ខួរក្បាលត្រូវបានចាត់ទុក ថាជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយរបស់មនុស្ស។ ទោះបីជាវាមានត្រឹមតែ 2-3% នៃទំងន់រាងកាយសរុបក៏ដោយ ប៉ុន្តែខួរក្បាលប្រើប្រាស់ប្រហែល 20% នៃថាមពលរាងកាយ។ មិនត្រឹមតែរក្សាការដកដង្ហើម ចង្វាក់បេះដូង និងមុខងារសរីរវិទ្យាផ្សេងទៀតប៉ុណ្ណោះទេ ខួរក្បាលក៏បង្កើតអារម្មណ៍ គំនិត និងសកម្មភាពផ្លូវចិត្តផងដែរ។ នេះបើយោងតាមប្រភព Kenh14។ ខាងក្រោមនេះជាអាហារ៥មុខប៉ូវខួរក្បាលដែលមិននឹកស្មានដល់៖
១.សាច់ត្រី៖ ជួយពន្យារភាពចាស់នៃខួរក្បាល
សាច់ត្រី ជាពិសេសត្រីសមុទ្ររស់នៅទឹកជ្រៅសម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-3 រួមទាំង EPA, DHA។ នៅក្នុងនោះ DHA គឺជាសារធាតុដែលអាចជួយបង្កើនការចងចាំ និងសមត្ថភាពគិតរបស់ខួរក្បាល ក៏ដូចជាការពារការចុះខ្សោយនៃកោសិកាខួរក្បាល។ នៅក្នុងឆ្នាំ 2007 ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស The Lancet បានរកឃើញថា ការទទួលទានត្រីពី 03ទៅ04ដង (ប្រហែល340ក្រាម) ក្នុងមួយសប្តាហ៍អាចធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវភាពវៃឆ្លាត ការបញ្ចេញមតិភាសា និងអភិវឌ្ឍខួរក្បាល។ ជាងនេះទៅទៀត ការទទួលទានត្រីជាប្រចាំក៏អាចការពារមហារីកពោះវៀនផងដែរ។ បន្ទាប់ពីតាមដានរបបអាហាររបស់មនុស្សជាង1500នាក់នៅអឺរ៉ុបអស់រយៈពេល០6ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំត្រីច្រើនបំផុតពេញមួយឆ្នាំកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀន12% ជាងអ្នកដែលញ៉ាំត្រីតិចបំផុត។
២.ស៊ុត៖ ជំនួយបង្កើនការចងចាំ
ស៊ុតត្រូវបានគេចាត់ទុកថា "អាហារប៉ូវខួរក្បាលដ៏ល្អឥតខ្ចោះ" ជាយូរមកហើយ។ នៅក្នុងនោះដែរ សារធាតុ Lecithin នៅក្នុងស៊ុត បន្ទាប់ពីត្រូវបានស្រូបយកដោយរាងកាយនឹងបញ្ចេញ choline ពន្យារការថយចុះនៃបញ្ញា ធ្វើអោយការចងចាំកាន់តែប្រសើរឡើង។ មិនតែប៉ុណ្ណោះស៊ុតក៏មានជីវជាតិច្រើនផងដែរ។ ជាការពិតណាស់ វាមិនត្រឹមតែសម្បូរប្រូតេអ៊ីនប៉ុណ្ណោះទេ ថែមទាំងសម្បូរវីតាមីន កាល់ស្យូម ផូស្វ័រ និងជាតិដែក ដែលអាចជួយដល់ការរំលាយអាហាររបស់ខួរក្បាល។ ប្រសិនបើអ្នកធ្វើតាមរបបអាហារធម្មតា មនុស្សពេញវ័យគួរតែញ៉ាំស៊ុតតែ០3-០4ក្នុងមួយសប្តាហ៍។ អ្នកដែលមានបញ្ហាសុខភាពគួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណស៊ុតដែលពួកគេអាចញ៉ាំក្នុងសប្តាហ៍។
៣.សណ្តែកដី៖ ការពារការស្ទះសរសៃឈាមខួរក្បាល
សណ្តែកដី100ក្រាមមានប្រូតេអ៊ីន 20-25 ក្រាមលើស 2 ដងនៃប្រូតេអ៊ីនមាននៅក្នុងស៊ុត។ សណ្តែកដីក៏សម្បូរទៅដោយសារធាតុ lecithin និង phospholipids ផងដែរ។ ពួកវាជាសារធាតុសំខាន់ៗដែលចាំបាច់សម្រាប់ប្រព័ន្ធប្រសាទ ដែលអាចពន្យារការថយចុះមុខងារខួរក្បាល រារាំងការកកឈាមរបស់ផ្លាកែត និងការពារការកកើតកំណកឈាមក្នុងខួរក្បាល។ ដូច្នេះដើម្បីការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល អ្នកអាចញ៉ាំសណ្តែកដីជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកត្រូវញុំាក្នុងបរិមាណប្រហែល៤២ក្រាម នោះគឺប្រហែល១៦គ្រាប់។
៤.ផ្លែWalnut៖ ការពារជំងឺ Alzheimer's
សាច់Walnut គឺស្រដៀងទៅនឹង "ខួរក្បាលខាងឆ្វេង" និង "ខួរក្បាលខាងស្តាំ" របស់ខួរក្បាលមនុស្ស។ ដូច្នេះហើយបានជាមនុស្សជាច្រើនគិតថា ការទទួលទានផ្លែWalnutជាប្រចាំអាចជួយបំប៉នខួរក្បាល និងបង្កើនភាពឆ្លាតវៃ។ បើយោងតាមគេហទំព័រ Webmd បានឱ្យដឹងថា ផ្លែWalnutមានអាស៊ីតខ្លាញ់ អូមេហ្គា-៣ ដែលអាចបំប្លែងទៅជា EPA និង DHA នៅក្នុងខ្លួនមនុស្ស។ វាមានឥទ្ធិពលជាក់លាក់លើការលើកកម្ពស់ការអភិវឌ្ឍខួរក្បាល និងពន្យាភាពចាស់នៃខួរក្បាល។ ថ្វីត្បិតតែផ្លែ Walnut សម្បូរទៅដោយសារធាតុចិញ្ចឹម និងមានប្រយោជន៍ចំពោះសុខភាពក៏ដោយ ក៏បរិមាណប្រេងនៃផ្លែWalnutមានចំនួន 60-70% ដូច្នេះកុំញ៉ាំច្រើនពេក។ អ្នកគួរតែញុំា3-5 ផ្លែក្នុងមួយថ្ងៃគ្រប់គ្រាន់ហើយ។
៥.ផលិតផលសណ្តែកសៀង៖ ស័ក្តិសមសម្រាប់អ្នកធ្វើការខួរក្បាលច្រើន
ផលិតផលសណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ និងអាស៊ីតអាមីណូជាច្រើនដែលរាងកាយត្រូវការ ជួយពង្រឹងមុខងារសរសៃឈាមក្នុងខួរក្បាល។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវសារធាតុ lecithin វីតាមីនដ៏សម្បូរបែប និងសារធាតុរ៉ែផ្សេងៗទៀត ដែលស័ក្តិសមជាពិសេសសម្រាប់អ្នកដែលមានការងារប្រើខួរក្បាលច្រើន។ នៅក្នុងនោះដែរ សណ្តែកសៀងមានអាស៊ីតខ្លាញ់មិនឆ្អែត 85.5% ដែលក្នុងនោះមានអាស៊ីត linolenic និងអាស៊ីត linoleic ច្រើន ពួកគេអាចកាត់បន្ថយកូឡេស្តេរ៉ុលក្នុងខ្លួនមនុស្ស។ សណ្តែកសៀងមានប្រយោជន៍ជាពិសេសសម្រាប់កម្មករវ័យកណ្តាល និងមនុស្សចាស់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល៕

