សព្វថ្ងៃនេះ មនុស្សភាគច្រើនមានបញ្ហាផ្លូវចិត្តមានដូចជាស្រ្តេស បាក់ទឹកចិត្ត និងតានតឹងអារម្មណ៍ជាដើម។ មកពីកត្តាជាច្រើនរួមមានបញ្ហាការងារ បញ្ហាគ្រួសារ និងបញ្ហារបស់សង្គមផងដែរ។ បើអ្នកចង់រំដោះបញ្ហាចិត្តនោះ អ្នកគួរមានផ្នត់គំនិត ២នេះ ដើម្បីឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរឡើងវិញ។
ពេលអ្នកមានអារម្មណ៍តានតឹងខ្លាំង ដើម្បីឱ្យស្រាលបញ្ហាចេញពីក្នុងចិត្តនោះ ចូលអ្នកប្រើខ្យល់ដង្ហើម។ ព្រោះវាជាផ្លូវដើម្បីរំដោះបញ្ហាចេញពីចិត្ត ហើយខ្យល់ដង្ហើមជាថាមពលផ្លូវចិត្តឱ្យអ្នកចេះស្រឡាញ់ខ្លួនឯង។ តាមលោកគ្រួ នឹម ឈុន្នី ជាគ្រួបណ្តុះបណ្តាលផ្លូវចិត្តបានលើកឡើងថា “ការផ្តល់ថាមពលឱ្យខ្លួនឯងគ្រាន់តែអ្នកចំណាយពេលឱ្យខ្លួនត្រឹមតែ ៧នាទី ចិត្តរបស់អ្នកនឹងស្ងប់”។ តាមព្រះពុទ្ធបានសម្តែងថា “គំនិតល្អៗ ផុសពេលចិត្តអ្នកស្ងប់”។ ព្រោះគំនិតជាផ្លូវ។ អ្នកអាចមើលឃើញអនាគត និងមើលឃើញផ្លូវដោះស្រាយបញ្ហា គេមើលនឹងគំនិត មិនមែនមើលនឹងភ្នែកនោះទេ។ ការបណ្តុះគំនិតល្អៗ ឱ្យមើលឃើញពីអនាគត អ្នកត្រូវប្រមូលគំនិតចេញពីការស្តាប់ ពីការអានសៀវភៅ និងទៅនិយាយជាបុគ្គលដែលមានបទពិសោធន៍ មានចំណេះច្រើន ទើបអ្នកដុះគំនិតល្អៗ ទៅដោះបំណុលនិងបញ្ហាផ្សេងៗដែរ។ ប្រើចិត្តស្ងប់ក្នុងបញ្ហាដើរទៅមុន ដើរទៅរកគោលដៅ។
ផ្នត់គំនិតទីពីរ គេផ្តោតទៅលើសុខភាពរាងកាយគឺធ្វើហាត់ប្រាណ។ កុំភ្លេចរាងកាយ ការពិតរាងកាយនឹងចិត្តតែមួយទេ ខ្វះគ្នាមិនបានទេ។ បើកាយឈឺ អ្នកកាន់តែចំណាយលុយច្រើនឡើងដើម្បីព្យាបាល។ បើអ្នកមានបញ្ហាសុខភាព អ្នកធ្វើការនិងរកស៊ីគ្មានលំហូរចិត្តដែរ។ មានតែហូរបំណុលកើនឡើងថែមទៀត។ កុំមើលរំលងសុខភាពកាយ ការថែកាយដូចជាថែចិត្តរបស់អ្នកដែរ។ ពេលចិត្តរបស់អ្នករឹងមាំ អ្នកនឹងធ្វើការនិងរកស៊ីក៏មានចំណូលកើនដែរ។ ទោះបីអ្នកដើរដល់គោលដៅក៏ដោយ ប្រសិនបើអ្នកបាត់បង់ក្តីសុខនិងសុខភាពក្នុងការធ្វើដំណើរតាមផ្លូវ តើជីវិតរបស់អ្នករស់នៅមានន័យទេ? ការរស់នៅបែបនេះខុសពីលំហូរចិត្តហើយ អ្នកត្រូវតែរស់នៅត្រូវចេះថែទាំសុខភាពរាងកាយនិងផ្លូវចិត្ត ទើបអ្នករស់នៅស្របតាមលំហូរចិត្តនិងធ្វើកិច្ចការក៏មានលទ្ធផលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព