វីតាមីន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់និងចាំបាច់បំផុតសម្រាប់រាងកាយរបស់មនុស្សគ្រប់វ័យ។ វីតាមីនជួយឱ្យកុមារលូតលាស់ល្អ ឆ្អឹងរឹងមាំ ជួយឱ្យមនុស្សពេញវ័យមានសុខភាពល្អ មិនងាយឆ្លងជំងឺផ្តេសផ្តាស។ ចំពោះមនុស្សចាស់ជួយឱ្យមានការចងចាំល្អ មិនឆាប់កោងឆ្អឹង មិនបាក់កម្លាំង និងជាពិសេសជួយសម្រស់ឱ្យនៅក្មេងជាងវ័យ ស្បែកភ្លឺថ្លាថែមទៀតផង។
ជាការពិតណាស់ បើតាមការឱ្យដឹងពីគេហទំព័រ timesofindia លោកវេជ្ជបណ្ឌិត Kaustav Guha ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៅ SkinKraft Laboratories បានមានប្រសាសន៍ថា មនុស្សពេញវ័យរាប់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ រាងកាយចាំបាច់ត្រូវការវីតាមីនបំផុត ពីព្រោះ វីតាមីនដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តកោសិកា ជួសជុលការខូចខាត DNA ផ្តល់សារធាតុចិញ្ចឹមផ្សេងៗ ជំរុញប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ។ ប្រសិនបើរាងកាយរបស់អ្នកមានកម្រិតវីតាមីនទាប សភាពស្បែកមើលទៅហាក់ដូចជាខ្វះជាតិទឹក ឆាប់ជ្រួញ និងឆាប់ចាស់ផងដែរ។ លោកវេជ្ជបណ្ឌិត Kaustav Guha ប្រាប់ថា ប្រសិនជាអ្នកមិនចង់ចាស់មុនអាយុ និងចង់ជួយស្បែកឱ្យមានសុខភាពល្អ ភ្លឺថ្លាពីខាងក្នុង អ្នកគួរញ៉ាំវីតាមីនខាងក្រោមឱ្យត្រូវបានបរិមាណណែនាំ។
១. វីតាមីនជួយសម្រស់
វីតាមីនA៖ វីតាមីន A ជាវីតាមីនរលាយក្នុងខ្លាញ់ ជួយសម្រួលដល់ការលូតលាស់កោសិកា ធ្វើអោយស្បែកមានភាពស្រស់ថ្លាទាំងស្រទាប់ខាងលើ និងខាងក្រោមនៃស្បែករបស់អ្នក បង្កើនការផលិតកូឡាជែនធ្វើអោយស្បែករលោង កាត់បន្ថយស្នាមជ្រួញ និងស្នាមជ្រួញ កាត់បន្ថយការខូចខាតដោយសារកាំរស្មី UV នៃព្រះអាទិត្យ។ សម្រាប់មនុស្សពេញវ័យគួរញ៉ាំវីតាមីនA ០.៧មីលីក្រាមសម្រាប់បុរស និង ០.៩មីលីក្រាមសម្រាប់ស្ត្រីក្នុងមួយថ្ងៃ។
អាហារដែលមានវីតាមីន A មានដូចជា៖ បន្លែ ផ្លែឈើ ការ៉ុត ល្ពៅ ក្រូច ល្ហុង ស្វាយ ប្រេងថ្លើម cod, ស៊ុត, ថ្លើមគោ ទឹកដោះគោ ឈីស ការ៉េមជាដើម។
វីតាមីនC៖ ជាវីតាមីនរលាយក្នុងទឹក វាមានតួនាទីជួយជំរុញការសំយោគកូឡាជែន ដែលរក្សាស្បែករបស់អ្នកឱ្យរឹងមាំ កាត់បន្ថយការបំផ្លាញពីកាំរស្មី UV ពីព្រះអាទិត្យជួយស្បែក ស ភ្លឺ រលោង។ តម្រូវការប្រចាំថ្ងៃនៃវីតាមីន C គឺ ៩០មីលីក្រាមចំពោះបុរស និង ៧៥មីលីក្រាមចំពោះស្ត្រី។ អាហារដែលមានវីតាមីន C មានដូចជា៖ ផ្លែក្រូច ក្រូចឆ្មា ក្រូចថ្លុង ប៉េងប៉ោះ ម្ទេសក្រហម និងបៃតង បន្លែបៃតង ដូចជា ប្រូខូលី ជាដើម ផ្លែឈើផ្សេងទៀតដូចជា គីវី ផ្លែស្ត្របឺរីជាដើម។
វីតាមីនE៖ វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមានមុខងារចម្បងក្នុងការថែរក្សាស្បែកគឺការពារប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ។ មនុស្សពេញវ័យភាគច្រើនត្រូវការវីតាមីន E ប្រហែល ១៥ mg ក្នុងមួយថ្ងៃ។ អ្នកអាចទាញវីតាមីន Eចូលទៅក្នុងស្បែករបស់អ្នកបានតាមរយៈ ញ៉ាំគ្រាប់អាល់ម៉ុន គ្រាប់ hazelnuts គ្រាប់ផ្កាឈូករ័ត្ន លេបថ្នាំគ្រាប់វីតាមីន E ។
