មានមនុស្សជាច្រើនបានមើលឃើញពីភាពអស្ចារ្យរបស់ក្រុមហ៊ុនតេសឡា (Tesla) តែពួកគេមិនដែលគិតថា បុគ្គលិកម្នាក់ៗ នៅ តេសឡា បានលះបង់ បានធ្វើអ្វីខ្លះទេ? គ្មានអ្នកណាចាប់អារម្មណ៍នៅពេលពួកគេទម្លាក់ញើសឈាម ជួបបញ្ហាបរាជ័យលើគម្រោងម្តងហើយម្តងទៀត ហើយពេលខ្លះអង្គុយស្រក់ទឹកភ្នែកក៏មានដែរ។ ទម្រាំតែអាចដឹកនាំក្រុមហ៊ុន តេសឡា មកឈរជើងលេខមួយក្នុងវិស័យឡាន។ នេះជាលទ្ធផលអស្ចារ្យមួយដែលលោក ម៉ាស និងបុគ្គលិកតេសឡាទាំងអស់រួមចិត្តរួមគំនិតតែមួយ ផលិតឡានអគ្គិសនីកែប្រែពិភពលោក។ មនុស្សសព្វថ្ងៃនេះ ព្រមទទួលស្គាល់លទ្ធផលដែលអ្នកបន្សល់ទុកពីការខំប្រឹងតែប៉ុណ្ណោះ។ កុំខ្វល់ច្រើន! ទៅមុខបន្ត។
បើអ្នកនៅខ្សោយគេមើលងាយគំនិត មើលងាយការងារ និងរបររកស៊ីរបស់អ្នកក៏ដោយ កុំបោះបង់គំនិតហ្នឹងចោល! ត្រូវហ៊ានចេញធ្វើវា តស៊ូឱបគំនិតហ្នឹងឱ្យជាប់ដូចជាលោក ម៉ាស និងបុគ្គលិកឱបគំនិតបង្កើតឡានតេសឡាក្នុងបេះដូងរហូត។ នេះក្តីស្រមៃរបស់អ្នក អ្នកដទៃគ្រាន់តែប្រើមាត់អត់ឆ្អឹងនិយាយហើយចូលដេកយប់បាត់។ អ្នកត្រូវចាំថា គ្មាននរណាគិតពីគំនិតរបស់អ្នកឱ្យស៊ីជម្រៅដូចអ្នកជាម្ចាស់នោះទេ។ គំនិតរបស់អ្នកជាផលិតផល។
ពេលអ្នកចង់បង្កើតផលិតផលមួយ គ្រាន់តែគេនិយាយថា បង្កើតផលិតផលគ្មានទីផ្សារទេ របស់ហ្នឹងលក់មិនដាច់ទេ និងកុំធ្វើវាតិចបរាជ័យ... បើអ្នកស្តាប់សម្តីពួកគេរហូតលែងហ៊ានធ្វើអ្វីសោះ។ មួយជីវិតរបស់អ្នកគ្មានវាសនាបង្កើយផលិតផលអស្ចារ្យដូចជា តេសឡា នោះទេ។ ហេតុអ្វី តេសឡា អាចបង្កើតផលិតផលអស្ចារ្យចេញមកច្រើនទេ? ព្រោះលោក ម៉ាស និងបុគ្គលិក តេសឡា ស្គាល់ពីគំនិតរបស់ខ្លួនចង់អ្វីពិតប្រាកដគឺឡានអគ្គិសនី។
លទ្ធផលធំចេញពីការតស៊ូតាមក្តីស្រមៃបែបនេះ ធ្វើឱ្យអ្នកក្លាយជាបុគ្គលមានគុណតម្លៃណាស់។ នៅខាងក្រោមនេះ យើងនឹងសិក្សាពីដំណើរលោក ម៉ាស ជួយសង្រ្គោះជីវិតក្រុមហ៊ុន តេសឡា ។
លោក ម៉ាស ពេលជោគជ័យនរណាក៏លើកសរសើរ ចង់រាប់អាន ឱ្យតម្លៃដល់គាត់ដែរ។ សូម្បីតែបណ្តាញសង្គមនិងអ្នកសារព័ត៌មានក៏បានផ្សាយល្អៗ ពីគាត់ច្រើនណាស់។ តែវាសនាមនុស្សមើលមិនឃើញទេ ពេលគាត់បរាជ័យជិតអស់លុយពីខ្លួន ចាប់មានអ្នកវាយប្រហារលើគាត់ភ្លាម។ សូម្បីតែកាសែត New YorK Time ធ្លាប់តែសរសើរពីគាត់ តែពេលនោះបែរជាចុះផ្សាយមើលងាយថា ក្រុមហ៊ុន តេសឡា កំពុងតែមានបញ្ហាលើប្រព័ន្ធឡាន Roadster គ្មានផ្លូវចេញលក់រួចលើទីផ្សារនោះទេ។ ហើយមានមតិរិះគន់បន្ថែមថា គាត់ពូកែសន្យាសម្តីដូចជាខ្យល់អ៊ីចឹងដែរ។ មានអ្នកវិភាគបោះសម្តីថា ក្រុមហ៊ុន តេសឡា កំពុងតែធ្វើដំណើរចូលផ្នូរកប់ខ្មោចហើយ។
មតិរិះគន់ អ្នកវិភាគ និងអ្នកសារពត៌មាន និយាយមកនេះពិតជាត្រូវនឹងស្ថានភាពក្រុមហ៊ុន តេសឡា ព្រោះនេះជាជំនាញរបស់គេគ្រាន់តែនិយាយយកចំណាប់អារម្មណ៍របស់មហាជនតែប៉ុណ្ណោះ។ ដូចខ្ញុំនិយាយអ៊ីចឹង! អ្នកត្រូវឱបគំនិតរបស់អ្នកឱ្យជាប់ ហើយផ្តោតធ្វើវាឱ្យចេញជាផលិតផលអស្ចារ្យ រួចលក់វាលើទីផ្សារដើម្បីប្រមូលលុយ។
សម្រាប់លោក ម៉ាស មិនខ្វល់ពីសម្តីវាយប្រហារទាំងអស់នោះទេ ព្រោះតែគាត់យល់ឃើញថា មនុស្សចាំតែរិះគន់គាត់ជាបុគ្គលបរាជ័យ មួយថ្ងៃៗ ពួកគេមានពេលទំនេរច្រើនដើម្បីចាំតែបង្អាក់ដំណើររបស់គាត់និងអ្នកដទៃតែប៉ុណ្ណោះ ។ បើពួកគេពិតជាមានសមត្ថភាពមែន ពួកគេនឹងទៅធ្វើរឿងមានប្រយោជន៍ និងមានតម្លៃជាងហ្នឹង។ នេះជាជីវិតពិត អ្នកគួរតែរស់នៅជាមួយខ្លួនឯង ផ្តល់ក្តីស្រឡាញ់ឱ្យខ្លួនឯង និងទុកពេលឱ្យគ្រួសារ ជីវិតរបស់អ្នកនឹងមានក្តីសុខមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព