កុមារ
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
Pov Saru
October 20 2025
1.6 K views

ឪពុកម្ដាយជាច្រើនតែងនិយាយកុហកទៅកាន់កូនរបស់ខ្លួនចំពោះរឿងតូចៗព្រោះចង់ឱ្យកូនមានភាពរីករាយ ហើយគិតថាការនិយាយកុហកចំពោះរឿងតូចតាចបែបនេះវាមិនអាក្រក់។ ពេលខ្លះ ឪពុកម្តាយនិយាយពាក្យទាំងនោះដោយចេតនាល្អ ដើម្បីការពារកូន ឬជំរុញឱ្យពួកគេប្រព្រឹត្តទង្វើរល្អៗ។ ប៉ុន្តែជាក់ស្ដែង វាអាចបង្កផលប៉ះពាល់ផ្ទុយវិញ ដោយមិនដឹងខ្លួន។ វេជ្ជបណ្ឌិត Juli Fraga  គឺជាចិត្តវិទូបានណែនាំថា ប្រសិនបើចង់អភិវឌ្ឍកូនឱ្យមានភាពចេះដឹង ឆ្លាតវៃ និងមានភាពជោគជ័យសម្រាប់ជីវិតឪពុកម្តាយគួរឈប់និយាយពាក្យទាំង ៦ឃ្លានេះទៅកាន់កូន៖

១. “ប្រសិនបើកូនដាក់ចិត្តលើវា កូននឹងអាចសម្រេចបានអ្វីគ្រប់យ៉ាង”៖ ឃ្លានេះស្តាប់ទៅដូចជាការលើកទឹកចិត្ត ប៉ុន្តែវាអាចបង្កផលប៉ះពាល់ផ្ទុយមកវិញ។ កុមារអាចជឿថា មានតែពួកគេខំឱ្យខ្លាំងប៉ុណ្ណោះទើបអាចសម្រេចបានជោគជ័យ។ ហើយនៅពេលណាពួកគេជួបភាពបរាជ័យពួកគេនឹងងាយបាក់ចិត្ត ហើយចាប់ផ្ដើមបន្ទោសខ្លួនឯង។ ជំនួសមកវិញ ឪពុកម្តាយគួរបង្ហាញកូនថា ភាពជោគជ័យមានន័យថា “ក្លាហានក្នុងការព្យាយាម” មិនមែន “គ្រប់គោលដៅត្រូវតែឈ្នះ” ទេ។ ការបង្ហាញសេចក្តីអត់ធ្មត់ និងការរៀនពីបទពិសោធន៍ គឺជាគន្លឹះដ៏សំខាន់ក្នុងការលូតលាស់។

២. “កុំអាត្មានិយម”៖ ពាក្យនេះគេប្រើញឹកញាប់ដើម្បីបង្រៀនកុមារឱ្យចេះគោរពអ្នកដទៃ ប៉ុន្តែវាអាចធ្វើឱ្យកុមារមិនយល់ពីតម្លៃនៃការថែរក្សាខ្លួនឯង។ ការដាក់អាទិភាពលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួន មិនមែនជារឿងអាក្រក់ទេ។ នេះហៅថា “ភាពអាត្មានិយមដែលមានសុខភាពល្អ”។ កុមារដែលដឹងថាតម្លៃខ្លួនឯងមានសារៈសំខាន់ នឹងមានទំនុកចិត្តខ្លាំង និងអាចសហការជាមួយអ្នកដទៃបានល្អជាងមុន។

