នរណាក៏ដឹងដែលថាត្រីជាអាហារដែលល្អបំផុតសម្រាប់សុខភាព នៅក្នុងសាច់របស់វាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា-៣ ជួយសុខភាពបេះដូង ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ បើនិយាយពីត្រីសម្បូរជីវជាតិ ពិតណាស់ថាគ្រប់គ្នាប្រាកដជានឹកដល់ត្រីសាម៉ុងមុនគេមិនខាន តែនៅមានត្រីមួយប្រភេទដែលសម្បូរជីវជាតិមិនចាញ់ត្រីសាម៉ុងទេ។ ត្រីនោះមានឈ្មោះថា ត្រីហឺរីង (Herring) នេះបើយោងតាមហទំព័រសុខភាពដ៏ល្បីរបស់អាមេរិក Healthline បានចាត់ទុកថា ជាត្រីល្អបំផុតលេខ ៣ នៅលើពិភពលោក។
អ្នកឯកទេសអាហារូបត្ថម្ភ Kristen Carli នៅលើ Real Simple បានពន្យល់ថា "ត្រីហឺរីង (Herring) សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ វីតាមីន B12 និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ វាអាចកែច្នៃទៅជាម្ហូបឆ្ងាញ់ៗជាច្រើនបូករួមជាមួយបន្លែដូចជា សាឡាត់ ស៊ូស៊ី ឬដុតជាមួយនំប៉័ងស្រូវសាលី។”
ត្រីហឺរីង (Herring) មានជីវជាតិខ្ពស់ជាងត្រីសាម៉ុង៖ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ក្នុង ត្រីហឺរីង (Herring) ១០០ក្រាម មានប្រូតេអ៊ីន និងសារធាតុរ៉ែដូចជា កាល់ស្យូម ជាតិដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម និងសេលេញ្យូម ខ្ពស់ជាងត្រីសាម៉ុង។ ទោះបីត្រីសាម៉ុងល្អជាងបន្តិចផ្នែកវីតាមីនខ្លះៗ ប៉ុន្តែ ត្រីហឺរីង (Herring) មាន វីតាមីន B2 និង B12 ខ្ពស់ជាងគេបំផុត ដែលជួយសម្រាប់ប្រព័ន្ធប្រសាទ និងការផលិតឈាម។ អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យនៅក្នុងសាច់ត្រីនេះ មិនត្រឹមតែឆ្ងាញ់នោះទេ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយដូចជា៖
១. ជំនួយដល់សុខភាពបេះដូង៖ អូមេហ្គា-៣ ជួយបន្ថយជាតិខ្លាញ់ក្នុងឈាម បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកូឡេស្តេរ៉ុលល្អ ដែលជួយការពារជំងឺបេះដូង។
២. ជួយអភិវឌ្ឍខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ៖ អាស៊ីត EPA និង DHA ជួយការពារខួរក្បាលពីការចុះខ្សោយ និងកាត់បន្ថយហានិភ័យជំងឺវង្វេង ឬថប់បារម្ភ។
៣. បង្កើនកំលាំងឈាម និងការពារភាពស្លេកស្លាំង៖ វីតាមីន B12 និងជាតិដែកជួយផលិតកោសិកាឈាមក្រហម និងអេម៉ូក្លូប៊ីន ដឹកជញ្ជូនអុកស៊ីហ្សែនទៅរាងកាយបានល្អជាងមុន។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភជាច្រើនណែនាំឱ្យមនុស្សញ៉ាំត្រីយ៉ាងហោចណាស់ពីរដងក្នុងមួយសប្ដាហ៍ ដើម្បីថែរក្សាសុខភាពឱ្យល្អប្រសើរឡើង។ ដូច្នេះ នៅពេលអ្នកទៅផ្សារ ប្រសិនបើឃើញ ត្រីហឺរីង (Herring) ស្រស់កុំស្ទាក់ស្ទើរយកវាចូលបញ្ជូលក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នក។ តម្លៃមិនថ្លៃ ប៉ុន្តែអត្ថប្រយោជន៍ល្អខ្លាំងសម្រាប់សុខភាពដែលនេះទើបជាតម្លៃពិតដែលអ្នកមិនគួរមើលរំលង៕
អត្ថបទដោយ៖ សារួ
