មនុស្សភាគច្រើនចង់សន្សំលុយ ព្រោះតែចង់ឱ្យហិរញ្ញវត្ថុរបស់ខ្លួនរឹងមាំ ប៉ុន្តែពេលខ្លះ ពាក្យថា “សន្សំ” ធ្វើឱ្យមនុស្សខ្លះយល់ច្រឡំ ហើយធ្វើសកម្មភាពមួយចំនួនដែលហាក់ដូចជាជួយសន្សំ ប៉ុន្តែជាការចំណាយច្រើនដោយមិនដឹងខ្លួន។ ហើយសកម្មភាពទាំងនោះមានដូចជា៖
១. ចូលចិត្តប្រើរបស់ចាស់ៗ៖ មនុស្សជាច្រើនចូលចិត្តរក្សារបស់ចាស់ៗដើម្បីប្រើការដោយគិតថាវាអាចជួយសន្សំសំចៃបាន។ ឧទារហ៍ដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិច ឬគ្រឿងសង្ហារឹម ដោយគិតថា “វានៅប្រើបាន ហេតុអ្វីត្រូវទិញថ្មី?”។ តែអ្នកប្រហែលគិតមិនដល់ថារបស់ចាស់ៗទាំងនេះនឹងធ្វើឱ្យអ្នកមានការចំណាយកាន់តែច្រើនជាងមុនទេ។ ព្រោះពេលកាន់តែយូរ របស់ទាំងនេះនឹងចាប់ផ្ដើមសឹករិចរិល ធ្វើឱ្យខូចជាបន្តបន្ទាប់ ហើយពេលនោះអ្នកនឹងត្រូវចំណាយរាល់ខែដើម្បីជុះជុលវា។ បើសិនជាអ្នកបូកសរុបការចំណាយលើការជុះជុលនេះ នឹងឃើញថាវាអាចមានតម្លៃស្មើរឬច្រើនជាងតម្លៃដែលត្រូវទិញថ្មីទៅទៀត។ ដូច្នេះ ការជ្រើសរើសវត្ថុដែលមានគុណភាពល្អ និងប្រើបានយូរ ជាវិធីសន្សំប្រាក់ដ៏ល្អបំផុត។
២. ចូលចិត្តទិញរបស់បញ្ចុះតម្លៃ៖ ការលក់បញ្ចុះតម្លៃគឺជាចំណាប់អារម្មណ៍របស់អ្នកចូលចិត្តសន្សំ។ ប៉ុន្តែចូរចាំថា មិនមែនរបស់ដែលមានតម្លៃថោកគ្រប់យ៉ាងសុទ្ធតែជួយអ្នកក្នុងការសន្សំបានទេ។ ជារឿយៗ យើងឃើញថាអ្នកមួយចំនួនចូលចិត្តទិញទំនិញច្រើននៅពេលឃើញគេលក់បញ្ចុះតម្លៃ ដោយគិតថាវាចំណេញទោះបីទំនិញនោះជាទំនិញដែលមិនចាំបាច់ក៏ដោយ។ ប៉ុន្តែត្រូវដឹងថា ផលិផលតដែលមានតម្លៃទាបមួយចំនួនមិនសុទ្ធតែល្អទេ ទំនិញខ្លះប្រើបានត្រឹមរយៈពេលខ្លីក៏ខូច ហើយត្រូវទិញថ្មីជារឿយៗ។ ជាជម្រើសដ៏ឆ្លាតវៃ ជ្រើសរើសទិញផលិតផលដែលមានគុណភាពល្អ ទោះតម្លៃរាងខ្ពស់បន្តិច ប៉ុន្តែអ្នកចំណាយតែម្ដងអាចប្រើបានយូរ។
៣. ទិញបន្ថែមដើម្បីឱ្យបាន “ការដឹកជញ្ជូនឥតគិតថ្លៃ”៖ នេះជាយុទ្ធសាស្ត្រដ៏ទន់ភ្លន់មួយរបស់អ្នកលក់មួយចំនួន មនុស្សជាច្រើនចូលចិត្តទិញទំនិញបន្ថែមដោយគិតថា ទិញច្រើនចំណេញលើថ្លៃដឹកជញ្ជូនទោះបីទំនិញនោះជាទំនិញដែលមិនចាំបាច់ក៏ដោយ។ ប៉ុន្តែបើអ្នកបូករុបឡើងវិញ ការចំណាយរបស់អ្នកគឺអស់ច្រើនជាងអ្វីដែលអ្នកគិត ។ ការសន្សំប្រាក់ពិតប្រាកដ មិនមែនទិញអ្វីដែលមានតម្លៃថោក ឬមានការហ្វ្រីលើការដឹកជញ្ជូនទេ ប៉ុន្តែជាការទិញតែអ្វីដែលអ្នកត្រូវការ និងប្រើប្រាស់បានពិតៗ។
៤. មិនទៅពិនិត្យសុខភាពប្រចាំឆ្នាំ៖ មនុស្សមួយចំនួនគិតថា ការមិនទៅពិនិត្យសុខភាពជាប្រចាំជួយសន្សំប្រាក់បាន ប៉ុន្តែជាការពិត វាអាចនាំឱ្យមានការចំណាយច្រើនជាងមុននៅពេលអ្នកកើតជំងឺ។ ការទៅពិនិត្យសុខភាពជាប្រចាំអ្នកមិនត្រូវចំណាយច្រើនខ្លាំងទេ បើធៀបនឹងការចំណាយនៅពេលអ្នកមានជំងឺ។ ហើយជាពិសេសនោះ ការទៅពិនិត្យសុខភាពជាប្រចាំក៏ជួយឱ្យអ្នកអាចការពារខ្លួន ឬព្យាបាលបានទាន់ពេលប្រសិនបើសុខភាពរបស់អ្នកមានបញ្ហាណាមួយ។ ប្រសិនបើរង់ចាំរហូតដល់រោគធ្ងន់ វាមិនត្រឹមតែចំណាយប្រាក់ច្រើនទេ តែអាចប៉ះពាល់ដល់ជីវិតផងដែរ។ ចាំថា ការថែសុខភាពគឺជាការវិនិយោគដ៏សំខាន់បំផុត។
ដូច្នេះ ការសន្សំដ៏ឆ្លាតវៃមិនមែនជាការចំណាយតិចបំផុតទេ ប៉ុន្តែជាការចំណាយឱ្យត្រូវ។ មនុស្សឆ្លាតមិនមែនជាមនុស្សមិនចាយទេ តែជាមនុស្សដឹងថា តើគួរចាយលើអ្វី និងពេលណា។ នៅពេលអ្នករៀនចេះលើការចំណាយ ប្រើប្រាស់អ្វីៗដោយមានគ្រោងការណ៍ និងវិនិយោគដោយការយល់ដឹង ហិរញ្ញវត្ថុរបស់អ្នកនឹងកាន់តែរឹងមាំ៕
អត្ថបទដោយ៖ សារួ