ជីវិតសព្វថ្ងៃមិនស្រស់បំព្រង តើអ្នកបន្ទោសលើជោគវាសនាមែនទេ? ការពិតទៅជោគវាសនារបស់យើងគឺស្ថិតនៅលើខ្លួនយើងជាអ្នកសម្រេច គ្មាននរណាអាចមកកំណត់ឱ្យយើងទេ។ ចង់ឱ្យជីវិតរីករាយ មានសុភមង្គលត្រូវចាប់ផ្ដើមពីខ្លួនឯង ពេលខ្លះទម្លាប់តូចៗមួយចំនួនដែលអ្នកមិនចាប់អារម្មណ៍ តែវាជាកត្តាសំខាន់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អារម្មណ៍ និងសុភមង្គល ដោយមិនដឹងខ្លួន។ ដូច្នេះបើចង់ឱ្យជីវិតរីករាយ មានសុភមង្គលគ្រួសារ ស្រីៗត្រូវដឹង ជៀសវាងកុំធ្វើទម្លាប់ទាំង ៣ នេះ ៖
១. ទទួលយកទំនួលខុសត្រូវច្រើនពេក៖ មនុស្សស្រីជាច្រើនតែងព្យាយាមធ្វើអ្វីគ្រប់យ៉ាងឱ្យបានល្អបំផុត ដូចជាការមើលថែគ្រួសារ មើលថែទាំកូន ប្ដី ការងារ ឬសូម្បីតែសាច់ញាតិជិតឆ្ងាយ។ ការធ្វើឱ្យខ្លួនឯងរវល់ខ្លាំង ទទួលបន្ទុកគ្រប់យ៉ាងតែម្នាក់ឯង ធ្វើឱ្យរាងកាយនិងចិត្តហត់នឿយ ធ្វើឱ្យជីវិតមើលទៅមានតែតួនាទីគ្មានពេលសម្រាក។
ប៉ុន្តែត្រូវដឹងថា គ្មាននរណាម្នាក់អាចរាប់រងរឿង ១០០ មុខតែម្នាក់ឯងបានទេ ទំនួលខុសក្នុងគ្រួសារត្រូវតែមាន តែមិនត្រូវដាក់បន្ទុកទៅលើមនុស្សតែម្នាក់ អ្នកអាចចែករំលែកទំនួលខុសត្រូវជាមួយគ្រួសារ និងដឹងថាពេលណាត្រូវធ្វើហើយពេលណាត្រូវសម្រាក។ នៅពេលអ្នកសម្រាកបានល្អ អារម្មណ៍របស់អ្នកក៏ស្រស់ថ្លា ហើយគ្រួសាររបស់អ្នកក៏រីករាយជាមួយដែរ។
២. ត្អូញត្អែរមិនឈប់ឈរ៖ មនុស្សស្រីខ្លះចូលចិត្តត្អូញត្អែរចំពោះអ្វីៗគ្រប់យ៉ាងដូចជា ការងារ អាកាសធាតុ ឬសូម្បីតែមនុស្សជុំវិញខ្លួន។ អ្នកទំនងជាគិតថាការត្អូញត្អែរជាវិធីដែលអាចបញ្ចេញអារម្មណ៍បាន ប៉ុន្តែការពិតការត្អូញត្អែរបែបនេះមិនបានជួយឱ្យអ្វីល្អឡើងទេ ផ្ទុយទៅវិញវាមានតែធ្វើឱ្យអ្នកកាន់តែបាក់ទឹកចិត្ត អស់សង្ឃឹម និងធ្វើឱ្យអ្នកដទៃធុញទ្រាន់។ ដើម្បីឱ្យជីវិតមានភាពរីករាយ និងសុភមង្គល អ្នកគួរផ្លាស់ប្ដូរទម្លាប់នេះចេញ ជំនួសវិញដោយចាប់ផ្ដើមរកវិធីដោះស្រាយបញ្ហា ពេលអ្នកស្ងៀមស្ងាត់ហើយអាចរកដំណោះស្រាយបាន នោះអ្នកនឹងយល់ថាជីវិតពិតមិនអាក្រក់ដូចអ្វីដែលគិត។
៣. លាក់បាំងអារម្មណ៍ និងអត់ធ្មត់តែម្នាក់ឯង៖ មនុស្សម្នាក់ៗមានសិទ្ធស្មើរគ្នា អ្នកមិនចាំបាច់លះបង់ខ្លួនឯង ដើម្បីធ្វើឱ្យអ្នកដទៃសប្បាយចិត្តទេ។ មនសុ្សស្រីខ្លះដោយសារការក្រែងចិត្ត និងខ្លាចគេខឹងតែងទទួលយករឿងគ្រប់យ៉ាងដោយមិនហ៊ាននិយាយពាក្យថា ទេ ។ ប៉ុន្តែការអត់ធ្មត់បែបនេះគឺធ្វើឱ្យអ្នកបាត់តម្លៃខ្លួនឯង និងធ្វើឱ្យមានអារម្មណ៍ថាអស់សង្ឃឹមនៅក្នុងចិត្ត។ ត្រូវដឹងថា គេមានសិទ្ធ អ្នកក៏មានសិទ្ធ មានអារម្មណ៍ និងមានតម្រូវការផ្ទាល់ខ្លួនដូចគ្នា។ ការនិយាយថា “ទេ” ទៅកាន់នរណាម្នាក់មិនមែនជារឿងដែលអាក្រក់ទេ តែវាជារបៀបបង្ហាញថាអ្នកគោរពខ្លួនឯង បើអ្នកមិនស្រលាញ់ខ្លួនឯង នោះអ្នកក៏ពិបាកឱ្យសេចក្តីស្រលាញ់ដល់អ្នកដទៃដែរ។
ការផ្លាស់ប្តូរទម្លាប់តូចៗអាចផ្លាស់ប្តូរជីវិតទាំងមូលបាន។ ស្ត្រីដែលស្គាល់តម្លៃខ្លួនឯង មិនត្រឹមតែរស់នៅក្នុងសុភមង្គលនោះទេ ប៉ុន្តែអាចបញ្ចេញពន្លឺឱ្យអ្នកជុំវិញបាន។ ចាប់ផ្តើមពីថ្ងៃនេះ ដោយសរសេរពីអ្វីដែលអ្នកអាចកែប្រែ បើកចិត្តទទួលយកអារម្មណ៍ល្អៗ រឿងថ្មីៗ និងជឿថា អ្នកសមនឹងទទួលបានរឿងល្អៗក្នុងជីវិត៕
អត្ថបទដោយ៖ សារួ