វីតាមីនD៖ វីតាមីន D មានសារសំខាន់ណាស់សម្រាប់ស្បែក វីតាមី D ភាគច្រើនត្រូវបានបង្កើតឡើងដោយពន្លឺព្រះអាទិត្យដែលស្រូបយកដោយស្បែករបស់អ្នក។ ស្បែករបស់អ្នកចាំបាច់ត្រូវតែប៉ះជាមួយពន្លឺព្រះអាទិត្យឱ្យបាន ១០ នាទីក្នុងមួយថ្ងៃនៅពេលដែលស្បែករបស់អ្នកទៅប៉ះជាមួយពន្លឺព្រះអាទិត្យ កោសិកាថ្លើម និងតម្រងនោម វានឹងទៅទាញយកវីតាមីន D ហើយដឹកជញ្ជូនទូទាំងរាងកាយ ជាពិសេសជួយឱ្យស្បែកមានសុខភាពល្អ។ ដើម្បីទទួលបានវីតាមីន D កាន់តែច្រើននៅក្នុងរាងកាយអ្នកអាចទទួលទាន អាហារដូចជា គ្រាប់ធញ្ញជាតិជាអាហារពេលព្រឹក ញ៉ាំទឹកក្រូច ទឹកដោះគោជូរ ត្រីសាម៉ុង ត្រី ធូណា និងត្រីខ ជាដើម។ ហើយក្នុង១ថ្ងៃ រាងកាយរបស់អ្នកត្រូវការវីតាមីនD ០.០២មីលីក្រាម។
២. វីតាមីនជួយឱ្យអាយុវែង គ្មានជំងឺ
អ្នកឧញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា វ័យចំណាស់ជាវ័យមួយដែលមនុស្ស បាក់កម្លាំង ទន់ខ្សោយ ងាយប្រឈមជាមួយជំងឺបំផុត។ ដូច្នេះដើម្បីជួយដល់សុខភាព និងរាងកាយរឹងមាំល្អ ឈ្នះជំងឺផ្សេងៗគឺក្រុមមនុស្សវ័យចំណាស់ត្រូវតែពិសាវីតាមីន ៧ មុខនេះឱ្យបានជាប្រចាំ។
Omega 3 ៖ មានតួនាទីជួយភ្នែក ជំនួយដល់គន្លាក់ដៃជើង សម្រួលសរសៃ ជួយបេះដូង និងកាត់បន្ថយការកើតជំងឺផ្សេងៗ។
Coenzyme Q10 ៖ មានតួនាទីជាប្រព័ន្ធការពារជំងឺផ្សេងៗជាពិសេសគឺជំងឺមហារីក។
Multivitamin ៖ គឺជាវីតាមីនដែលជួយបំពេញសារធាតុចិញ្ចឹមឱ្យទៅរាងកាយ ពីព្រោះមនុស្សចាស់នៅពេលបរិភោគអាហារ ប្រព័ន្ធរំលាយអាហាររបស់គាត់មិនអាចរំលាយចម្រាញ់យកជីវជាតិបានល្អដូចក្មេងនោះទេ ដូច្នេះហើយទើបតម្រូវឱ្យគាត់ញ៉ាំ Multivitamin នេះដើម្បីបំពេញជីវជាតិបន្ថែម។
វីតាមីន D ៖ វីតាមីន D វាមានតួនាទីជួយឱ្យឆ្អឹងរបស់យើងរឹងមាំ ជាពិសេសគឺមនុស្សចាស់ ជួយឱ្យឆ្អឹងរឹងមាំ មិនចេះចុករោយ និងមិនងាយកោងឆ្អឹងផងដែរ។ របៀបនៃការញ៉ាំគឺញ៉ាំមួយថ្ងៃ១គ្រាប់ មុនឬក្រោយអាហារពេលព្រឹក ១ ទៅ ២ ម៉ោង។
វីតាមីន C ៖ មនុស្សចាស់គឺគេតម្រូវឱ្យញ៉ាំវីតាមីន C 500g មួយថ្ងៃ៣គ្រាប់ ពេលព្រឹក ថ្ងៃ និងល្ងាច ដើម្បីឱ្យជម្រុញប្រព័ន្ធការពារឱ្យខ្លាំង ស្បែកកាត់បន្ថយកុំឱ្យស្បែកជ្រីវជ្រួញ ជួយភ្នែកឱ្យភ្លឺថ្លា មិនងាយស្រវាំង។
វីតាមីន B ៖ ដើរតួនាទីជួយកោសិការខួរក្បាលមនុស្សចាស់ កុំឱ្យឆាប់ភ្លេចភ្លាំង សម្រាន្តលក់ស្រួល ធ្វើឱ្យស្មារតីរហ័សរហួន ចលនាឈាមរត់ល្អ។
Calcium ៖ មានតួនាទីជួយឆ្អឹង ពីព្រោះមនុស្សចាស់តែងតែមានបញ្ហាឆ្អឹងផុយ ស្រួយ ឆាប់បាក់។ Calcium ជួយកាត់បន្ថយជំងឺរលាកឆ្អឹង និងការចុករោយផងដែរ។
គូសបញ្ជាក់ផងដែរថាវីតាមីនទាំង២ក្រុមខាងលើដែលវេជ្ជបណ្ឌិតបានណែនាំគឺមានសារសំខាន់បំផុតសម្រាប់មនុស្សចាប់ពីពេញវ័យរហូតដល់វ័យចាស់ លោកអ្នកគួរញ៉ាំទៅតាមការណែនាំឱ្យបានត្រឹមត្រូវ៕
អត្ថបទដោយ៖ មឿន គន្ធា

