កាហ្វេជាភេសជ្ជៈពេញនិយមខ្លាំងសម្រាប់មនុស្សជាច្រើន ព្រោះការផឹកកាហ្វេសម្រាប់អ្នកខ្លះអាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ជាពិសេសមានកម្លាំងក្នុងពេលបំពេញការងារ។ តែអ្នកប្រហែល មិនបានដឹងទេថាការផឹកកាហ្វេក៏ត្រូវផឹកឱ្យត្រូវម៉ោង ត្រូវពេលវេលាដែរ ប្រសិនបើអ្នកផឹកខុសចំម៉ោងទាំង ៤ នេះអាចបង្កផលប៉ះពាល់ដល់សុខភាព។
១. ភ្ញាក់ពីគេងពេលព្រឹកព្រលឹម (ម៉ោង 6:00 - 8:00)៖ នៅចន្លោះម៉ោងនេះ រាងកាយបានផលិតអ័រម៉ូនរីករាយជាធម្មជាតិរបស់រាងកាយរួចទៅហើយ។ ប្រសិនបើអ្នកផឹកកាហ្វេនៅពេលនេះ វានឹងធ្វើឱ្យកាហ្វេអ៊ីនបាត់ប្រសិទ្ធភាពធ្វើឱ្យរាងកាយពឹងផ្នែកលើកាហ្វេច្រើនជាងមុន។ ពេលដែលល្អនៅពេលព្រឹកគួរផឹកនៅម៉ោង 9:30–11:30 ព្រឹកព្រោះជាពេលដែលកម្រិត cortisol ថយចុះ ហើយអាចជួយឱ្យអ្នកទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីជាតិកាហ្វេអ៊ីន។ ប៉ុន្តែត្រូវចាំថាកុំផឹកពេលពោះទទេ ព្រោះវាអាចបង្កឱ្យមានការរលាកក្រពះបាន។
២. បន្ទាប់ពីអាហារថ្ងៃត្រង់ភ្លាមៗ (ម៉ោង 12:00 - 1:00)៖ ការផឹកកាហ្វេភ្លាមៗបន្ទាប់ញុំាអាហាររួចអាចធ្វើឱ្យរាងស្ទះការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមដូចជា ជាតិដែក។ កាហ្វេអ៊ីនក៏អាចធ្វើឱ្យជាតិអាស៊ីតក្នុងក្រពះកើនឡើង ធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងខ្លួនជាដើម។ ពេលដែលល្អគួរផឹកនៅម៉ោង 1–2 ក្រោយអាហារ ព្រោះបើអ្នករងចាំផឹកនៅម៉ោងនេះ នោះរាងកាយនឹងទទួលអត្ថប្រយោជន៍បានពេញលេញ។
៣. ពេលរសៀល (ម៉ោង 4:00 - 6:00)៖ ជាតិកាហ្វេអ៊ីននៅក្នុងប្រព័ន្ធរយៈពេលប្រហែល 6–8 ម៉ោង។ ដូច្នេះបើផឹកវាពេលនេះ វាអាចធ្វើឱ្យអ្នក គេងមិនលក់ ប៉ះពាល់ដល់ដំណេក។ ប្រសិនបើអ្នកធ្លាប់មានអាការៈបែបនេះគួរតែបញ្ឍប់ ជាពិសេសក្រោយពីម៉ោង 2:00 រសៀលទៅអ្នកមិនគួរផឹកកាហ្វេទេដើម្បីការពារភាពគេងមិនលក់។
៤. ពេលល្ងាច (ក្រោយម៉ោង 7:00)៖ ការផឹកកាហ្វេនៅពេលល្ងាចគឺជាមូលហេតុចម្បងមួយនៃការគេងមិនលក់ ការកើនឡើងចង្វាក់បេះដូង និងការថប់បារម្ភ។ នេះមានគ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសរសៃឈាមបេះដូង ឬជំងឺថប់បារម្ភ។ អ្នកអាចជំនួសកាហ្វេដោយភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីន ដូចជាតែរុក្ខជាតិ ឬទឹកដើម្បីបន្ធូរអារម្មណ៍រាងកាយរបស់អ្នក។
ដើម្បីរីករាយនឹងអត្ថប្រយោជន៍នៃការផឹកកាហ្វេដោយមិនបង្កគ្រោះថ្នាក់ អ្នកអាចជ្រើសរើសពេលវេលាត្រឹមត្រូវក្នុងការផឹក (ហើយពេលដែលល្អគឺនៅចន្លោះម៉ោង 9:30 ដល់ 11:30 ឬពេលរសៀល) ហើយកុំប្រើប្រាស់ជាតិកាហ្វេអ៊ីនលើសពី 400mg ក្នុងមួយថ្ងៃ (វាប្រហែល 3-4 ពែងតូច)៕
អត្ថបទដោយ៖ សារួ