ទម្លាប់ប្រចាំថ្ងៃរបស់យើងជាអ្នកកំណត់ការឡើងគីឡូ ឬស្រកគីឡូ និងជាអ្នកកំណត់សម្រស់កម្រចាស់ ឬចាស់ជាងវ័យ។ ដូចជាទម្លាប់ផឹកស្រា ខ្ចិលហាត់ប្រាណ និងហូបជាតិស្ករលើសកម្រិត សុទ្ធតែជាសញ្ញាធាត់ហើយ។ តាមលោកគ្រូ កែវ សំណាង ជាអ្នកចូលរួមការកាយវប្បកម្មអន្តរជាតិ និងជាគ្រូហាត់ប្រាណរាប់សិបឆ្នាំមកហើយលោកគ្រូបានបញ្ជាក់ថា ៣ទម្លាប់សំខាន់ខាងក្រោមនេះ ជួយអ្នកសម្រកគីឡូ និងរក្សាសម្រស់ឱ្យក្មេងជាងវ័យ។
តាមលោកគ្រូ កែវ សំណាង បានណែនាំថា មនុស្សយើងមិនខ្វះទម្លាប់ហាត់ប្រាណបានទេ ព្រោះវាជួយពង្រឹងរាងកាយ ការពារឡើងគីឡូ ជួយសម្រកគីឡូ ហើយថែសម្រស់ឱ្យក្មេងជាងវ័យផងដែរ។ មកពីការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយសរសៃឈាមបេះដូងរបស់មនុស្សយើងទេ គឺជួយដេញជាតិពុលចេញពីសរសៃឈាមឱ្យស្បែកនិងសម្រស់កាន់តែក្មេងជាងវ័យ។ ការធ្វើលំហាត់ប្រាណជាទម្លាប់សំខាន់ថែសម្រស់ និងប្រែកាយពីធាត់មករាងស្អាត”។
តាមការសិក្សាជាច្រើនក៏បានបញ្ជាក់ដែរថា ស្បែកកាន់តែចាស់ ពេលកាយរាងខ្វះជាតិទឹកហើយខូចដល់តម្រងនោមថែមទៀត។ តាមលោកគ្រូ សំណាង បានលើកឡើងថា អ្នកចង់សម្រកគីឡូ មិនគួរខ្វះជាតិខ្លួនក្នុងខ្លួននោះទេ។ មុនរាងកាយសម្រកគីឡូ រាងកាយយើងត្រូវការជាតិទឹកដើម្បីទប់លំនឹង។ យើងចាំបាច់ផឹកទឹកឱ្យបាន៤ទៅ៦លីត្រក្នុងមួយថ្ងៃសម្រាប់អ្នកហាត់ប្រាណ ធ្វើឱ្យសម្រស់របស់យើងមើលទៅមានសភាពភ្លឺថ្លា និងកម្ចាត់ជាតិខ្លាញ់ធ្វើឱ្យរាងកាយអ្នកឆាប់ប្លែកលឿន។” គាត់បានបន្ថែមថា “យើងមើលឃើញថា អ្នកខ្វះជាតិទឹកក្នុងខ្លួននាំឱ្យស្បែករាងស្ងួតៗ និងឆាប់ចាស់ជាងវ័យ។” សូម្បីលោកវេជ្ជបណ្ឌិតគួច ម៉េងលី ក៏មានប្រសាសន៍ដែរថា “បើអ្នកថែរក្សាសម្រស់ឱ្យស្អាត គ្មានមុខ និងស្បែកមានសំណើមនោះ អ្នកគួរតែផឹកទឹកឱ្យបានគ្រប់គ្រាន់(ចាប់ពី៤លីត្រឡើង)។ ព្រោះនៅក្នុងខ្លួនយើងត្រូវការជាតិទឹកប្រហែល៧០% ដើម្បីចិញ្ចឹមរាងកាយទាំងមូលនិងការពារជំងឺផងដែរ។
នៅសល់ទម្លាប់សំខាន់មួយទៀត គឺរបបអាហារនេះឯង។ តាមលោកគ្រូ កែវ សំណាង និយាយថា “ដើម្បីការពាររាងកាយរបស់យើង កុំឱ្យឡើងគីឡូ យើងត្រូវស្គាល់រាងកាយរបស់ខ្លួនត្រូវការរបបអាហារបែបណាសិន។ សម្រាប់អ្នកធាត់ និងអ្នកការពារឡើងគីឡូជាដំបូង គួរកាត់បន្ថយជាតិផ្អែម ជាតិប្រៃ ជាតិខ្លាញ់លើសកម្រិត និងជាតិអាកុល ប្តូរមកហូបបន្លែដូចជាការរ៉ុត ស្ពៃ ត្រសក់... ផ្លែឈើដូចជាប័រ ប៉ោម ចេក... និងត្រី ជាពពួកមានខ្លាញ់ទាប(បាយមួយចាន បន្លែ សាច់ និងត្រី )។ ដើម្បីឱ្យការហូបបានល្អ យើងហូបតាមតម្រូវការរាងកាយ (កុំហូបឱ្យឆ្អែតពេក)។” យើងហូបអាហារឱ្យល្មម ដល់ពេលហាត់ប្រាណរាងកាយរបស់យើងបានប្រើប្រាស់ជាតិអាហារបានអស់ កុំឱ្យគីឡូង និងជួយសម្រកគីឡូ ឬកម្ចាត់ជាតិខ្លាញ់ក្បាលពោះមានប្រសិទ្ធភាពបំផុត៕ លោកគ្រូ កែវ សំណាង(Clay Tk) អត្ថបទដោយ៖ ទ្រ សុភាព