ពេលអ្នកកំហឹងមួយពេលនាំឱ្យរឿងធំ នាំឱ្យខាតពេលវេលា និងប៉ះពាល់ផ្លូវចិត្តណាស់។ បើអ្នកជះកំហឹងទៅលើប្រពន្ធកូននោះ តើគ្រួសាររបស់អ្នករស់នៅមានក្តីសុភមង្គលទេ? បើអ្នកឈ្លោះជាមួយអ្នកដទៃហើយប្រើកំហឹង តើវាមានបញ្ហាអ្វីកើតឡើង? តាមព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា ខឹងច្រើន ទើសច្រើន ចិត្តមិនស្ងប់ទេ។ បើអ្នករៀនគិតតាមនេះ ចិត្តរបស់អ្នកនឹងស្ងប់មិនខានទេ។
ហើយព្រះអង្គបានលើកឡើងថា ចូររៀនអត់ឱន រៀនមានអំណត់ ទទួលស្គាល់ថា មនុស្សសន្សំនិស្ស័យមកខុសគ្នា រៀនណែនាំដោយពាក្យល្អ ដោយចិត្តមេត្តា ទើបបញ្ហាធំក្លាយជាបញ្ហាតូច។ ភាពអត់ធន់មិនមែនមានន័យថា មិនខ្វល់ទេ គ្រាន់តែអ្នកអាចគ្រប់គ្រងចិត្តខ្លួនឯងបាន ហើយដោះស្រាយដោយសន្តិវិធី ក្តីស្ងប់ក៏កើតមាន។ ការអត់ធន់បង្ហាញពីភាពចាស់ទុំ និងពីលំនឹងផ្លូវចិត្តរបស់អ្នក។ ដល់ពេលអ្នកមិនចង់ចងកម្មពៀរ សម្លឹងមើលវែងឆ្ងាយ មិនសូវខ្វល់ពីការវិនិច្ឆ័យរបស់អ្នកដទៃ មកលើជីវិតអ្នក តែអ្នកក៏ត្រូវមានបញ្ញាការពារខ្លួនដែរ កុំធ្វេសប្រហែសឡើយ។ ពេលអ្នកគិតបែបនេះ ផ្លូវចិត្តរបស់អ្នកមានក្តីរឹងមាំ។
តាមសៀវភៅ លំហូរចិត្ត ជាសៀវភៅមួយក្បាលជួយផ្លូវចិត្តមនុស្សច្រើនណាស់ឱ្យប្រសើរឡើងទាំងអារម្មណ៍ខឹង ការបាក់ទឹកចិត្ត និងរស់នៅគ្មានតម្លៃក៏សៀវភៅ ១ក្បាលនោះ មានក្បួនជួយដោះស្រាយបានល្អដែរ។ តាមសៀវភៅ លំហូរចិត្ត បញ្ជាក់ថា បើអ្នកមិនបានអប់រំចិត្តដោយសតិបញ្ញា ចិត្តរបស់អ្នកមិនស្ងប់ទេ។ ព្រះអង្គ គូ សុភាព បានសម្តែងថា អ្នកពូកែខឹងច្រើន ទើសច្រើន ច្រើនតែធ្វើឱ្យចិត្តជាប់ច្រវាក់ជាមួយក្តីមួម៉ៅ ភាពស្មុគស្មាញ និងពិបាកចិត្ត ទាំងអស់នេះជាសំរាមនាំឱ្យចិត្តមនុស្សគ្មានលំហូរចិត្តទៅរកក្តីស្ងប់សោះ។ ពាក្យខ្មែរយើងថា “ខឹងខុស ខឹងខាត”។ ពេលខ្លះអ្នកប្រើកំហឹងមួយឆាវទៅលើកិច្ចការ និងនរណាម្នាក់ក៏ដោយ ក៏អាចឱ្យអ្នកដេកស្តាយក្រោយអស់មួយជីវិតពីទង្វើរបស់ខ្លួនផងដែរ។ សព្វថ្ងៃនេះ មនុស្សច្រើនខ្វះមេត្តា ការអត់ឱនដល់គ្នា ជាហេតុនាំឱ្យមានជម្លោះ មានការមិនចុះសម្រុងគ្នាច្រើន។ រៀនមានមេត្តា រៀនបង្កើនចិត្តស្រលាញ់ដល់គ្នាទៅវិញទៅមក ទើបចិត្តបានសុខ៕ អត្ថបទដោយ៖ ទ្រ សុភាព
អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ👉 https://t.me/BusinessCambodiaBook