អ្នកឧញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា មនុស្សយើងគ្រប់គ្នា នៅពេលឈានចូលដល់វ័យចំណាស់អ្វីៗក៏ប្រែប្រួលដែរតាំងពី រូបសម្រស់ កាយសប្បទា និងសុខភាពខាងក្នុង។ វ័យចំណាស់ជាវ័យមួយដែលមនុស្ស បាក់កម្លាំង ទន់ខ្សោយ ងាយប្រឈមជាមួយជំងឺបំផុត។ ដូច្នេះដើម្បីជួយដល់សុខភាព និងរាងកាយរឹងមាំល្អ ឈ្នះជំងឺផ្សេងៗគឺក្រុមមនុស្សវ័យចំណាស់ត្រូវតែពិសាវីតាមីន ៧ មុខនេះឱ្យបានជាប្រចាំ។
១. វីតាមីន D ៖ វីតាមីន D វាមានតួនាទីជួយឱ្យឆ្អឹងរបស់យើងរឹងមាំ ជាពិសេសគឺមនុស្សចាស់ ជួយឱ្យឆ្អឹងរឹងមាំ មិនចេះចុករោយ និងមិនងាយកោងឆ្អឹងផងដែរ។ របៀបនៃការញ៉ាំគឺញ៉ាំមួយថ្ងៃ១គ្រាប់ មុនឬក្រោយអាហារពេលព្រឹក ១ ទៅ ២ ម៉ោង។
២. វីតាមីន C ៖ មនុស្សចាស់គឺគេតម្រូវឱ្យញ៉ាំវីតាមីន C 500g មួយថ្ងៃ៣គ្រាប់ ពេលព្រឹក ថ្ងៃ និងល្ងាច ដើម្បីឱ្យជម្រុញប្រព័ន្ធការពារឱ្យខ្លាំង ស្បែកកាត់បន្ថយកុំឱ្យស្បែកជ្រីវជ្រួញ ជួយភ្នែកឱ្យភ្លឺថ្លា មិនងាយស្រវាំង។
៣. Omega 3 ៖ មានតួនាទីជួយភ្នែក ជំនួយដល់គន្លាក់ដៃជើង សម្រួលសរសៃ ជួយបេះដូង និងកាត់បន្ថយការកើតជំងឺផ្សេងៗ។
៤. Coenzyme Q10 ៖ មានតួនាទីជាប្រព័ន្ធការពារជំងឺផ្សេងៗជាពិសេសគឺជំងឺមហារីក។
៥. Multivitamin ៖ គឺជាវីតាមីនដែលជួយបំពេញសារធាតុចិញ្ចឹមឱ្យទៅរាងកាយ ពីព្រោះមនុស្សចាស់នៅពេលបរិភោគអាហារ ប្រព័ន្ធរំលាយអាហាររបស់គាត់មិនអាចរំលាយចម្រាញ់យកជីវជាតិបានល្អដូចក្មេងនោះទេ ដូច្នេះហើយទើបតម្រូវឱ្យគាត់ញ៉ាំ Multivitamin នេះដើម្បីបំពេញជីវជាតិបន្ថែម។
៦. វីតាមីន B ៖ ដើរតួនាទីជួយកោសិការខួរក្បាលមនុស្សចាស់ កុំឱ្យឆាប់ភ្លេចភ្លាំង សម្រាន្តលក់ស្រួល ធ្វើឱ្យស្មារតីរហ័សរហួន ចលនាឈាមរត់ល្អ។
៧. Calcium ៖ មានតួនាទីជួយឆ្អឹង ពីព្រោះមនុស្សចាស់តែងតែមានបញ្ហាឆ្អឹងផុយ ស្រួយ ឆាប់បាក់។ Calcium ជួយកាត់បន្ថយជំងឺរលាកឆ្អឹង និងការចុករោយផងដែរ។
សរុបមកវិញ វីតាមីនទាំងនេះមិនពិបាករកនោះទេ អ្នកអាចបញ្ជាទិញពីគ្លីនិក ឬកន្លែងលក់ថ្នាំនានានៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទដោយ៖ មឿន គន្ធា