១.លោកស្រី Fan Bing Bing
នៅក្នុងគេហៈទំព័រ DailyVanity លោកស្រី Fan Bing Bing បាននិយាយថា” ទម្លាប់ក្នុងការថែរក្សាសម្រស់របស់គាត់គឺ ពិតជាសាមញ្ញៗ គឺលោកស្រីតែងតែចំណាយពេលទៅម៉ាស្សាផ្ទៃមុខនៅហាងម៉ាស្សា ឬពេលខ្លះម៉ាស្សាដោយខ្លួនឯងជាមួយផលិតផលដែលមានជាតិសំណើម និងសារធាតុចិញ្ចឹមដល់ស្បែកមុខ។ ការម៉ាស្សាស្បែកមុខញឹកញាប់ នឹងជួយឱ្យស្បែកមុខមានភាពទន់ មានសំណើម កាត់បន្ថយភាពជ្រួញនៅក្នុយភ្នែក ចិញ្ចើម ជាដើម។ ហើយអ្នកស្រីតែងតែធ្វើបែបនេះ ក្នុងការថែរក្សាផ្ទៃមុខឱ្យនៅតែក្មេងនិង ស្បែកតឹងភ្លឺម៉ដ្ឋរលោង" ។
លោកស្រីបន្តថា មូលហេតុដែលគាត់ចូលចិត្តក្នុងការម៉ាស្សាមុខ គឺវាជាផ្នែកមួយដែលជួយឱ្យស្បែកមុខតឹងណែន និងទម្រង់មុខស្លីមស្អាត ផ្ទៃមុខតូចជាងមុនជាដើម។ ក្រៅពីនេះ អ្នកស្រីប្រាប់ថា រឿងដែលអ្នកមិនគួរមើលរំលង គឺការប្រើប្រាស់ Sunscreen ក្នុងការពារស្បែកមុខ មិនថាអ្នកចេញក្រៅ ឬនៅក្នុងផ្ទះមិនត្រូវពន្លឺព្រះអាទិត្យនោះទេ ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ (Sunscreen) ពិតជាសំខាន់ ពីព្រោះវាបានដើរតួនាទីក្នុងការពារ ធូលីដី បាក់តេរី ផ្សែងពុល និងការបំផ្លាញស្បែកមុខពីពន្លឺកុំព្យូទ័រ ទូរទស្ស ទូរសព្ទ ឬ ផ្ទាំងកញ្ចក់ជាដើម។ ហើយទៀតសោត ពន្លឺទាំងអស់នេះ គឺងាយនឹងធ្វើឱ្យស្បែកមុខឆាប់ស្ងួត បាត់បង់សំណើម ជាតិប្រេងធម្មជាតិលឿនបំផុត ដែលបណ្ដាលឱ្យស្បែកឆាប់មានភាពជ្រីវជ្រួញ។
២.លោកស្រី Vicki Zao
ជាមួយគ្នានេះ លោកស្រី Vicki បាននិយាយថា ”អាចថាជាក្បួនក៏បាន ទម្លាប់ក៏បាន សម្រាប់ខ្ញុំ គឺខ្ញុំតែងតែធ្វើវាជាប្រចាំ ដូចនេះប្រហែលវាជាទម្លាប់ហើយមើលទៅ ហើយសម្រាប់ទម្លាប់ដែលខ្ញុំតែងតែធ្វើក្នុងការថែសម្រស់ក្នុងវ័យជ្រេរនេះ គឺខ្ញុំពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ មិនថារបបអាហារ ឬការប្រើគ្រឿងថែរក្សាសម្រស់នោះទេ”។
លោកស្រីបន្តថា “សម្រាប់ការថែរក្សាសម្រស់ពីខាងក្នុង គឺខ្ញុំតែងតែបរិភោគអាហារដែលសម្បូរបន្លែបៃតងព ស្ពៃ ផ្កាខាត់ណា ស្ពៃខ្មៅ សណ្ដែក និងបន្លែដែលមានជាតិកាកសរសៃផ្សេងៗទៀត" ។ ខ្ញុំបរិភោកអាហារបែបនេះ ពីព្រោះវាសម្បូរជាតិកាកសរសៃច្រើន វាអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ វាជួយឱ្យបន្ទរបង់ស្រួល និងជួយដេញជាតិពុលចេញពីរាងកាយ ដូជនេះនៅពេលដែលយើងគ្មានជាតិពុលស្ដុកទុកក្នុងរាងកាយនោះទេ វានឹងធ្វើឱ្យសារធាតុចិញ្ចឹម ដែលបានមកពីទឹកក្រូចច្របាច់ ទឹកប៉ោម