នៅក្នុងសង្គមរបស់យើងមានគ្រោះថ្នាក់ណាស់ បើអ្នកមិនចេះមើលមនុស្ស ការរាប់អានរបស់អ្នកភាគច្រើនជាការបោកប្រាស់តែប៉ុណ្ណោះ។ មានសម្តីមួយតែងនិយាយថា រាប់អានគ្នាប្រើតែភាពស្មោះត្រង់តែម្យ៉ាង អ្នកនឹងចាញ់កលគេជាមិនខាន។ ឥឡូវនេះ ខ្ញុំសូមលើកពីសាច់រឿងមួយរបស់លោក អ៊ីស៊ុប ជាទស្សនវិទូក្រិចថា នៅក្នុងព្រៃជ្រៅមួយ មានខ្លាឃ្មុំធំមួយក្បាល វាពូកែអួតណាស់ថា ខ្លួនជាសត្វមានគុណធម៌ មានមេត្តាចំពោះសត្វលោកណាស់។ ការអួតអាងពីសន្តានដែលមានមេត្តាធម៌បែបនេះជាប្រចាំ។
ហើយមានពេលមួយខ្លាឃ្មុំបានជួបសត្វឆ្កែព្រៃមួយក្បាលជាសត្វឆ្កែកាចសាហាវខ្លាំងណាស់។ ហើយសត្វខ្លាឃ្មុំបាននិយាយថា យើងជាខ្លាឃ្មុំមានគុណធម៌! ចំពោះឯងវិញគួរតែឈប់ប្រព្រឹត្តអំពើកាចឃោរឃៅជាមួយនឹងសត្វតូចតាចបន្តទៀតទៅ! ហើយយកគំរូតាមខ្ញុំទៅ។ ទោះបីខ្ញុំមានរូបរាងធំសម្បើមក៏ដោយ តែខ្ញុំមានបេះដូងមេត្តាធម៌ចំពោះសត្វតូចតាចណាស់។(លក្ខណៈសម្គាល់៖ បង្ហាញខ្លួនជាបុគ្គលអស្ចារ្យ ពីក្រោកខ្នងបោកគេទេ។ មួយទៀត ពីមុខយើងអស្ចារ្យណាស់ ពេលមកបោកយើង ធ្វើនិយាយដូចជារឿងបន្ទាន់ភ្លាមៗ ដើម្បីឱ្យយើងជួយឬខ្ចីលុយជាដើម...)
ពេលខ្លាឃ្មុំនិយាយចប់ហើយ ឆ្កែព្រៃក៏បោះសម្តីចំអកមកវិញថា(ខ្លាឃ្មុំ)ឯងមិនគួរប្រញាប់និយាយក្នុងពេលនេះទេ ចាំពេលណាឯងឃ្លានខ្លាំង ឯងនឹងស៊ីតែគម្រង់សត្វឬមនុស្សដែលងាប់ស្រាប់ ឬស៊ីតែផ្លែឈើដោយមិនរវីរវល់នឹងជីវិតសត្វដទៃដែរទេ? ចាំឯងមកអួតពីរឿងគុណធម៌របស់ឯងណា! នេះជាការបញ្ជាក់ថា មនុស្សមួយប្រភេទនេះគឺមនុស្សអួតនិយាយយកមុខថាខ្លួនល្អតែពីក្រោយខ្នងមានលកល្បិចច្រើនណាស់។ មនុស្សដែលបោកប្រាស់គេ ភាគច្រើនតែងតែនិយាយថា ខ្លួនល្អ ខ្លួនស្មោះត្រង់ និងប្រាប់ពីក្តីលំបាកឱ្យគេអាណិតខ្លួន ឱ្យអ្នកជឿទុកចិត្តគេហើយ ធ្វើស៊ីគេតែងម្តង ដូចជាសត្វខ្លាឃ្មុំអ៊ីចឹងដែរ។ ជាពិសេសរឿងខ្ចីលុយតែម្តង ក្រៅពីមនុស្សទុកចិត្តបំផុត កុំឱ្យខ្ចីឱ្យសោះ។ ព្រោះមនុស្សបែបនេះ មករកខ្ចីលុយយើងនិយាយល្អណាស់ ពេលខ្ចីបានហើយ គឺចប់ហើយ។
មានគតិបណ្ឌិតមួយបានពោលថា “អ្នកដែលមានគុណធម៌ពិតប្រាកដ ទោះបីគេមិននិយាយក៏ដោយ ក៏ដឹងថាអ្នកមានគុណធម៌តាមរយៈទង្វើរដែរ។ ចំណែកអ្នកគ្មានគុណធម៌ពិតវិញ ខំបំប៉ោងខ្លួនឱ្យគេដឹងថាខ្លួនមានគុណធម៌”៕ អត្ថបទដោយ៖ ទ្រ សុភាព