ពេលអ្នកធ្វើការប្រៀបធៀបគ្នាជាមួយអ្នកដទៃ អ្នកក៏មានទុក្ខលំបាកផ្លូវចិត្ត។ ពេលអ្នករស់នៅសុខស្រួលគ្មានការងារធ្វើក៏មានទុក្ខលំបាកផ្លូវចិត្ត។ ពេលអ្នករស់នៅចង់ល្អឥតខ្ចោះពេកក៏មានក្តីទុក្ខផ្លូវចិត្តដូចគ្នាដែរ។ តើការរស់នៅបែបណានាំចិត្តរបស់អ្នកមានក្តីសុខមានសុភមង្គល? តាមលោកស្រី Chin Ning Chu ជាទស្សនវិទូសញ្ជាតិតៃវ៉ាន់បានបញ្ជាក់ថា ការរស់នៅមានក្តីសុខរបស់មនុស្សលោកយើងនេះ គឺរស់តាមធម្មជាតិដែលមិនមែនរស់តាមភាពល្អឥតខ្ចោះនោះទេ។ គឺរស់តាមធម្មជាតិ មិនមែនតាមទំនើងចិត្តនោះទេ”។ លោកស្រីបានលើករឿងខ្លីមួយថា៖
នៅប្រទេសឥណ្ឌាពីសម័យបុរាណមានព្រះសង្ឃវ័យក្មេងមួយក្រុមកំពុងមើលគ្រូរបស់ខ្លួនធ្វើនំចាបប៉ាទី។ ហើយលោកគ្រូក៏យកវែកមកដួសម្សៅចាក់ចូលទៅក្នុងខ្ទះក្តៅ ហើយឃើញពង្រាយវាពេញបាតខ្ទះឱ្យចេញរាងជារង្វង់មូល។ នៅពេលនំក្លាយរូបរាងហើយ គ្រូក៏បានបញ្ចេញស្នាមញញឹមហើយនិយាយថា វាពិតជាល្អឥតខ្ចោះមែន!
មានសិស្សម្នាក់ៗ គិតឆ្ងល់ថា នំចាបប៉ាទីនីមួយៗ មានទ្រង់ទ្រាយខុសៗគ្នា។ មាននំខ្លះខ្លោចត្រង់គែមជុំវិញ មាននំខ្លះក៏មិនសូវមូលល្អដែរ។ សិស្សម្នាក់ក៏សួរទៅលោកគ្រូថា នំទាំងអស់នេះល្អឥតខ្ចោះយ៉ាងម៉េចទៅបើនំចាបប៉ាទីត្រូវតែមានរាងមូល ហើយមិនគួរខ្លោចតាមគែមៗ នោះទេ? ហើយលោកគ្រូបានលើកនំចុងក្រោយគេចេញពីខ្ទះដាក់ក្នុងចានរបស់សិស្សម្នាក់នោះ វាមានរូបរាងដូចផ្លែឃ្លោកចឹង តែលោកគ្រូនៅតែនិយាយថា វាពិតជាល្អឥតខ្ចោះមែន!
ពេលយើងចេះរស់នៅក្នុងភាពមិនល្អឥតខ្ចោះជាមួយខ្លួនឯងដូចជានំនេះ អ្នកគ្មានសម្ពាធផ្លូវចិត្តនោះទេ។ ម្រាមដៃមានវែងមានខ្លី មនុស្សមានខ្ពស់មានទាប ដើមឈើមានធំមានតូច នេះជាច្បាប់ធម្មជាតិ។ ការរស់នៅជាប្រចាំថ្ងៃរបស់យើងតែងតែខ្នះខ្នែងខំកែច្នៃសភាពពិតរបស់ខ្លួនឱ្យដូចអ្នកដទៃខ្លាចគេរិះគន់ គេមើលងាយ។ ព្រោះតែយើងចង់ឱ្យអ្វីៗស្របទៅតាមគំនិតខ្លួនជានិច្ចថា វាត្រូវតែល្អឥតខ្ចោះ។ ហើយខ្ញុំត្រូវតែជាមនុស្សដូចគេ។ នេះជាលក្ខណៈពេលអ្នករស់នៅតាមចិត្តខ្លួនឯង ឱ្យវាល្អដូចគេ តែវាធ្វើឱ្យជីវិតរបស់អ្នកកាន់តែរងសម្ពាធខ្លាំងឡើង។
តាមលោក ចូសេហ្វ បារបេរ៉ា (Joseph Barbera) ជាអ្នកផលិតភាពយន្តគំនូរជីវចលរឿង “Tom and Jerry" គាត់បាននិយាយថា ពេលខ្លះជីវិតយើងកំពុងធ្វើដំណើរទៅមុខ វាអាចមើលទៅដូចជាមិនសូវល្អប៉ុន្មានទេ តែនៅពេលអ្នកងាកមើលទៅខាងក្រោយវិញ អ្នកក៏មើលឃើញពីភាពល្អឥតខ្ចោះជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព