ជំងឺ
ប្រយ័ត្នលាងឈាមរាល់សប្ដាហ៍! សញ្ញាទាំង៨នេះ បញ្ជាក់ថាអ្នកអាចខូចតម្រងនោម
Pov Saru
October 31 2025
9.7 K views

តម្រងនោមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយ វាមានតួនាទីក្នុងការសំអាតជាតិពុល និងកាកសំណល់ចេញពីឈាម តាមរយៈទឹកនោម។ ប៉ុន្តែ នៅពេលតម្រងនោមរបស់យើងចាប់ផ្តើមខូចខាត ឬខ្សោយវាមិនអាចធ្វើការបានល្អហើយធ្វើឱ្យកាកសំណល់ និងមានជាតិពុលកកកុញនៅក្នុងឈាម ធ្វើឱ្យអ្នកជំងឺពិបាកក្នុងខ្លួនហើយបើកាលណាតម្រងនោមខ្សោយចូលដល់ដំណាក់កាលធ្ងន់ធ្ងរ អ្នកជំងឺត្រូវទៅលាងឈាមរាល់អាទិត្យនៅមន្ទីរពេទ្យ។ ហើយបច្ចុប្បន្នឃើញថាកំណើនអ្នកលាងឈាមដោយសារខូចតម្រងនោមមានការកើនឡើងជាខ្លាំង។ 

ដូច្នេះខាងក្រោមនេះជាសញ្ញាដំបូងៗ ដែលអ្នកគួរតាមដានព្រោះជាសញ្ញានៃការខូចតម្រងនោម៖ 

១. នោមញឹកញាប់៖ យោងតាមប្រភព Time of India បានឱ្យដឹងថា ការនោមញឹកញាប់ ជាពិសេសនៅពេលយប់ អាចជាសញ្ញាបង្ហាញថាតម្រងនោមរបស់អ្នកកំពុងបាត់បង់សមត្ថភាពច្រោះឈាម។ ហើយចំពោះអ្នកជំងឺខ្សោយតម្រងនោមអាចឃើញការផ្លាស់ប្តូរមួយចំនួននៅក្នុងពណ៌ទឹកនោមរាងមានធុំក្លិនខ្លាំង និងមានការឈឺចាប់ពេលនោម។ សញ្ញាទាំងអស់នេះបង្ហាញថា តម្រងនោមរបស់អ្នកកំពុងតែខ្សោយបណ្តើរៗ ហើយ។

២. នោមមកមានឈាម៖ តម្រងនោមជាធម្មតារក្សាឈាមនៅក្នុងសរសៃឈាម ប៉ុន្តែបើតម្រងនោមខូច កោសិកាឈាមអាចលេចចេញក្នុងទឹកនោមបាន។ ដូច្នេះពេលនោមត្រូវសង្កេតមើលទឹកនោមខ្លួនឯង ប្រសិនបើទឹកនោមមានពណ៌ក្រហម ឬត្នោតខ្មៅ នោះគឺជាសញ្ញាបង្ហាញថាតម្រងនោមរបស់អ្នកកំពុងមានបញ្ហាហើយ។ លើសពីនេះ ឈាមនៅក្នុងទឹកនោមក៏អាចបង្កឱ្យមានបញ្ហាកើតក្រួសក្នុងតម្រងនោម ឬឆ្លងមេរោគផងដែរ។

៣. ទឹកនោមមានពពុះច្រើន៖ ប្រសិនបើអ្នកនោមមកមានពពុះច្រើន និងចេញខ្លាំងនៅពេលនោម វាបង្ហាញថាមានប្រូតេអ៊ីនលេចចេញក្នុងទឹកនោម។ ពពុះនេះមានលក្ខណៈដូចជាពពុះស៊ុត ដោយសារតែប្រូតេអ៊ីនអាល់ប៊ុយមីន ដែលជាសញ្ញាដំបូងនៃការខូចតម្រងនោម។

៤. រមួលសាច់ដុំញឹកញាប់៖ យោងតាម Verywell Health បញ្ជាក់ថា អ្នកមានជំងឺតម្រងនោមកម្រិតធ្ងន់ អ្នកគួរសម្គាល់តាមសញ្ញាមួយទៀតគឺការរមួលក្រពើជាញឹកញាប់។ ការរមួលក្រពើទាំងនេះមានការឈឺចាប់ ហើយអាចមានរយៈពេលយូរ។ ដោយសារតែតម្រងនោមរបស់អ្នកធ្វើការគ្មានតុល្យភាពគឺវាខ្សោយក្នុងការកម្ចាត់ជាតិពុល។

៥. មានអារម្មណ៍អស់កម្លាំង ឬពិបាកផ្ដោតអារម្មណ៍៖ នៅពេលតម្រងនោមធ្វើការសំអាតឈាមមិនបានល្អ ជាតិពុលនឹងស្ថិតនៅក្នុងឈាម ហើយបង្កឱ្យមានអារម្មណ៍ខ្សោយ ឬអស់កម្លាំង។ កង្វះការសម្អាតក្នុងឈាមអាចនាំឱ្យមុខងារប្រសាទ និងខួរក្បាលធ្លាក់ចុះ ធ្វើឱ្យមនុស្សមួយចំនួនពិបាកក្នុងការផ្តោតអារម្មណ៍។ ហើយជំងឺតម្រងនោមក៏អាចធ្វើឱ្យអ្នកជំងឺមានភាពស្លេកស្លាំង ដែលជាមូលហេតុធ្វើឱ្យខ្សោយ និងងាយអស់កម្លាំងជារឿយៗ។

៦. គេងមិនលក់ ឬពិបាកគេង៖ នៅពេលតម្រងនោមមិនអាចច្រោះជាតិពុលចេញពីឈាមបានល្អ វានឹងបង្កឱ្យជាតិពុលនៅក្នុងរាងកាយបន្តកើនឡើង។ ស្ថានភាពនេះធ្វើឱ្យរាងកាយមិនស្រួល ហើយបណ្តាលឱ្យគេងមិនលក់។ ជំងឺគេងមិនលក់តែងតែកើតឡើងជាញឹកញាប់ចចំពោះអ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ។

៧. ហើមជើង និងកជើង៖ នៅពេលតម្រងនោមខូច រាងកាយនឹងរក្សាជាតិសូដ្យូម (អំបិល) ច្រើនជាងធម្មតា បណ្តាលឱ្យទឹកដក់នៅក្នុងខ្លួន ហើយបង្កឱ្យជើងនិងកជើងហើម។ ទោះជាយ៉ាងណា វាក៏អាចជាសញ្ញានៃជំងឺបេះដូង ឬថ្លើមដែរ ដូច្នេះបើអ្នកមានអាការៈបែបនេះគួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិត ដើម្បីដឹងចម្លើយការពិត។

៨. បាត់បង់ចំណង់អាហារ៖ ជាតិពុលដែលប្រមូលផ្តុំក្នុងឈាមដោយសារតម្រងនោមខូច អាចបណ្តាលឱ្យបាត់បង់ចំណង់អាហារ ឬមានអារម្មណ៍ថាមិនចង់ញ៉ាំអាហារ។ ប្រសិនបើអាការនេះកើតឡើងយូរហើយ គួរទៅពិនិត្យសុខភាព ដើម្បីរកមូលហេតុពិត ហើយអាចព្យាបាលទាន់ពេលវេលា។

ទាំងនេះគ្រាន់តែជារោគសញ្ញាខ្លះៗដែលមានបញ្ហាខូចតម្រងនោមតែងជួបប្រទះ ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯងមានសញ្ញាណាមួយមិនប្រក្រតីគួរទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ព្រោះបើអ្នកពិតជាមានជំងឺមែនក៏អាចនឹងព្យាបាលបានទាន់ពេលវេលា៕ 

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia