នៅក្នុងប្រទេសកម្ពុជាយើង ជាទូទៅប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់ចំពោះសុខភាពខ្លាំងប៉ុន្មាននោះទេ ជាពិសេសយុវវ័យតែម្តង ដល់ពេលធ្លាក់ខ្លួនឈឺតាំងស្ដាយក្រោយ។ ប៉ុន្តែប្រសិនបើយុវវ័យដាក់ចិត្តធ្វើរឿង ៥ នេះជាប្រចាំសុខភាពរបស់អ្នកច្បាស់ជាលែងសូវឈឺរួមមាន៖
-ឧស្សាហ៍ពិនិត្យសុខភាព៖ លោកវេជ្ជបណ្ឌិល ឈាង ស៊ីដេត ឯកទេស ជំងឺ ក្រពះ ពោះវៀន ថ្លើម និងឫសដូងបាត ប្រធានប្រតិបត្តិនៃមន្ទីរសំរាកព្យាបាលឯកទេស អេគីប បានមានប្រសាសន៍ សម្រាប់ការពិនិត្យសុខភាពទូទៅ យើងគួរពិនិត្យចន្លោះពី ៦ខែ ទៅ ១ឆ្នាំម្តង ដើម្បីការពារអ្នកទាំងអស់ពីជំងឺកាចសាហាវណាមួយដែលយើងមើលពុំឃើញនឹងភ្នែក។
-ទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ៖ ការទម្លាប់ហាត់ប្រាណជាប្រចាំអាចជួយការពារអ្នកពីការឆ្លងជំងឺនានា។ អ្នកគួរតែកំណត់សកម្មភាពធ្វើលំហាត់ប្រាណជាមធ្យម១៥០នាទីក្នុងមួយសប្ដាហ៍ដូចជា ការរត់ ការដើរ និងជិះកង់ជាដើម។
-ទម្លាប់គេងឱ្យបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់បង្កឱ្យអ្នកកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺធាត់ និងជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះអ្នកគួរតែគេងឱ្យបានយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយថ្ងៃ។
-ញុំាអាហារសុខភាពជាប្រចាំ៖ ការញុំាអាហារសុខភាពជាប្រចាំជួយឱ្យអ្នកចៀសឆ្ងាយពីជំងឺគាំងបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ ដូច្នេះអ្នកគួរជ្រើសរើស ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ត្រី និងទឹកដោះគោរ។ សម្រាប់អាហារដែលអ្នកគួរចៀសវាងរួមមាន អាហារសម្បូរជាតិខ្លាញ់ អាហារផ្អែម អាហារផ្អាប់ និងភេសជ្ជៈផ្អែមនានា។
-ដឹងពីប្រវត្តិសុខភាពគ្រួសារ៖ ប្រវត្តិសុខភាពគ្រួសារមានន័យថា គ្រួសាររបស់អ្នកធ្លាប់កើតជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺពុកឆ្អឹង។ អ៊ីចឹងអ្នកក៏អាចប្រឈមកើតជំងឺទាំងនោះដែរ។ ដូច្នេះប្រសិនបើអ្នកដឹងពីប្រវត្តិសុខភាពគ្រួសាររបស់អ្នកមុន អ្នកអាចធ្វើការពិនិត្យរកមើល និងធ្វើការព្យាបាលឱ្យទាន់ពេលវេលា។
អត្ថបទដោយ៖ Daddy_Rath