ទុក្ខរបស់មនុស្សធ្វើការមានអារម្មណ៍ប្រញាប់ប្រញាល់នាំតែមានកំហុស។ ធ្វើរឿងអ្វីមួយតែងមានក្តីរំពឹងខ្ពស់ចង់បានផល តែងតែនាំឱ្យខកចិត្តមានអារម្មណ៍ឈឺចាប់។ ខំធ្វើការតែគ្មានពេលសម្រាកទាំងរាងកាយទាំងចិត្ត ព្រោះអារម្មណ៍ដេញតាមសម័យទំនើបដូចជាទូរសព្ទ និងឧបករណ៍ជាច្រើន ធ្វើឱ្យការរស់នៅគ្មានសន្តិភាពសោះ។ តាមព្រះសង្ឃវៀតណាម Thich Nhat Hanh មានសង្ឍដីកាថា៖
“ចូរអ្នកធ្វើកិច្ចការអ្វីក៏ដោយ ធ្វើឱ្យយឺតៗ តាមសម្រួលរបស់ចិត្តដោយមានសតិសម្បជញ្ញៈ។ ប៉ុន្តែអ្នកកុំធ្វើកិច្ចការណាមួយ ដែលអ្នកមានគោលដៅរួចហើយ ធ្វើវាឱ្យហួសហេតុពេក(លើសកម្លាំងកាយ ឬចិត្ត)។ ចូរអ្នកដោះស្រាយការងារនីមួយៗ ដោយបន្ធូរអារម្មណ៍ និងផ្តោតអារម្មណ៍ក្នុងពេលតែមួយ។” ព្រះអង្គមានអត្ថន័យថា ធ្វើកិច្ចការអ្វីមួយធ្វើក្នុងពេលតែមួយ កុំផ្តោតអារម្មណ៍លើរឿងច្រើន ធ្វើរឿងមួយណាដាក់ចិត្តធ្វើរឿងមួយហ្នឹង។
ប្រសិនបើចិត្តរបស់យើង រស់នៅក្នុងល្បឿនលឿនពេក វានឹងធ្វើឱ្យយើងរស់នៅគ្មានក្តីសុខទេ។ នេះជាគោលការណ៍សាមញ្ញៗ តែមានខ្លឹមសារធ្វើឱ្យចិត្តមានក្តីសុខបំផុត។
១. ផ្តោលើរឿងសំខាន់៖ ពេលខ្លះជីវិតរបស់យើងវក់វីនឹងកិច្ចការងារពេកធ្វើឱ្យចិត្តយើងបាត់បង់ក្តីសុខ។ បើអ្នកកំពុងតែមានបញ្ហាបែបនេះ ចូរអ្នកគួរដកថយ មួយជំហានមកគិតថា តើអ្នកចង់ធ្វើអ្វីពិតប្រាកដ? តើអ្នកចង់ចំណាយពេលរបស់អ្នកជាមួយអ្នកណា? តើអ្នកចង់សម្រេចការងាររបស់អ្នកអ្វីខ្លះ? ពេលអ្នកដាក់សំនួរបែបនេះ ធ្វើឱ្យខួរក្បាលរបស់អ្នកចាប់ផ្តើមគិតរកចម្លើយ ហើយមានចម្លើយល្អៗ ជាមិនខានឡើយ។
២. មានការប្តេជ្ញាចិត្ត៖ ការរស់នៅរបស់យើងគ្មានក្តីសុខព្រោះតែយើងប្រើជីវិតប្រញ៉ាប់ប្រញាល់ពេក និងចង់ធ្វើរឿងគ្រប់យ៉ាងឱ្យសម្រេចលឿន រហូតបាក់ទឹកចិត្ត ឬលែងមានការប្តេជ្ញាចិត្តបន្តទៅទៀត។ ក្តីសុខកើតចេញពីការគិតថា ចូរអ្នករកកិច្ចការណាសំខាន់ទីមួយហើយស្រឡាញ់វាបំផុត ដើម្បីធ្វើការប្តេជ្ញាចិត្តដោយមានថាមពល។
៣. ចូរធ្វើតិចៗ តែបានផលធំ៖ ក្តីសុខកើតព្រោះតែអ្នករស់នៅតាមលំហូរចិត្តតាមក្តីស្រឡាញ់ មិនមែនតាមអារម្មណ៍ប្រញ៉ាប់ប្រញាល់នោះទេ តែអ្នកត្រូវព្យាយាមសម្រេចកិច្ចការតិចៗ ជាប្រចាំថ្ងៃ អ្នកនឹងឃើញលទ្ធផលតិចៗ គរដូចជាភ្នំជាមិនខាមឡើយ។ រស់តាមលំហូរ រស់តាមបណ្តាយទឹក។ ការរស់នៅតាមរបៀបនេះ ចិត្តអ្នកក៏មានក្តីសុខ។
៤. រីករាយ ពេលឥឡូវនេះ៖ ចូរបន្ថយល្បឿន ហើយរីករាយជាមួយរាល់កិច្ចការប្រចាំាំថ្ងៃរបស់អ្នក ។ នេះគឺជាគន្លឹះដ៏សំខាន់បំផុតនៅក្នុងអត្ថបទមួយនេះ។ រីករាយពេលព្រឹកដូចជា ក្រោកពីគេង ចាប់ផ្តើមងូតទឹក ដុសធ្មេញ ហូបអាហារ ...ធ្វើដំណើរមកកន្លែងការងារ។ ពេលអ្នកកំណត់កិច្ចការធ្វើមួយៗ បែបនេះ ជាគេហៅថា ការបន្ថយល្បឿន តែរស់នៅពេលឥឡូវនេះយ៉ាងរីករាយ៕ អត្ថបទដោយ៖ ទ្រ សុភាព