បើយោងតាមប្រភព Cambodia2023 ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែសនាវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែមិថុនា ដែលត្រូវនឹងថ្ងៃស្អែក នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។ ជាមួយការប្រកួតនេះ គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមលក្ខណៈសម្បត្ដិរៀងៗខ្លួន ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។
នៅក្នុងនោះដែរ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ក្រោយការខំប្រឹងជាច្រើន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ ឥលូវចូលដល់ទំព័រថ្មីមួយទៀត សម្រាប់លោកដែលទើបត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញ ដែលត្រូវរៀបចំថ្មីជាច្រើន ទាំងកលល្បិច យុទ្ធសាស្ដ្រ និងតាក់ទិចជាដើម ។ ប៉ុន្ដែលោកសង្ឃឹមថា នឹងប្រើពេលតិចជាងមុន ក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានលើកឡើងបន្ថែមទៀតថា ខ្ញុំបានមើលឃើញកីឡាករថ្មីៗជាច្រើន ដែលមានទេពកោសល ហើយកីឡាករចាស់ៗ ខ្ញុំធ្លាប់ស្គាល់ក៏រីកចម្រើនជាងមុន។ ខ្ញុំសូមអរគុណគ្រូបង្វឹកតាមក្លិបនីមួយៗ ដែលខំប្រឹងបង្ហាត់កីឡាករឱ្យយើងបានជ្រើសរើសមកចូលរួមជម្រើសជាតិ ។ ខ្ញុំមានសុទិដ្ឋិនិយម សម្រាប់កីឡាករ និងក្រុមរបស់យើង នឹងអាចធ្វើបានល្អ នាពេលខាងមុខ ឬនាពេលអនាគត។
គួរជម្រាបថា ចំពោះការប្រកួតមិត្តភាពជាមួយបង់ក្លាដែសលោកគ្រូបង្វឹកក្រុមចម្រើសជាតិកម្ពុជាបានលើកឡើងបន្ថែមថា ការប្រកួតដែលលំបាក ហើយជាការប្រកួតដែលត្រូវការប្រើប្រាស់កម្លាំង និងកាយសម្បទាខ្លាំង។ ក្រុមបង់ក្លាដែស ក៏មានគ្រូបង្វឹកល្អដូចគ្នា ។ ខ្ញុំគិតថា ជាការប្រកួតដែលតានតឹង ។ អ្វីដែលសំខាន់ គឺជាការប្រកួតដំបូង សម្រាប់ខ្ញុំ ក្នុងការចាប់ផ្ដើមថ្មី ក៏ដូចជាការរៀបចំថ្មី ។ ចឹងយើងសង្ឃឹមថា នឹងធ្វើបានល្អ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព៕