អ្នកធាត់ព្រោះហូបអាហារតាមឃ្លាន ហើយខ្វះលំហាត់ប្រាណបន្ថែម នាំឱ្យកើនជាតិខ្លាញ់អាក្រក់មាននៅក្នុងខ្លួនច្រើនអាចបង្កឱ្យកើតជំងឺស្ទះសរសៃឈាម និងលើសជាតិស្ករក្នុងឈាម។ តាមវេជ្ជបណ្ឌិត Eric Berg លើកឡើងថា ពេលអ្នកសម្រកគីឡូ អ្នកបានកាត់ជំងឺច្រើនចេញពីក្នុងខ្លួនហើយ។ ជាពិសេសពេលអ្នកគេងលក់ស្រួល គីឡូក៏ស្រកដែរ។
តាម លោកវេជ្ជបណ្ឌិត Eric Berg បានបន្តថា រាងកាយរឹងមាំត្រូវការគេងឱ្យបានគ្រប់ចំនួនម៉ោង មួយថ្ងៃ ៨ម៉ោង ដើម្បីបង្កើតប្រព័ន្ធភាពសុំាឱ្យមាំ ហើយដុតកម្ចាត់ជាតិខ្លាញ់បានល្អបំផុត(អំឡុងពេលគេងលក់ស្កប់ស្កល់នោះ)។ បើអ្នកគេងបានត្រឹមតែ ៥ទៅ៦ម៉ោង នាំឱ្យឆាប់ចាស់លឿន(កោសិកាបាត់បង់) និងដុតជាតិខ្លាញ់បានផលតិច។ ព្រោះការគេងបានចំនួន ៨ម៉ោងនាំអារម្មណ៍ស្ងប់ នាំឱ្យអ្នកភ្ញាក់ពីគេងដោយមានអារម្មណ៍ស្រស់ស្រាយ ហើយមានថាមពលខ្លាំងជាងមុន។” ការគេងនេះ មិនទាន់គ្រប់គ្រាន់ទេ នៅមានអាហារល្អ ជួយដុតជាតិខ្លាញ់បន្ថែមទៀត។
យើងគួរតែកាត់បន្ថយអាហារជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែមចេញពីទម្លាប់ហូបអាហារជាប្រចាំថ្ងៃ ព្រោះរសជាតិទាំងបីនេះនាំគីឡូអ្នកកើនឡើង។ បើអ្នកសម្រកគីឡូមែន អ្នកគួរហូបអាហារតាមលោកវេជ្ជបណ្ឌិត Berg បញ្ជាក់ថា ការផឹកទឹកក្តៅជាមួយតែពេលព្រឹកជួយដុតជាតិខ្លាញ់។ ហើយអ្នកគួរតែបន្ថែមបន្លែ ត្រី និងផ្លែឈើឱ្យច្រើន ព្រោះពួកអាហារទាំងអស់នេះ សម្បូរសារជាតិ ប៉ូតាស្យូម វីតាមីន B និង A ដើម្បីកាត់បន្ថយការបង្កើតរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន។
ទោះបីរាងកាយយើងមានថាមពលខ្លាំង បើគ្មានលំហាត់ប្រាណទេ ជាតិខ្លាញ់មិនងាយស្រកទេ ឬទោះបីស្រកក៏ដោយ ក៏អ្នកឆាប់ឡើងគីឡូលឿនជាងមុនទៀត។ ការហាត់ប្រាណមានអត្ថប្រយោជន៍ ២យ៉ាងទីមួយជួយដុតខ្លាញ់ បញ្ចេញជាតិពុល និងទីពីរពង្រឹងរាងកាយឱ្យមាំប្រឆាំងនឹងជំងឺ។ លំហាត់ប្រាណដែលយើងអាចធ្វើបានមានដូចជាជិះកង់ រត់ ដើរ លើកទម្ងន់ និងហែលទឹក ល្អចំពោះសុខភាពបំផុត។ តាមលោកវេជ្ជបណ្ឌិត Eric Berg មានប្រសាសន៍ថា “ពេលយើងហាត់ប្រាណក្នុងកម្រិតស្រាល ឬមិនរហែកសាច់ដុំឱ្យបានគ្រប់គ្រាន់ទេ អ្នកមិនអាចសម្រកជាតិខ្លាញ់ក្បាលពោះបានទេ។” គាត់ចង់បញ្ជាក់ថា យើងគួរតែព្យាយាមហាត់ប្រាណឱ្យខ្លាំង ដើម្បីប្រើថាមពល និងដុតខ្លាញ់ស្រកឱ្យលឿនបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព