ជំងឺ
មិនចង់ប្តូរឈាមទេ! ៦ទម្លាប់ជួយអ្នកបញ្ជៀសបញ្ហាខូចក្រលៀន
Pov Saru
October 31 2025
981 views

ករណីលាងឈាមដោយសារខូចតម្រងនោមឃើញមានច្រើនខ្លាំងមែនទែននៅពេលច្ចុប្បន្ន ជំងឺនេះកើតឡើងមិនធ្វើឱ្យមនុស្សដឹងខ្លួនទេ ជាពិសេសនៅដំណាក់កាលដំបូងៗព្រោះវាមិនបង្ហាញសញ្ញាច្បាស់លាស់ណាមួយឡើយ អ្នកជំងឺភាគច្រើនដែលដឹងខ្លួនគឺនៅពេលដែលពួកគេឈានដល់ដំណាក់កាលធ្ងន់ធ្ងររួចទៅហើយ។ ដូច្នេះហើយដើម្បីបញ្ជៀសហានិភ័យ និងការពារតម្រងនោមឱ្យមានសុខភាពល្អ អ្នកទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ឱ្យខ្លាំង និងតាមដានសុខភាពខ្លួនឯងឱ្យបានជាប្រចាំ។ 

យោងតាម Massachusetts General Hospital  មានទម្លាប់ ៦ យ៉ាងដែលអ្នកគួរអនុវត្តដើម្បីបញ្ជៀសហានិភ័យខូចតម្រងតម្រងនោម៖

១. តាមដានសម្ពាធឈាមជាប្រចាំ៖ សម្ពាធឈាមខ្ពស់អាចបណ្តាលឱ្យតម្រងនោមខូចបន្តិចម្តងៗដោយមិនដឹងខ្លួន។ សម្ពាធឈាមដែលត្រូវបានចាត់ទុកថាមានសុខភាពល្អគឺប្រហែល 120/80 ។ ប្រសិនបើលទ្ធផលសម្ពាធឈាមលើសពី 140/90 នោះមានន័យថាអ្នកប្រឈមនឹងជំងឺលើសឈាម ហើយគួរតែពិគ្រោះជាមួយគ្រូពេទ្យ។ 

២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ លំហាត់ប្រាណមិនត្រឹមតែជួយឱ្យរាងកាយសម្បូរថាមពលទេ ប៉ុន្តែវាក៏ជួយបន្ថយហានិភ័យនៃជំងឺតម្រងនោមដូចគ្នា កាលណាយើងធ្វើសកម្មភាពរាងកាយច្រើន សម្ពាធឈាមរបស់យើងនិងនៅថេរ ជំនួយដល់សុខភាពបេះដូង និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។ 

៣. គ្រប់គ្រងជាតិស្ករក្នុងឈាម៖ ជំងឺទឹកនោមផ្អែមជាមូលហេតុធំបំផុតមួយដែលធ្វើឱ្យកើតជំងឺតម្រងនោម។ នៅពេលជាតិស្ករក្នុងឈាមខ្ពស់ តម្រងនោមត្រូវធ្វើការខ្លាំងជាងមុន ដើម្បីច្រោះឈាម ដែលអាចបណ្តាលឱ្យវាខូចបន្តិចម្តងៗ។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម គួរតែគ្រប់គ្រងជាតិស្ករក្នុងឈាមដោយគ្រប់គ្រងលើរបបអាហារ ញុំាអាហារដែលសម្បូរជីវជាតិ ប្រើថ្នាំ ឬអាំងស៊ុយលីនតាមការណែនាំវេជ្ជបណ្ឌិត។ 

៤. ត្រូវញុំាអាហារណាដែលល្អសម្រាប់សុខភាព៖ អាហារដែលល្អសម្រាប់តម្រងនោមគួរមានជាតិសូដ្យូមទាប និងជៀសវាងអាហារ ចៀន ឬអាហារកែច្នៃ។ តែត្រូវផ្តោតលើអាហារដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គ្រាប់សណ្តែក និងប្រភេទប្រូតេអ៊ីនគ្មានខ្លាញ់។ ប្រសិនបើអ្នកត្រូវបានវិនិច្ឆ័យថាមានជំងឺតម្រងនោម នៅដំណាក់កាល ៣ ឡើងទៅ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញផ្នែកអាហារ ដើម្បីទទួលបានការណែនាំអាហារដែលសមស្របជាងនេះ។

៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ទឹកជួយឱ្យតម្រងនោមធ្វើការច្រោះជាតិពុល និងជាតិសូដ្យូមចេញពីរាងកាយ។ ការរក្សាអត្រាទឹកគ្រប់គ្រាន់ជួយបង្ការការកកើតគ្រួសក្នុងតម្រងនោម។ បរិមាណទឹកដែលល្អអាស្រ័យលើទំងន់ និងសកម្មភាពប្រចាំថ្ងៃ។ តែជាទូទៅសម្រាប់បរុសគួរផឹកទឹក ៣.៧ លីត្រ ហើយស្ត្រីគួរផឹក ២.៥ ទៅ ៣ លីត្រ ក្នុង ១ថ្ងៃ។ ប្រសិនបើអ្នកធ្លាប់មានគ្រួសក្នុងតម្រងនោម អាចត្រូវផឹកទឹកបន្ថែមដើម្បីការពារ។

៦. ជៀសវាងការជក់បារី និងប្រើថ្នាំមិនមានវេជ្ជបញ្ជា៖ ការជក់បារីធ្វើឱ្យសរសៃឈាមខូច និងបន្ថយសមត្ថភាពតម្រងនោម។ បើអ្នកឈប់ជក់បារី អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមបានយ៉ាងច្រើន។ បន្ថែមទៀត ការប្រើថ្នាំបំបាត់ឈឺចុក យូរពេកអាចប៉ះពាល់ដល់តម្រងនោមដូចគ្នា។ ប្រសិនបើអ្នកត្រូវប្រើថ្នាំទាំងនេះជារឿយៗ គួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកជម្រើសសុវត្ថិភាពជាងនេះ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia