ការចាក់វ៉ាក់ស៊ាំងនៅក្នុងប្រទេសកម្ពុជានៅតែក្លាយមុំដ៏ក្តៅគគុកមួយ ខណៈពេលដែលគម្រោងចាក់ដូសទី៣បានលេចចេញជារូបរាង ផ្តល់ជូនឱ្យប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ ដោយវត្តមានវ៉ាក់ស៊ាំងដូសទី៣នេះ គឺជា វ៉ាក់ស៊ាំង អាស្រ្តាហ្សេនីកា។ ពាក់ព័ន្ធជាមួយនឹងព្រឹត្តកាណ៍ចាក់វ៉ាក់ស៊ាំងក្នុងប្រទេស ថ្ងៃនេះផងដែរ Healthy Cambodia សូមរំលឹកនូវក្បួនចាស់ បន្ថែមរូបមន្តថ្មី ជួយឱ្យសរីរាង្គឆ្លើយតបជាមួយនឹងវ៉ាក់ស៊ាំង បង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩៖
១. រក្សាជាតិទឹកក្នុងខ្លួន៖ ការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់មុននិងក្រោយការទទួលវ៉ាក់សាំងកូវីដគឺមានសារៈសំខាន់ខ្លាំងណាស់ ប្រតិកម្មជីវគីមីជាច្រើនដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នកជារៀងរាល់ថ្ងៃបណ្តាលឱ្យបាត់បង់ជាតិទឹក និងតម្រូវការបំពេញជាតិទឹកជាប្រចាំ។ ការខ្សោះជាតិទឹកកើតឡើងនៅពេលអ្នកមិនទទួលទានជាតិទឹកគ្រប់គ្រាន់ដើម្បីជំនួសទឹកដែលបាត់បង់ទៅតាមទឹកនោម លាមក ញើស និងដង្ហើមរបស់អ្នក។ ការសិក្សាជាច្រើនបានបង្ហាញថាការខ្សោះជាតិទឹកបន្តិចបន្តួចអាចនាំឱ្យកម្រិតថាមពលធ្លាក់ចុះ និងសមត្ថភាពក្នុងការផ្តោតអារម្មណ៍ថយចុះជាលំដាប់ចំណែកឯប្រព័ន្ធភាពស៊ាំក៏ទៅតាមនោះដែរ។
២. អាហារត្រូវញ៉ាំ៖ ក្នុងដំណើរនៃការជ្រាបចូលនូវប្រសិទ្ធភាពវ៉ាក់ស៊ាំងទៅក្នុងសរីរាង្គនេះដែរ ក៏ត្រូវការនូវរូមមន្តពិសេសជំនួយបន្ថែម ដើម្បីជួយពន្លឿនដល់ផលិតភាពវ៉ាក់ស៊ាំងផ្សាំខ្លួនចូលក្នុងសរីរាង្គកាយ។ តាមប្រភព health.com បានបង្ហាញឱ្យឃើញថា ការទទួលទានបន្លែ ត្រីសាច់ និងផ្លែឈើស្រស់ បាននូវសារធាតុវីតាមីនជាច្រើនដែលរាងកាយរបស់យើងត្រូវការ ហើយជាការណែនាំដ៏ល្អនោះ ក្រុមគ្រូពេទ្យក៏បានបង្ហាញផ្តល់នូវជម្រើសអាហារជាប្រភេទ ផ្កាខាត់ណាខៀវ ដំឡូង ត្រីសាលមុន ល្មៀត ខ្លឹម សណ្តែក បាយ...ជាដើម ដែលក្រុមអាហារសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើនដល់សារពាង្គកាយ។ ដោយឡែកតាមប្រភពដដែលក៏បានបន្ថែមថា កុំព្យាយាមទទួលទានអាហារណាដែលបណ្ដាលឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកដូចជាសារធាតុ កាហ្វេអ៊ីន នីកូទីន ឬអាហារដែលមានសារធាតុសរសៃតិច និងសារធាតុផ្អែមផងដែរ។
៣. ធ្វើលំហាត់ប្រាណ៖ ការហាត់មិនមែនតម្រូវឱ្យហាត់ខ្លាំងនោះទេ គ្រាន់តែឱ្យធ្វើសកម្មភាពសាមញ្ញៗប៉ុណ្ណោះ ដែលជាសកម្មភាពប្រចាំថ្ងៃនៅផ្ទះរបស់អ្នកមានដូចជា៖ បោសសម្អាត ថែសួន រាំ ដើរចុះឡើង រៀបចំទុកដាក់របស់របរក្នុងផ្ទះ លេងជាមួយសត្វចិញ្ចឹម...ជាដើម។ សកម្មភាពបែបនេះ ជាទូទៅតម្រូវឱ្យធ្វើយ៉ាងហោចណាស់ ១៥០ទៅ៣០០នាទី ក្នុង១សប្តាហ៍។ ន្ថែមជាមួយគ្នានេះផងដែរ ប្រសិនអនុវត្តន៍នៅសកម្មភាពទាំងនេះបានវានឹងជួយអ្នកបានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បន្ថែមពីនេះទៅទៀត ការធ្វើសមាធិ និងបន្ធូរអារម្មណ៍ដោយដកដង្ហើមចេញចូលរក្សាភាពស្ងប់ស្ងាត់ ក៏ជាច្ចេកទេសបន្ធូរអារម្មណ៍ដើម្បីជំនួយដល់ខួរក្បាលរបស់អ្នកផងដែរ។
៤. គេងឱ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់មុនពេលចាក់វ៉ាក់ស៊ាំង និងក្រោយពេលចាក់គឺមានសារៈសំខាន់ណាស់ព្រោះ រាងកាយរបស់អ្នកប្រើការគេងដើម្បីបង្កើតការការពាររបស់ខ្លួនឡើងវិញ ហើយការគេងមិនលក់រ៉ាំរ៉ៃពិតជាធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកធ្លាក់ចុះ។ ដូច្នេះដើម្បីបង្ការដល់បញ្ហាមួយនេះ អ្នកគួរមានពេលវេលាគេងឱ្យបានច្បាស់លាស់ ចន្លោះពី ៧ទៅ៩ម៉ោង។កំណត់ការទទួលទានជាតិកាហ្វេអ៊ីននិងជាតិអាល់កុលរបស់អ្នក។ សារធាតុទាំងពីរនេះអាចរំញោចដល់ប្រព័ន្ធប្រសាទនៃសរីរាង្គរំខានដល់គុណភាពដំណេក ហេតុនេះគួរជៀសវាងការផឹកស្រាក្នុងរយៈពេលបីម៉ោងមុនពេលចូលគេង និងជាតិកាហ្វេអ៊ីនក្នុងរយៈពេលប្រាំម៉ោង។
បន្ថែមជាមួយនឹងការរៀបរាប់ខាងលើផងដែរ អ្នកគួរតែស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ និងគោរពតាមគោលការណ៍ដែលក្រសួងបានកំណត់ បន្តប្រកាន់ភ្ជាប់នៅវិធានការ ៣កុំ៣ការពារ ក្នុងគោលបំណងរួមគ្នាកម្ចាត់វីរុសកូវីដ១៩ឱ្យរលត់លុតពីផែនដី៕