង្ហាញថា អ្នកដែលញ៉ាំអាហារកែច្នៃច្រើន មានហានិភ័យនៃការកើតជំងឺតម្រងនោមកើនឡើងដល់ ២៤%។ ដូច្នេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់ញុំាអាហារធម្មជាតិឱ្យបានច្រើនដូចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ។ 

៣. ផឹកទឹកមិនបានគ្រប់គ្រាន់៖ ទឹកជួយឱ្យតម្រងនោមចម្រោះឈាម និងដកកាកសំណល់ចេញពីរាងកាយ។ បើរាងកាយខ្វះជាតិទឹក វាអាចបង្កឱ្យមានការខូចខាតក្នុងតម្រងនោម ឬបង្កឱ្យកើតគ្រួសក្នុងតម្រងនោម។ អ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់អាច ២.៥ ទៅ ៣ លីត្រក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកមានជំងឺតម្រងនោមស្រាប់ គួរសួរគ្រូពេទ្យអំពីបរិមាណទឹកសមរម្យសម្រាប់ខ្លួន។

៤. ចូលគេងមិនទៀងទាត់ ឬមិនសូវបានគេង៖ នេះគឺជាផ្នែកមួយដែលអាចប៉ះពាល់ដល់តម្រងនោម។ បើអ្នកគេងយប់ៗជ្រៅជាប្រចាំ ឬគេងមិនបានគ្រប់ម៉ោង វាអាចរំខានដល់ការស្ដារខ្លួនរបស់កោសិកាតម្រងនោម និងបណ្ដាលឱ្យមុខងារតម្រងនោមថយចុះតាមពេលវេលា។

៥. កុំញុំាជាតិស្ករច្រើន៖ ព្រោះជាតិស្ករជាមូលហេតុចម្បងនៃភាពធាត់ ដែលអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលអាចធ្វើឱ្យកើតទៅជាជំងឺតម្រងនោមដូចគ្នា។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នពេលទិញអាហារវេចខ្ចប់ និងអានស្លាកគ្រឿងផ្សំនៅលើផលិតផល ដើម្បីកាត់បន្ថយស្ករពីរបបអាហារ។

៦. កាត់បន្ថយ ឬបញ្ឍប់ការជក់បារី៖ សម្រាប់អ្នកចូលចិត្តជក់បារីច្រើនងាយប្រឈមនឹងកើតជំងឺតម្រងនោមណាស់ ព្រោះវាធ្វើឱ្យសរសៃឈាមតូចៗនៅក្នុងតម្រងនោមខូច ធ្វើឱ្យការចម្រោះឈាមមានការចុះអន់ថយ និងអាចបង្កឱ្យមានប្រូតេអ៊ីនលេចចេញក្នុងទឹកនោម។ មិនត្រឹមតែការជក់បារីទេ ការផឹកស្រាច្រើនក៏ធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដែរ ព្រោះជាតិអាល់កុលធ្វើឱ្យរាងកាយខ្សោះជាតិទឹក បង្កឱ្យតម្រងនោមធ្វើការច្រើនជាងធម្មតា។ ប្រសិនបើអ្នកផឹកស្រាច្រើនជាប្រចាំ វាអាចបង្កឱ្យសម្ពាធឈាមឡើង និងប៉ះពាល់ដល់ថ្លើម ដែលទាំងពីរនេះជាភ្នាក់ងារបំផ្លាញតម្រងនោមយ៉ាងខ្លាំង។

ដើម្បីឱ្យតម្រងនោមរបស់អ្នកមានសុខភាពល្អ មិនមែនជារឿងដែលពិបាកទេព្រោះគ្រប់យ៉ាងចាប់ផ្ដើមពីខ្លួនឯងដូចជាការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃតូចៗដូចជា ផឹកទឹកឱ្យបានគ្រប់គ្រាន់ ចូលគេងទៀងទាត់ ញ៉ាំអាហារមានសុខភាពល្អ និងចៀសវាងការជក់បារីនិងផឹកស្រា។ តម្រងនោមរបស់អ្នកជាធម្មតាវាធ្វើការ ២៤ ម៉ោងក្នុងមួយថ្ងៃដូច្នេះវាក៏ត្រូវការការពារពីអ្នកដូចគ្នា។ ក្រៅពីការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃទាំងនេះ ការទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញក៏ជាអ្វីដែលអ្នកត្រូវតែធ្វើដូចគ្នា៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 65

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia