ជនជាតិចិន គឺជាជនជាតិមួយដែលមានភាពប្រកាន់ច្រើន និងមានជំនឿច្រើនពាក់ព័ន្ធនឹងការរស់នៅរបស់ពួកគេ នេះក៏ដោយសារតែជនជាតិចិនឱ្យតម្លៃទៅលើសុជីវធម៌ជាធំ។ នៅក្នុងនោះដែរ ចាបបៃតងបានស្រាវជ្រាវរកឃើញ ច្បាប់វិន័យ១៣ចំណុចរបស់គ្រួសារចិនប្រកាន់ខ្ជាប់ខ្លាំងបំផុត ដែលចំណុចខ្លះបានសាយភាយដល់គ្រួសារខ្មែរផងដែរ។
បើយោងតាម Nspirement បានចុះផ្សាយថា ច្បាប់វិន័យគ្រួសារទាំង១៣ របស់ជនជាតិចិនបង្រៀនកូនពីសុជីវធម៌រួមមាន៖
-ច្បាប់ទី១៖ នៅពេលហូបបាយជាមួយគ្រួសារ មនុស្សចាស់ត្រូវអង្គុយកណ្ដាល ប្ដីប្រពន្ធត្រូវអង្គុយជិតគ្នា ហើយកូនៗ សាច់ញាតិ និងអ្នកដទៃត្រូវអង្គុយក្បែរមនុស្សចាស់។
-ច្បាប់ទី២៖ កូនៗ ឬសាច់ញាតិដែលមានអាយុតិច មិនត្រូវចាប់ផ្ដើមហូបបាយ ឬចាប់ម្ហូបមុនចាស់ៗនោះទេ បើទោះបីជាពួកគេឃ្លានយ៉ាងណាក៏ដោយ។ នេះគឺជាទំនៀមទម្លាប់របស់ជនជាតិចិន មនុស្សចាស់ដូចជា ជីដូនជីតា ឪពុកម្ដាយ ត្រូវចាប់ផ្ដើមហូបបាយ ឬចាប់ម្ហូបមុនគេ បន្ទាប់មកបានកូនៗ ឬសាច់ញាតិមានសិទ្ធក្នុងការហូប។ ការធ្វើបែបនេះ គឺបង្ហាញពីសុជីវធម៌ក្នុងគ្រួសារ បង្រៀនកូនៗឱ្យចេះគោរពចាស់ទុំ។
-ច្បាប់ទី៣៖ ញុំាដោយស្ងៀមស្ងាត់ មិនត្រូវញុំាលឺសំឡេង ដែលមានន័យថា សមាជិកក្នុងគ្រួសារត្រូវទំពារអាហារដោយប្រុងប្រយ័ត្ន មិនឱ្យលឺសំឡេង រំខានដល់អ្នកដទៃ។
-ច្បាប់ទី៤៖ មិនត្រូវបញ្ឈរចង្កឹះត្រង់ រាល់ពេលចាប់បាយ ឬម្ហូបនោះទេ ពីព្រោះជនជាតិចិនមានជំនឿថា ការបញ្ឈរចង្កឹះតំណាងឱ្យការអុចធូប។
-ច្បាប់ទី៥៖ ហាមយកចង្កឹះគោះចាន់ គោះឆ្នាំង ពីព្រោះជនជាតិចិនមានជំនឿថា ការគោះចាន់ គោះឆ្នាំងតំណាងឱ្យការសុំទាន។
-ច្បាប់ទី៦៖ ដៃទាំង២ត្រូវដាក់នៅលើតុរាល់ពេលញុំាអាហារជុំគ្រួសារ ដែលដៃម្ខាងត្រូវកាន់ចានបាយ និងដៃម្ខាងទៀតត្រូវកាន់ចង្កឹះ ហាមដាច់ខាតមិនត្រូវឱ្យដៃម្ខាងនៅក្រោមតុឡើយ។
-ច្បាប់ទី៧៖ រាល់ពេលញុំាអាហារមិនត្រូវប្ដូរកន្លែងអង្គុយ ឬបង្វិលចាន ពីព្រោះជនជាតិចិនមានជំនឿថា ការប្ដូរកន្លែងអង្គុយ ឬបង្វិលចានតំណាងឱ្យការសុំទាន។
-ច្បាប់ទី៨៖ ម្ចាស់ផ្ទះ ឬចាស់ទុំក្នុងផ្ទះត្រូវទទួលភ្ញៀវដោយទំនួលខុសត្រូវ ប្រសិនបើភ្ញៀវកំពុងញុំាអាហារជាមួយម្ចាស់ផ្ទះ ហើយភ្ញៀវញុំាអស់ពីចាន ត្រូវសួរភ្ញៀវថា តើអ្នកត្រូវការថែមបាយទៀតទេ? នេះគឺជា ការបង្ហាញពីសុជីធម៌របស់ម្ចាស់ផ្ទះទៅកាន់ភ្ញៀវ។
-ច្បាប់ទី៩៖ កុំខាំចង្កឹះរាល់ពេលញុំាអាហារជុំគ្រួសារ ឬជាមួយចាស់ទុំ។
-ច្បាប់ទី១០៖ នៅពេលអ្នកចាប់ម្ហូបមិនដល់ ឬម្ហូបនៅឆ្ងាយដៃអ្នក អ្នកត្រូវសុំឱ្យអ្នកនៅក្បែរម្ហូបនោះចាប់ឱ្យ ចៀសវាងដាក់ដៃមិនដល់ម្ហូបប៉ះពាល់ដល់ចាស់ៗ។
-ច្បាប់ទី១១៖ នៅពេលអ្នកញុំាអាហារផ្ទះនរណាម្នាក់ មិនថាមិត្តជិតស្និទ្ធ ឬបងប្អូននោះទេ អ្នកត្រូវតែឱ្យម្ចាស់ផ្ទះចាប់ផ្ដើមចាប់ម្ហូនមុនអ្នកជាដែលភ្ញៀវ។
-ច្បាប់ទី១២៖ រាល់ពេលចាក់ទឹកតែជូនចាស់ទុំ អ្នកមិនត្រូវចាក់ឱ្យពេញពេកនោះទេ។
-ច្បាប់ទី១៣៖ ហាមកាន់ស្លាបព្រាបាយ ឬកាន់ចង្កឹះ រួចចង្អុលអ្នកដទៃ ពីព្រោះវាបង្ហាញពីការគ្មានសុជីវធម៌។
អត្ថបទដោយ៖ Daddy_Rath