ការរស់នៅសប្បាយចិត្តពឹងលើផ្លូវចិត្ត។ មានមនុស្សជាច្រើននិយាយថា ចិត្តខ្ញុំមិនរីករាយតើខ្ញុំគួរធ្វើបែបណា? មុនដល់ចម្លើយអ្នកត្រូវដឹងថា ផ្លូវចិត្តរបស់អ្នកក៏ដូចជារាងកាយដែរ។ បើអ្នកប្រើរាងកាយខ្លាំងពេក រាងកាយរបស់អ្នកក៏អស់កម្លាំងហើយរាងកាយចាប់ផ្តើមបាក់តែម្តង។ ឥឡូវនេះ! អ្នកសាកធ្វើរឿង ៣នេះ ចិត្តរបស់អ្នកមិនងាយបាក់ទេ។ តាមលោកយាយ Kane Tanaka ត្រូវបានទទួលស្គាលពី Guinness World Records ថាលោកយាយជាមនុស្សចាស់ជាងគេបំផុតដែលនៅរស់មានជីវិតអំឡុងឆ្នាំ ២០១៩។
មានសំណួរមួយ គេបានសួរលោកយាយ Tanaka ថា តើពេលវេលាណាដែលលោកយាយសប្បាយចិត្តបំផុតក្នុងជីវិត។ ចម្លើយរបស់គាត់ខ្លីទេថា: "ពេលឥឡូវនេះ" ។ គ្មានពេលណារីករាយជាពេលនេះទេ ព្រោះថា អតីតកាលបានកន្លងហួស ចំណែកអនាគតមិនទាន់មកដល់។ ដូចនេះ ពេលនេះហើយជាពេលមនុស្សគ្រប់គ្នាគួរតែចេះរីករាយ ទើបផ្លូវចិត្តរឹងមាំ។ ព្រោះឥឡូវនេះជាជីវិតរបស់អ្នក។ ទម្លាប់ប្រចាំថ្ងៃរបស់លោកយាយភ្ញាក់ពីគេងម៉ោង ៦ព្រឹក ហូបអាហារ និងធ្វើសកម្មភាពចលនារាងកាយ។ ហើយពេលរសៀលបានចំណាយពេលសិក្សាគណិតវិទ្យា និងអនុវត្តការសរសេរអក្សរផ្ចង់ថែមទៀត។
សម្រាប់ទម្លាប់ទីពីររបស់លោកយាយ Tanaka គឺរីករាយជាមួយការធ្វើលំហាត់ប្រាណ។ គាត់បាននិយាយថា ខ្ញុំតែងភ្ញាក់ពីគេងនៅម៉ោង ៦ពេលព្រឹកដោយអារម្មណ៍រីករាយហើយចំណាយពេលវេលាខ្លះធ្វើលំហាត់ប្រាណដើម្បីពង្រឹងរាងកាយឱ្យមាំ”។ អ្នកធ្វើលំហាត់ប្រាណកម្រស្រ្តេសណាស់ព្រោះគេបញ្ចញញើសបញ្ចេញអរម៉ូនរីករាយ។
សម្រាប់ទម្លាប់ចុងក្រោយនោះ ធ្វើឱ្យលោកយាយមានសតិស្មារតីមាំណាស់គឺការរៀនសូត្រ។ លោកយាយបាននិយាយថា “អ្នកត្រូវតែស្រឡាញ់ការសិក្សាឱ្យខ្លាំងដូចជារៀនគណិតវិទ្យា ហើយចូលចិត្តអានសៀវភៅ”។ អ្នកសាកស្រមៃបន្តិចមើលថា កាលអ្នកនៅរៀន មានមុខវិជ្ជាមួយដែលអ្នករៀនចេះ ធ្វើឱ្យអ្នកមានចិត្តរីករាយណាស់។ នេះជាអារម្មណ៍របស់លោកយាយ Tanaka ដូចគ្នាដែរ។ សម្រាប់យុវជន ត្រូវគិតពីគំនិតមួយនេះថា បើខ្លួនជាយុវជន នៅពេញកម្លាំងឱ្យខំធ្វើការ ត្រូវខំរៀនសូត្របានច្រើន កុំរអ៊ូច្រើន កុំមានលេសច្រើនពេក ទើបអ្នកមានអនាគតល្អ ហើយមិនលំបាកចិត្តពេលក្រោយឬពេលចាស់៕ ទ្រ សុភាព