ទឹកការ៉ុតដែលខ្ញុំបានផឹកនោះ វាអាជួយជំរុញដល់ការផលិតកូឡាជេនសម្រាប់ស្បែក ដែលធ្វើឱ្យស្បែកមានសភាពភ្លឺរលោង និងមិនមានភាពជ្រីវជ្រួញនោះទេ ។ លោកស្រី Vicki Zhao បញ្ជាក់ថា ដើម្បីឱ្យស្បែកកាន់តែមានសំណើមល្អ និងការរក្សាជាតិទឹកក្នុងខ្លួន គឺអ្នកស្រីត្រូវការញ៉ាំទឹកច្រើនៗក្នុងមួយថ្ងៃ ទោះបីជាលោកស្រីរវល់ពេលខ្លះភ្លេចញ៉ាំទឹកក៏ដោយ ក៏លោកស្រីនៅតែព្យាយាមញ៉ាំទឹក ពីព្រោះជាតិទឹកនឹងជួយផ្ដល់សំណើមឱ្យស្បែកពីខាងក្នុង ជាតិទឹកនឹងជួយឱ្យស្បែកមានភាពទន់ ទប់ស្កាត់ភាពជ្រួញ និងជួយទប់ស្កាត់ការឡើងគីឡូទៀតផង។
៣.Dilraba តារាល្បីប្រទេសចិន
ក្បួនថែរក្សាសម្រស់របស់នាង គឺនាងបែងចែកជា៣សំខាន់ៗ ក្នុងនោះនាងផ្ដោតទៅលើការគេង ការបរិភោគអាហារ និងការប្រើប្រាស់គ្រឿងថែរក្សាសម្រស់ជាប្រចាំថ្ងៃរបស់នាង។
Dilraba និយាយថា មូលហេតុដែលនាងគិតថាការគេងពិតជាសំខាន់ ពីព្រោះនៅពេលដែលនាងគេងមិនបានគ្រប់គ្រាន់ នាងសង្កេតឃើញស្បែករបស់នាង ទាំងស្បែកមុខ និងស្បែកមួយតួខ្លួនរបស់នាង មានសភាពស្រអាប់ខ្លាំង វាហាក់បីដូចជាបាត់បង់ពន្លឺស្រស់ថ្លាភ្លឺមកពីខាងក្នុងអញ្ចឹង ដូចនេះនាងតែងតែចំណាយពេលក្នុងការគេងឱ្យបានគ្រប់។
Dilraba បញ្ជាក់ថា ជាការពិតណាស់បើនិយាយពីអាហារ គឺនាងមិនចូលចិត្តញ៉ាំអាហារដែលមានរសជាតិផ្អែមនោះទេ ពីព្រោះវាឆាប់ធ្វើឱ្យស្បែកចាស់ ស្ងួត និងមានភាពជ្រីវជ្រួញលឿនណាស់។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ថាជាតិស្ករគឺជាកត្តារារាំងការផលិតកូឡាជែន ដែលផ្ដល់ពន្លឺដល់ស្បែក ដូចនេះប្រសិនបើអ្នកញ៉ាំអាហារដែលមានជាតិស្ករច្រើន មិនត្រឹមតែធ្វើឱ្យមុខឆាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកងាយនឹងឡើងគីឡូទៀតផង។
ដោយឡែកចំពោះ ការថែរក្សាស្បែកជាធម្មតា ខ្ញុំតែងតែធ្វើការបិទម៉ាស ម៉ាស្សាផ្ទៃមុខរបស់ខ្ញុំ រួចហើយលាបឡេផ្ដល់សំណើមសម្រាប់ស្បែកមុខ ខ្ញុំឧស្សាហ៍ធ្វើបែបនេះណាស់ ពីព្រោះវាជួយឱ្យស្បែកមុខខ្ញុំទន់ និងម៉ដ្ឋរលោង ហើយវាក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅត្រង់កន្ទុយភ្នែកទៀតផង។
សូមបញ្ជាក់ថា ទាំងនេះ ជាក្បួនថែរក្សាសម្រស់របស់ពួកគាត់ទាំង៣ ដែលក្រុមការងារចាបបៃតងបានធ្វើការដកស្រង់ចេញពីគេហៈទំព័រជាច្រើនរបស់ប្រភពបទេស ដូចនេះ ប្រសិនបើលោកអ្នកពេញចិត្តជាមួយនឹងក្បួនថែរក្សាសម្រស់របស់តារារូបណា សូមអនុវត្តដូចគាត់ជាប្រចាំ នោះនឹងទទួលបានសម្រស់ស្អាតផងដែរ។
អត្ថបទដោយ៖ តឹក ស៊ីថា