ថ្មីៗនេះ ប្រជាជនខ្មែរនាំគ្នាផ្អើរភ្លូកទឹកភ្លូកដីពាក់ព័ន្ធនឹងការបរិភោគប្រទាលដំបងយក្សជ្រលក់អំបិលម្ទេសហាក់មានរសជាតិឆ្ងាញ់ពិសារ។ ការបរិភោគប្រទាលនេះ ក្រុមការងារចាបបៃតងសូមដាស់តឿនឱ្យបងប្អូនរៀនស្គាល់ប្រភពឱ្យច្បាស់មុននឹងបរិភោគ ដោយសារតែមានពូជប្រទាលមួយចំនួនមើលទៅស្រដៀងគ្នាប៉ុន្តែខុសគ្នា អ្នកញ៉ាំអាចពុលរាគរូស វិលមុខ មានរោគសញ្ញាចាញ់ ឬអាចឈានដល់ប្រតិកម្មទៀតផង។ តាមពិតទៅ ”ប្រទាលដំបងយក្ស” មិនមែនជារុក្ខជាតិថ្មីឯណានោះទេ នៅបណ្តារប្រទេសមួយចំនួនគេនាំគ្នាដាំជាចម្ការរកលុយបានរាប់ម៉ឺនដុល្លារឯណោះ ហើយវាអាចច្នៃចេញជារបស់មានប្រយោជន៍ជាច្រើនមុខ។
”ប្រទាលដំបងយក្ស” ត្រូវបានគេដឹងថាវាទទួលបានការពេញនិយមច្រើនឡើងៗជារៀងរាល់ថ្ងៃសម្រាប់អ្នកជំនួញ ព្រោះថាវាងាយស្រួលដាំ ងាយស្រួលថែ ហើយអាចរកចំណូលឱ្យអ្នកដាំបានច្រើន។ ពូជមួយក្នុងចំណោមប្រទាលទាំងជា២០០០ពូជ, ប្រទាលOpuntia ឬហៅជាភាសាខ្មែរថា ប្រទាលបាតដៃ ដែលជាប្រទាលគេអាចបរិភោគបានទាំងដើម ទាំងផ្លែរបស់វាតែម្តង។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញកសិកម្មបានងាកមកដាំដុះប្រទាលប្រភេទនេះច្រើនឡើងៗ ក្រោមហេតុផលងាយស្រួលដាំ មិនរើសភាពដី មិនពិបាកមើលថែ និងអឫចប្រមូលផលបានធ្វើគ្រប់រដូវ។
នៅក្នុងប្រទេសMexico ប្រទាលបាតដៃនេះត្រូវបានគេយកទៅធ្វើជាសាលាដ ភេសជ្ជៈ អាហារ ស៊ុប នំបុ័ង ចាហ៊ួយ និងស្ករគ្រាប់ទៀតផង។ គេបានលើកឡើងថា ប្រទាលនេះក៏ជាអាហាររបស់មនុស្សមួយប្រភេទដែរ ហើយវាមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរប្រសិនបើទទួលទានក្នុងកម្រិតបរិមាណមួយត្រឹមត្រូវនិងស្គាល់ប្រភពនៃប្រទាលច្បាស់ថាគ្មានសារធាតុពុលណាមួយពាក់ព័ន្ធ។
ចំណែកឯទីផ្សារនៃប្រទាលនេះទៀតសោត តាមការឱ្យដឹងរបស់ប្រភពដដែល roysfarm.com បានឱ្យដឹងទៀតថា មនុស្សបានងាកមកទទួលស្គាល់និងទទួលទានដើមប្រទាលនេះកាន់តែច្រើនឡើង។ ជាក់ស្តែងទឹកក្រឡុកឬទឹកផ្លែឈើ ត្រូវបានច្នៃចេញពីស្លឹកនិងផ្លែរបស់ប្រទាល, ចំណែកឯវិស័យសុខាភិបាលវិញ ក៏មានក្រុមហ៊ុនឱសថមួយចំនួនបានទាក់ទងទិញប្រទាលនេះដើម្បីផលិតជាថ្នាំបង្ការនិងព្យាបាលជំងឺផងដែរ។
ដូចនេះយើងឃើញថា ប្រទាលបាតដៃ នេះពិតជាអាចបរិភោគបានពិតមែនទាំងស្លឹកនិងផ្លែ មិនតែប៉ុណ្ណោះវាជាគំនិតរកស៊ីថ្មីមួយក្នុងវិស័យកសិកម្មដែលបងប្អូនអ្នកចង់រកស៊ីនិងប្រជាកសិករអាចគិតគូរពីទីផ្សារបន្ថែមបាន។ ប៉ុន្តែអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ ក្រុមការងារចាបបៃតង សូមអំពាវនាវបងប្អូនម្តងហើយម្តងទៀត ស្គាល់ប្រភពឱ្យច្បាស់និងស្គាល់ពូជផង ប្រយ័ត្នហូបប៉ះពូជដែលពុលគ្មានប្រភពច្បាស់នឹងមានគ្រោះថ្នាក់ដល់សុខភាព បង្កបញ្ហាដល់ជីវិតវិញ៕
អត្ថបទដោយ៖ កញ្ញា លីហួយ