គេងគ្រប់គ្រាន់ហើយនៅតែមានអារម្មណ៍ថាអស់កម្លាំង រហូតគិតថាទាល់តែបានគេងពី ១០ ទៅ ១៥ ម៉ោងទើបមានថាមពលឡើងវិញ។ តើនរណាខ្លះបែបនេះ? ប៉ុន្តែជាក់ស្ដែងសេវាសុខភាពជាតិអង់គ្លេស (NHS) ណែនាំថា មនុស្សពេញវ័យគួរតែគេងតែ ៧ ទៅ ៩ ម៉ោងគឺគ្រប់គ្រាន់ហើយ ប៉ុន្តែសម្រាប់អ្នកខ្លះទោះគេងបានគ្រប់ហើយក៏នៅតែមានអារម្មណ៍ថាអស់កម្លាំង ងងុយគេង និងពិបាកក្នុងការផ្ដោតអារម្មណ៍។
យ៉ាងណាមិញ បើអ្នកមានអាការៈបែបនេះម្ដងម្កាលវាមិនមែនជាបញ្ហាធំទេ តែបើវាកើតឡើងជាប្រចាំអាចនឹងមិនមែនជារឿងធម្មតាទៀតឡើយ ព្រោះវាអាចជាសញ្ញានៃជំងឺគេងដ៏កម្រមួយហៅថា Idiopathic Hypersomnia (IH)។ ជំងឺនេះធ្វើឱ្យមនុស្សគេងយូរនៅពេលថ្ងៃ ហើយពិបាកក្នុងការភ្ញាក់ គេងច្រើនតែមានអារម្មណ៍ដូចមិនបានគេង។ អ្នកជំងឺ IH អាចគេងបាន ១២ ទៅ ១៥ ម៉ោងក្នុងមួយយប់ ប៉ុន្តែភ្ញាក់ឡើងនៅតែមានអារម្មណ៍អស់កម្លាំង ស្ពឹកៗ អារម្មណ៍មូម៉ៅឆាប់ខឹង និងខ្វះថាមពលក្នុងខ្លួន។ ខុសពីជំងឺ narcolepsy ដែលអ្នកជំងឺភ្ញាក់ឡើងមើលទៅស្រស់ស្រាយជាង។
តាមការស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រ Sarah Bermingham (Takeda Pharmaceuticals) បានបង្ហាញថា អ្នកមានជំងឺ IH មានអាការៈដូចជា៖ គេងយូរខ្លាំង និងភ្ញាក់យឺត ងងុយគេងពេញថ្ងៃ មិនចង់ក្រោកពីគ្រែ មានអារម្មណ៍ស្ពឹក មិនដឹងខ្លួន និងពិបាកផ្តោតអារម្មណ៍។ ជំងឺនេះប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាពដូចជា៖ សុខភាពផ្លូវចិត្ត ការងារ ការសិក្សា ទំនាក់ទំនង និងសមត្ថភាពប្រចាំថ្ងៃ។ អ្វីដែលធ្វើឱ្យកាន់តែពិបាក គឺមនុស្សភាគច្រើនមិនយល់ថាវាជាជំងឺពិតទេ។ ពួកគេគ្រាន់តែគិតថាមកពីបញ្ហា ខ្ជិល ឬមានបញ្ហាផ្លូវចិត្ត ខណៈដែលការពិតវាជាជំងឺសរសៃប្រសាទដ៏ស្មុគស្មាញ។
ទោះបីជាការស្រាវជ្រាវនៅមានដែនកំណត់ ក៏វាបង្ហាញថា IH គួរឱ្យយកចិត្តទុកដាក់ និងត្រូវការការយល់ដឹងបន្ថែម។ វាមិនមែនជាស្ថានភាពដែលអាចដោះស្រាយដោយព្យាយាមគេងបន្ថែមទេ ប៉ុន្តែត្រូវការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកគេង ដើម្បីរកមូលហេតុពិត និងវិធីព្យាបាលសមស្រប។ ដូច្នេះ បើអ្នកគេងគ្រប់គ្រាន់ហើយប៉ុន្តែតែងតែអស់កម្លាំង ងងុយគេង និងមិនស្រស់ស្រាយ សូមកុំគិតថាជារឿងធម្មតា ព្រោះវាអាចជាសញ្ញានៃជំងឺគេងដែលមិនគេស្គាល់។ ការទៅពិគ្រោះវេជ្ជបណ្ឌិតអាចជាជំហានដំបូងនិងជាវិធីដ៏ល្អបំផុតដែលអ្នកគួរធ្វើ៕
អត្ថបទដោយ៖ សារួ