៣. “កូនត្រូវគិតតែរឿងវិជ្ជមាន”៖ ឪពុកម្តាយចង់ឱ្យកូនគិតវិជ្ជមាន ប៉ុន្តែការបង្ខំឱ្យ “គិតវិជ្ជមានគ្រប់ពេល” អាចធ្វើឱ្យកុមារមានអារម្មណ៍ខ្មាស់អៀនក្នុងការបង្ហាញអារម្មណ៍ដូចជា ភាពភ័យខ្លាច ឬអារម្មណ៍ដែលសោកសៅ។ ពួកគេអាចយល់ឃើញថាការបង្ហាញអារម្មណ៍បែបនេះមិនមែនជារឿងល្អទេ ហើយចាប់ផ្ដើមលាក់ទុកវានៅក្នុងចិត្តតែម្នាក់ឯង។  ជំនួសវិញ ឪពុកម្តាយគួរអនុញ្ញាតឱ្យកូនដឹងថា “វាមិនអីទេក្នុងការបង្ហាញអារម្មណ៍ទាំងនេះចេញមកក្រៅ”។ ជីវិតរបស់មនុស្សយើងគឺប្រៀបដូចជាពេលវេលាវិលចុះវិលឡើងមានពេលភ្លឺ ហើយក៏មានពេលងងឹតដែរ។ ការទទួលស្គាល់អារម្មណ៍ខ្លួនឯងនឹងជួយបណ្តុះសមត្ថភាពផ្លូវអារម្មណ៍ និងភាពធន់របស់កូន។ 

៤. “កូនអាចធ្វើវាដោយខ្លួនឯងបាន”៖ ឃ្លានេះលើកទឹកចិត្តឱ្យកូនមានឯករាជ្យភាព ប៉ុន្តែប្រសិនបើប្រើមិនត្រឹមត្រូវ វាអាចធ្វើឱ្យកុមារគិតថា ការសុំជំនួយគឺជាសញ្ញានៃភាពទន់ខ្សោយ។ ជំនួសវិញ ឪពុកម្តាយគួរបង្រៀនកូនថា ឯករាជ្យភាព និងការសុំជំនួយអាចមានរួមគ្នាបាន។ 

៥. “កូនធំហើយ កុំយំ”៖ សង្គមមួយចំនួនជឿថា ការយំជាសញ្ញានៃភាពទន់ខ្សោយ។ តែជាក់ស្ដែង ការយំជាវិធីធម្មជាតិនៃការបញ្ចេញអារម្មណ៍ និងការស្ដារសមតុល្យផ្លូវចិត្ត។ ពេលឪពុកម្តាយហាមកូនមិនឱ្យយំ គឺមានន័យថាពួកគេឱ្យលាក់អារម្មណ៍ខ្លួនឯង។ ជំនួសវិញ អ្នកគួរប្រាប់កូនថា “យំបាន មិនអីទេ” ហើយជួយពួកគេឱ្យយល់ថា អារម្មណ៍គ្រប់ប្រភេទសុទ្ធតែសមរម្យ ដែលពួកគេត្រូវតែទទួលស្គាល់វាហើយហ៊ានបញ្ចេញវាមកនៅពេលដែលពួកគេចង់បញ្ចេញ។

៦. “ភាពស្មោះត្រង់តែងតែជាជម្រើសល្អបំផុត”៖ ភាពស្មោះត្រង់គឺជាតម្លៃដ៏សំខាន់ ប៉ុន្តែមិនមានន័យថា ត្រូវនិយាយត្រង់គ្រប់ស្ថានភាពទាំងអស់ទេ។ ពេលខ្លះ ការនិយាយកុហកចំពោះរឿងតូចៗ គឺដើម្បីការពារអារម្មណ៍អ្នកដទៃ អាចជាវិធីបង្ហាញមេត្តា។ ឧទាហរណ៍៖ បើអ្នកមិនចូលចិត្តម្ហូបរបស់នរណាម្នាក់ អ្នកមិនគួរនិយាយថា វាមិនឆ្ងាញ់បែបត្រង់ៗទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃដោយមិនដឹងខ្លួន។ ក្នុងនាមជាឪពុកម្ដាយគួរបង្រៀនកូនឱ្យយល់ពីភាពខុសគ្នារវាង “ភាពស្មោះត្រង់” និង “ការយកចិត្តទុកដាក់” នេះជាវិធីបណ្តុះភាពចេះគិត និងយល់ចិត្តអ្នកដទៃ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia