អ្នកគ្រប់គ្នាត្រូវដឹងថា ការទម្លាប់ញុំាអាហារពេលព្រឹកជាប្រចាំនឹងជួយអភិវឌ្ឍសុខភាពរាងកាយ និងសុខភាពខួរក្បាលឱ្យល្អប្រសើរ។ ថ្វីបើអាហារពេលព្រឹកពិតជាមានសារៈសំខាន់ចំពោះសុខភាពក៏ដោយ ប៉ុន្តែប្រសិនបើអ្នកញុំាខុសនោះសុខភាពរបស់អ្នកនឹងជួបគ្រោះថ្នាក់ណាស់។
បើយោងតាមប្រភពSamitivej Hospitalsបានលើកឡើងថា អាហារពេលព្រឹកដែលមានតម្លៃធូរថ្លៃៗចំនួន០៦មុខងាយរកទិញ និងមានអត្ថប្រយោជន៍ចំពោះសុខភាពរួមមាន៖
១.ស៊ុត
ស៊ុតជាអាហារមានជីវជាតិខ្ពស់ ហើយមានវីតាមីន និងសារធាតុរ៉ែចំនួន១៣មុខរួមមាន វីតាមីនអា វីតាមីនដេ វីតាមីនE វីតាមីនK ជាតិ(B2,5,6,12) ជាតិសរសៃ ជាតិកាស្យូម និងសារធាតុនានាដទៃទៀត។ មិនតែប៉ុណ្ណោះទេ ស៊ុតមួយគ្រាប់ផ្ដល់ថាមពល៧០កាឡូរីដែលល្អសម្រាប់សុខភាព។ អ្នកអាចញុំាស៊ុតបាន១ទៅ៣គ្រាប់ក្នុងមួយថ្ងៃ ហើយវិធីចម្អិនដ៏ល្អនោះគឺ ស្ងោរ។ ចំពោះមនុស្សចាស់ អ្នកលើសជាតិខ្លាញ់ និងអ្នកលើសឈាម គួរតែទទួលទានឱ្យបាន៣ទៅ៤គ្រាប់ក្នុងមួយថ្ងៃ ឬក៏ទទួលទានតែស៊ុតសាច់ពណ៌ស។ រីឯអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២អាចញុំាស៊ុត១ទៅ២គ្រាប់ក្នុងមួយថ្ងៃ ពីព្រោះវាជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
២.ទឹកដោះគោជូរធម្មជាតិ
ទឹកដោះគោជូរធម្មជាតិមានអតិសុខុមប្រាណ ប្រូបាយអូទិច ជាច្រើននៅក្នុងទឹកដោះគោជូរដូចជា ដូចជា Lactobacillus acidophilus, Bifidobacterium lactis, Lactobacillus paracasein, Lactobacillus rhamnosus GGជាដើម។ អតិសុខុមប្រាណទាំងអស់នេះអាចការពារភ្នាសពោះវៀនបានយ៉ាងល្អប្រសើរ ហើយក៏ជាខែលការពារការឆ្លងជំងឺនានាទៀតផង។ មិនតែប៉ុណ្ណោះទេ ប្រមាណជា៨០%នៃមីក្រូសរីរាង្គប្រូបាយអូទិចមានតួនាទីការពារប្រព័ន្ធរាងកាយ រក្សាតុល្យភាពពោះវៀន ជួយរំលាយអាហារ រារាំងការលូតលាស់នៃមេរោគផ្សេង ការពារបញ្ហាអាឡែរហ្សី កាត់បន្ថយការរលាក និងជួយកាត់បន្ថយកូលេស្ដេរ៉ុល។ លើសពីនេះទៅទៀត នៅក្នុងទឹកដោះគោយ៉ាអួមានផ្ទុកទៅដោយវីតាមីនB2 ដែលជួយក្នុងការដំណើរការប្រព័ន្ធសរសៃប្រសាទ និងវីតាមីនB12ដែលជួយដល់ការបង្កើតកោសិកាឈាមក្រហម។
៣.ទ្រូងមាន់
ទ្រូងមាន់ គឺជាអាហារក៏ពេញនិយមសម្រាប់មនុស្សជាច្រើនញុំា និងទទួលទាន។ នៅក្នុងនោះដែរ ទ្រូងមាន់ផ្ដល់នូវថាមពលខ្ពស់ សម្បូរប្រូតេអ៊ីនខ្ពស់ ខ្លាញ់ទាប ហើយវាជួយគ្រប់គ្រងទម្ងន់របស់អ្នកផងដែរ។ គួរបញ្ជាក់ថា ទ្រូងមាន់គ្មានស្បែកចំនួន១០០ក្រាមផ្ដល់ថាមពលប្រហែល១២០កាឡូរី និងផ្ដល់ប្រូតេអ៊ីនចំនួន២៣ក្រាម ចំណែកឯជាតិខ្លាញ់មានត្រឹមតែ២.៥ក្រាមប៉ុណ្ណោះ។
៤.ទឹកសណ្ដែក
ទឹកសណ្ដែក គឺជាភេសជ្ជៈមួយប្រភេទដែលមានអត្ថប្រយោជន៍ចំពោះសុខភាព ដែលមនុស្សជាច្រើនជ្រើសរើសភេសជ្ជៈមួយនេះមកទទួលទាន។ នៅក្នុងនោះដែរ ទឹកសណ្ដែកសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតខ្លាញ់ល្អៗ ជាតិសរសៃ វីតាមីន សារធាតុរ៉ែ ដែលមានតួនាទីការពារឆ្អឹង និងជួយចិញ្ចឹមស្បែកទៀតផង។ ប៉ុន្តែសូមអ្នកគ្រប់គ្នាកុំទទួលទានទឹកសណ្ដែកដែលប្រើជាតិស្ករច្រើន ពីព្រោះវាក៏បង្កគ្រោះថ្នាក់ចំពោះសុខភាពដែរ។ ដូច្នេះអ្នកត្រូវជ្រើសរើសទឹកសណ្ដែកណាដែលមានជាតិស្ករតិច មិនផ្អែមពេក ហើយទឹកសណ្ដែកអាចទទួលទានបានគ្រប់វ័យ។
៥.នំបុ័ងផលិតចេញពីគ្រាប់ធញ្ញជាតិ
នំបុ័ងដែលផលិតចេញពីគ្រាប់ធញ្ញជាតិ គឺសម្បូរទៅដោយវីតាមីនB វីតាមីនE សារធាតុរ៉ែ ដូចជាសារធាតុ Phytonutrients ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី។ គួរបញ្ជាក់ថា នំបុ័ងផលិតពីគ្រាប់ធញ្ញជាតិចំនួន១០០ក្រាមផ្ដល់ថាមពលប្រហែលជា២៥០កាឡូរីប៉ុណ្ណោះ។
៦.ផ្លែចេក
ផ្លែចេកចំនួន១០០ក្រាម(ជាមធ្យម១ផ្លែ)ផ្ដល់ថាមពលចំនួន១៣២កាឡូរី លើកពីនេះទៀតផ្លែចែកសម្បូរទៅដោយ កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែដូចជា វីតាមីនA វីតាមីនB វីតាមីនC កាល់ស្យូម ផូស្វ័រ ជាតិដែក និងបេតាការ៉ូទីន។ មិនតែប៉ុណ្ណោះទេ ជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមនៅក្នុងផ្លែចេកដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាម ការពារសុខភាពបេះដូង និងការពារសរសៃឈាម។

