កញ្ញា IU (Lee Ji-eun) ត្រូវបានគេស្គាល់ថា ជាសេដ្ឋិនី Kpop ប្រឡូកចូលក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ឆ្នាំ និងបានឆ្លងកាត់ដំណើរជីវិតដ៏វែងឆ្ងាយជាមួយនឹងការសម្តែងដ៏មមាញឹករបស់ Queen of K-pop និង K-Drama រូបនេះ បានឱ្យមនុស្សស្រីជាច្រើនងឿយឆ្ងល់ពីសម្រស់ដ៏សែនទាក់ទាញ សម្បុរស្បែកភ្លឺថ្លា គ្មានស្លាកស្នាមជ្រីញជ្រួញ បើទោះបីជាបច្ចុប្បន្នអាយុរបស់នាងបានឈានចូលវ័យ ២៨ឆ្នាំក្តី។ យ៉ាងណាមិញនៅក្នុងប្រភព bigredblog.com និង koreaportal.com បានបង្ហាញនូវល្បិចបែបសាមញ្ញៗខ្លីៗ ពីតារាស្រីដ៏មានប្រជាប្រិយក្នុងកូរ៉េខាងត្បូងរូបនេះថា IU តែងតែប្រើឡេការពារកម្តៅថ្ងៃជាប់ជានិច្ចមុនពេលចចេញក្រៅ ដើម្បីការពារស្បែករបស់នាងពីកាំរស្មីយូវីព្រះអាទិត្យដ៏សាហាវ និងការបំផ្លាញដោយរ៉ាឌីកាល់សេរី។ នាងក៏បានបញ្ជាក់ដែរថា ជាធម្មតានាងបានផ្តល់ជាតិទឹកដល់ស្បែកបានគ្រប់គ្រាន់ តាមរយៈការញ៉ាំទឹកឱ្យបានច្រើនក្នុងមួយថ្ងៃផងដែរ។ ប្រើទឹកជូនសម្អាត (Toner)៖ ក្បួនច្បាប់ស្បែក៣របស់ IU គឺ លាងសម្អាត ជូតសម្អាត និងផ្តល់សំណើម។ IU ជឿជាក់ថា ទឹកToner អាចកម្ចាត់ចោលនូវមេរោគបាក់តេរីតោងជាប់នឹងស្បែកបានយ៉ាងល្អ បំបាត់ការរលាក បិទរន្ធញើស ផ្តល់សំណើមដល់ស្បែក ហើយសំខាន់បំផុតគឺមានទំនុកចិត្តលើស្បែកមុខរបស់ខ្លួនបន្ទាប់ពីបានប្រើ។
ប្រើសារ៉ូម៖ ជនជាតិកូរ៉េមិនថាបុរសឬនារីទេ ជាទូទៅគេរមែងប្រើសារ៉ូមសម្រាប់ថែសុខភាពស្បែក ចិញ្ចឹមកោសិកា ព្រោះថាកាធ្វើតាមវិធីនេះអាចនឹងជួយពន្យាភាព លុបបំបាត់ស្នាមជ្រីញ អុជខ្មៅ ដែលអាចកើតមានឡើងដោយសារសម្ពាធបរិយាកាសខាងក្រៅ។ បិទម៉ាស៖ អំឡុងពេលគេង កោសិកាស្បែក នឹងធ្វើការងារដ៏លំបាកបំផុត ដើម្បីជួយស្តារកោសិកាចាស់ ឬសឹករិចរឹលឡើងវិញ។ ហើយនេះ ជាពេលវេលាដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្តល់សំណើមខ្ពស់ និងធ្វើការលើស្បែកបានសម្រាកគ្រប់គ្រាន់។ ដូច្នេះ IU តែងតែឆ្លៀតពេលបិទម៉ាស ចន្លោះពី ១៥ទៅ២០នាទីជាប្រចាំ។
ដោយឡែក យោងតាមប្រភព” Dailyvanity “ បានឱ្យដឹងថា យោងតាមរយៈការសម្ភាសនៅក្នុងកម្មវិធីមួយហើយអ្នកកាសែតបានសួរ Jennieពីទម្លាប់នៃការរស់នៅរបស់នាង ក្នុងនោះ Jennie បានប្រាប់ឱ្យដឹងថា នាងគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះការថែរក្សាសម្រស់របស់នាងខ្លាំងណាស់ ក៏ប៉ុន្តែមិនមែនផ្ដោតទៅលើតែការការតុបតែងខ្លួន ពោលគឺនាងបានយកចិត្តទុកដាក់ជាធំលើការថែរក្សាពីខាងក្នុង។ Jennie បានបន្តថា នាងស្រឡាញ់ផ្ទៃមុខរបស់នាង ដូចនេះ សម្រាប់ការថែរក្សាផ្ទៃមុខ គឺនាងចូលចិត្តបិទម៉ាស ដោយសារតែស្បែកមុខរបស់នាងរងសម្ពាធរាងស្ងួតបន្តិច ដូចនេះនាងធ្វើការបិតម៉ាស២ទៅ៣ដងក្នុងមួយថ្ងៃ ក៏ប៉ុន្តែក្រោយមក Jennie ប្រាប់ថានាងបានប្ដូរមកជាការញ៉ាំអាហារវិញ។
Jennieបានបន្ថែមថា សម្រាប់ទម្លាប់ប្រចាំថ្ងៃរបស់នាងពេលព្រឹក គឺនាងតែងតែញ៉ាំទឹកមួយកែវ ឬ ក៏ទឹកផ្លែឈើស្រស់ៗមួយកែវ និងជាពិសេសនោះ Jennieនិយាយថាឥឡូវនេះ មួយថ្ងៃមួយថ្ងៃ គឺនាងញ៉ាំទឹកច្រើនជាងមុន លើសពីនេះ នាងសង្កេតឃើញថា ការញ៉ាំរបៀបនេះគឺជួយឱ្យស្បែករបស់នាងឱ្យស្រស់ថ្លាល្អហួសពីការប្រើផលលិតផលទៅទៀត។ ត្បិតតែ Jennieមិនបានប្រាប់លម្អិតពីរូបមន្តរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែគេសង្ស័យថាក្នុងនោះអាចមាន ក្រូចឆ្មា ផ្លែប៉ោម ក្រូច និងផ្លែឈើជាច្រើនទៀត ដែលជារូបមន្តក្នុងការធ្វើឱ្យសម្រស់របស់នាងស្រស់ស្អាត។ ដូចដែលបងប្អូនបានដឹងស្រាប់ហើយថា ក្រូចឆ្មា ប៉ោម ឬក្រូច គឺជាពពួកផ្លែឈើដែលសម្បូរវីតាមីនCខ្លាំងណាស់ ហើយចំណុចពិសេសរបស់វីតាមីនC គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ ការស្បែកពីភាពចាស់ជ្រីវជ្រួញ ជួយស្បែកឱ្យមានសំណើមនិង ជំរុញដល់ការផលិតកូឡាជែន ធ្វើឱ្យស្បែកមានភាពភ្លឺរលោងស្រស់ថ្លាពីខាងក្នុង។
យ៉ាងណាមិញ នេះគ្រាន់តែជាគន្លឹះខ្លះៗរបស់តារាល្បីទាំង២ដួងនេះរួច សង្ឃឹមថានឹងបានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងក្បួនក្នុងការថែរក្សាផ្ទៃមុខឱ្យភ្លឺរលោង និងមានសម្រស់ក្មេងជាងវ័យ។
អត្ថបទដោយ៖តឹក ស៊ីថា