ជំងឺថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត នៅជំនាន់បច្ចុប្បន្ននេះឃើញថាមានការកើនឡើងជាខ្លាំង ជាពិសេសចំពោះក្មេងៗយុវវ័យ។ នេះបើតាមលោក Jonathan Haidt ដែលជាអ្នកនិពន្ធ និងជាសាស្ត្រចារ្យនៅសាកលវិទ្យាល័យ NYU Stern School of Business។ តាមការពិភាក្សារបស់លោកមួយផ្អែកដែលបង្កឱ្យបញ្ហានេះកើតឡើងគឺបណ្ដាលមកពីពពួក ស្មាតហ្វូន និង ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានផ្លាស់ប្ដូររបៀបរស់នៅ និងការគិតរបស់មនុស្ស។
ខណៈដែលអ្នកស្រី Alexa Arnold ដែលបម្រើការជានាយកគ្រប់គ្រងចលនា និងជាប្រធានបុគ្គលិករបស់លោកHaidt បានចែកគន្លឹះសំខាន់ ២ សម្រាប់បន្ថយការថប់បារម្ភ និងស្ដារវិញនូវភាពស្ងប់ស្ងាត់ក្នុងខ្លួន។
១. ដាក់ទូរស័ព្ទឱ្យឆ្ងាយពីខ្លួន៖ វាអាចនឹងពិបាកខ្លាំងសម្រាប់អ្នកមួយចំនួន ប៉ុន្តែអ្នកស្រីបានណែនាំថា នេះជាវិធីដ៏ល្អបំផុត។ ជំហានដំបូងគឺត្រូវកំណត់ពីតួនាទីរបស់ទូរស័ព្ទជាមុនសិនត្រូវដឹងថាអ្នកត្រូវការវាដើម្បីអ្វី ដើម្បីធ្វើការ សិក្សា ឬសម្រាប់ទំនាក់ទំនង បន្ទាប់ពីរួចរាល់គួរទុកវាឱ្យឆ្ងាយពីខ្លួន។ ការធ្វើបែបនេះ មិនមែនជាព្យាបាលទាំងស្រុងទេ ប៉ុន្តែជាការបង្កើត ចន្លោះស្ងប់ស្ងាត់ មួយឱ្យខួរក្បាលអាចសម្រាកបាន។ ហើយអ្នកក៏មិនចាំបាច់ផ្ដាច់ខ្លួនពីទូរស័ព្ទ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងស្រុងដែរ គ្រាន់តែកំណត់ពេលឱ្យបានច្បាស់លាស់សម្រាប់ខ្លួនឯងគឺជាការល្អហើយ។
២. ធ្វើអ្វីមួយដែលធ្វើឱ្យអ្នក “ភ័យ” ឬ “មិនសុខចិត្ត”៖ គន្លឹះទីពីរដែលអ្នកស្រី Arnold ផ្តល់នោះគឺ ធ្វើអ្វីមួយដែលធ្វើឱ្យអ្នកភ័យ ឬធ្វើឱ្យអ្នកមានភាពតានតឹងតិចតួច។ ការប្រឈមមុខនឹងអ្វីដែលធ្វើឱ្យខ្លាច ជួយអភិវឌ្ឍឱ្យអ្នកជឿជាក់លើខ្លួនឯង និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា។ Arnold ពន្យល់ថា បញ្ហាប្រឈមតូចៗនៅកន្លែងធ្វើការឬក្នុងសង្គមអាចជួយឱ្យយើងរីកចម្រើន។
ឧទាហរណ៍៖ ការចាប់ផ្តើមនិយាយជាមួយមនុស្សចម្លែក ហ៊ានសាកល្បងធ្វើអ្វីថ្មីដែលអ្នកមិនធ្លាប់ធ្វើពីមុន ព្រោះបើសិនជាយើងចេះតែគេចវេសអ្វីដែលធ្វើឱ្យខ្លាច ឬអ្វីដែលធ្វើឱ្យអារម្មណ៍មិនស្រួល យើងនឹងបាត់បង់ភាពរឹងមាំផ្លូវចិត្ត និងក្លាយជាមនុស្សងាយទទួលរងនូវតានតឹង។ ប៉ុន្តែបើយើងហ៊ានប្រឈមមុខធ្វើរឿងដែលលំបាកៗជាបន្តបន្ទាប់នោះ វានឹងបង្កើតអារម្មណ៍ថា “ខ្ញុំអាចធ្វើបាន” ដែលជាគន្លឹះសំខាន់ក្នុងការបន្ថយការថប់បារម្ភ។ យ៉ាងណាក៏ដោយ បើសិនជាជំងឺរបស់អ្នកមានភាពធ្ងន់ធ្ងរ ជម្រើសដែលល្អបំផុត អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិភាក្សាបន្ថែម និងដើម្បីទទួលបានការព្យាបាលមួយដែលត្រឹមត្រូវ មានប្រសិទ្ធភាព៕
អត្ថបទដោយ៖ សារួ
