ការគ្មានទំនុកលើខ្លួនឯង ជាអារម្មណ៍ធ្វើឱ្យអ្នកទាន់ខ្សោយ និងមិនហានប្រឈមជាមួយការពិត។ បើអ្នកមានអារម្មណ៍បែបនេះ អ្នកធ្វើអ្វីក៏គ្មានលទ្ធផលល្អដែរ។ ហើយអារម្មណ៍នេះស៊ីរាងកាយ និងផ្លូវចិត្តឱ្យទាន់ខ្សោយលឿនថែមទៀត។ តាមលោកស្រី Amy Morin ជានិពន្ធនាយក Verywell Mind បញ្ជាក់ថា វិធី ៦នេះកសាងទំនុកចិត្ត៖
១. កុំប្រៀបធៀបជាមួយអ្នកដទៃ៖ ការសិក្សាឆ្នាំ ២០១៨ បានចេញផ្សាយនៅក្នុង Personality and Individual Differences បានរកឃើញថា អ្នកចូលចិត្តធ្វើការប្រៀបធៀបជាមួយអ្នកដទៃធ្វើឱ្យមើលមកខ្លួនឯងក្នុងផ្លូវអវិជ្ជមានច្រើន និងឆាប់តូចចិត្តផងដែរ។ បើអ្នកចង់ទំនុកចិត្តលើខ្លួនឯងនោះ ចូរអ្នកផ្តោតអារម្មណ៍កែលម្អខ្លួនឯងទាំងសមត្ថភាព គំនិតបញ្ញាជាដើម។ ព្រោះធ្វើបែបនេះ នាំឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯង។
២. ហ៊ុំព័ទ្ធទៅដោយមនុស្សវិជ្ជមាន៖ ចូររាប់អានមនុស្សមានធាតុទឹក ជាមនុស្សមានចិត្តត្រជាក់ និងគិតវិជ្ជមាន។ ហើយមនុស្សជុំវិញខ្លួនយើងក៏អាចសាងទំនុកចិត្តដល់ខ្លួនអ្នកផងដែរ។
៣. ថែរក្សារាងកាយ៖ យើងមើលឃើញថា អ្នកមានទំនុកលើខ្លួនឯងសុទ្ធតែមានសុខរាងកាយរឹងមាំ គ្មានជំងឺ និងអារម្មណ៍ល្អដែរ។ សម្រាប់រឿងនេះ ការធ្វើលំហាត់ប្រាណជាវិធីសាងទំនុកចិត្ត និងថែសុខភាពឱ្យរឹងមាំផងដែរ។
៤. សមាធិ៖ ការធ្វើសមាធិនេះ ជួយឱ្យអារម្មណ៍អ្នកស្ងប់ និងមានអារម្មណ៍ផ្តោតលើការងារ។ ពីព្រោះការធ្វើសមាធិនេះ ជួយកាត់បន្ថយភាពតានតឹង ការធ្លាក់ទឹកចិត្ត និងមានអារម្មណ៍ស្ថេរភាព និងការពារជំងឺទូទៅ។ អ្នកអាចចាប់ផ្តើមដោយគ្រាន់តែផ្តោតអារម្មណ៍លើដង្ហើមរបស់អ្នករយៈពេល ៣ទៅ៥នាទីរៀងយប់ល្អបំផុត។
៥. ហាត់និយាយជាមួយខ្លួនឯង៖ មានអ្នកខ្លះ លួចនិយាយជាមួយខ្លួនលើរឿងអវិជ្ជមានមានដូចជាខ្ញុំមិនស្អាតដូចគេ ខ្ញុំគ្មានវាសនាល្អដូចគេ ខ្ញុំគ្មានមនុស្សល្អរាប់អានទេ... នាំឱ្យអារម្មណ៍ខឹង និងស្អប់ខ្លួនទៅវិញ។ ប៉ុន្តែការនិយាយជាមួយខ្លួនឯងដោយសុទិដ្ឋិនិយម ជួយជម្រុញកម្លាំងលើកទឹកចិត្ត និងមានទំនុកចិត្តលើខ្លួនឯងខ្លាំងថែមទៀត។
៦. បង្កើនចំណេះដឹង៖ វិធីល្អបំផុតដើម្បីជម្រុញទឹកចិត្តរបស់អ្នកឱ្យខ្លាំង គឺការអានសៀវភៅ។ ពីព្រោះថា ខួរក្បាលរបស់យើងត្រូវការអាហារដូចជាក្រពះ ដើម្បីឱ្យការគិតបានល្អជាងមុន។ យើងអាចឆ្ងល់ថា មានមនុស្សខ្លះ ហេតុអ្វីគេប្រើខួរក្បាលពូកែ? មកពីគេអានសៀវភៅ និងស្វែងចំណេះដឹងផ្សេងៗ ដើម្បីបានព័ត៌មានច្រើន ក្នុងការសម្រេចចិត្តលើរឿងអ្វីមួយដោយមានទំនុកចិត្ត។ ការអានសៀវភៅ ជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ល្អ៕ អត្ថបដោយ៖ ទ្រ សុភាព