ប្រទេសកម្ពុជាបានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកទ្វីបអាស៊ីនៅឆ្នាំ២០២៩ (Asian Youth Games 2029) ដែលមានប្រទេសចូលរួមប្រកួតចំនួន៤៥ប្រទេស ។ ការសម្រេចចិត្តនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ក្រោមការដឹកនាំគណៈប្រតិភូរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានInsidethegames។
ប្រភពព័ត៌មានខាងលើនេះបានបញ្ជាក់ឲ្យដឹងទៀតថា ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងក្នុងស្ដាតកីឡាជាតិមរតកតេជោដែលមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់៦ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ ១៦៨ លានដុល្លារ។ ខណៈអត្តពលិកជិត ៣,០០០ នាក់មកពី៤៥ប្រទេសត្រូវបានគេរំពឹងថា នឹងមកចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៨ នៅក្នុងព្រឹត្តិការណ៍ Asian Youth Games នៅប្រទេសកម្ពុជា។
ឯកឧត្តម ថោង ខុន បានសាទរចំពោះការធ្វើជាម្ចាស់ផ្ទះដែលវាគឺជាឱកាសដ៏អស្ចារ្យ ហើយលោកបានព្យាករណ៍ថា ព្រឹត្តិការណ៍មួយនេះនឹងចូលរួមអភិវឌ្ឍបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធកីឡា និងកីឡានៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបដែលថា កម្ពុជាបានក្លាយជាទីប្រទេសទី៥ ដែលបានរៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកទ្វីបអាស៊ីនៅឆ្នាំ២០២៩ (Asian Youth Games 2029) ខណៈព្រឹត្តិការណ៍មួយនេះត្រូវបានធ្វើឡើងដំបូងនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០០៩ ៕
អត្ថបទដោយ៖ ស្រីណុច