អាហារពេលព្រឹកពិតជាសំខាន់ចំពោះសុខភាពណាស់។ បើអ្នកមានសុខភាពខ្សោយ ហ៊ានខ្វះអាហារពេលព្រឹក សុខភាពកាន់តែបាក់លើសដើម។ និយាយទៅ! អាហារពេលព្រឹកមួយចំនួនមិនល្អសម្រាប់ក្រលៀនទេ។ មានអ្នកខ្លះខូចក្រលៀនដោយអត់ដឹងខ្លួនទេព្រោះហូបអាហារខុសនេះឯង។ អាហារ ៤នេះបំផ្លាញក្រលៀនអ្នកលៀនបំផុត៖
១. អាហារកែច្នៃជាជម្រើសអាហារពេលព្រឹករហ័សទាន់ចិត្ត ហើយងាយស្រួលមានដូចជា នំកញ្ចប់ មីកញ្ចប់ ហតដក...។ តាមលោក Rudy Tanzi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវេជ្ជសាស្ត្រ Harvard បានលើកឡើងថា សម្រាប់អាហារកែច្នៃនេះមានជាតិស្ករ អំបិល និងជាតិខ្លាញ់លើសកម្រិតជាកត្តាបង្កការរលាក បញ្ហាខួរក្បាល និងជាហេតុអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមយ៉ាងរហ័ស។ ជំនួសមកវិញ ចូរអ្នកហូបអាហារពេលព្រឹកធ្វើដោយខ្លួនឯងជាមួយបន្លែស្រស់ៗ ហូបផ្លែឈើ ត្រី ស៊ុត និងគ្រាប់ធញ្ញជាតិបន្តិច ក៏ល្អដល់រាងកាយ និងក្រលៀនដែរ។
២. សាច់កែច្នៃ ដូចជាប្រហិត សាច់ក្រក និងសាច់ជ្រូកគេកែច្នៃទុកយូរជារឿយៗ ត្រូវបានគេបរិភោគជាអាហារពេលព្រឹក ប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់ក្រលៀនរបស់អ្នក។ យោងតាមគេហទំព័រ WebMD បានចុះផ្សាយថា ការប្រើប្រាស់សាច់កែច្នៃខ្ពស់មានបញ្ហាដល់ក្រលៀនរ៉ាំរ៉ៃ មកពីវាមានជាតិកាសូដ្យូម និងផូស្វ័រខ្ពស់ដែលបង្កើនដល់សម្ពាធឈាម ។ ហើយសាច់កែច្នៃក៏មានរក្សាសារធាតុ nitrates និង nitrites បង្កបញ្ហាដលល់ក្រលៀនកាន់តែខ្លាំងឡើង។
៣. គ្រាប់ធញ្ញជាតិដែលសម្បូរស្ករច្រើន និងសារធាតុបន្ថែមសិប្បនិម្មិតជាកត្តាជះឥទ្ធិពលអវិជ្ជមានដល់សុខភាពក្រលៀន។ ព្រោះជាតិស្ករលើសជាការរួមចំណែកដល់ការធាត់ និងធន់នឹងអាំងស៊ុយលីនជាកត្តាហានិភ័យចម្បងជំងឺក្រលៀន។ ជំនួសមកវិញជាមួយនឹងគ្រាប់ធញ្ញជាតិគ្មានការលាយជាតិស្ករដូចជា គ្រាប់អាល់ម៉ុន គ្រាប់រីករាយ គ្រាប់កៅឡាក់ គ្រាប់ walnut និងសណ្ដែកដី សុទ្ធតែផ្តល់ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ដើម្បីរក្សាមុខងារតម្រងនោមឱ្យមានសុខភាពល្អ ឈាមដំណើរការស្រួល។ យោងតាមគេហទំព័រ WebMD ។
៤. ភេសជ្ជៈគ្រឿងកំប៉ុងផ្អែមៗ និងនំដូណាត់ដែលមានជាតិស្ករ ខ្លាញ់មិនល្អ និងកាបូអ៊ីដ្រាតលើសកម្រិត វាបណ្តាលឱ្យរាងកាយអ្នកកើនឡើងជាតិស្ករក្នុងឈាម រួមចំណែកដល់ការធាត់ និងធ្វើឱ្យខូចក្រលៀនរបស់អ្នកដោយអត់ដឹងខ្លួនទេ។ បើគិតពីសុខភាពក្រលៀន ចូរអ្នកគួរហូបអាហារពេលព្រឹក ហូបផ្លែប័រ ផ្លែប៉ោម និងទឹកដូង ដើម្បីជួយថែរក្សាសុខភាពក្រលៀនបានល្អណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព