ការរស់នៅឱ្យមានសុខភាពរឹងមាំជារឿងសំខាន់បំផុតរបស់មនុស្សគ្រប់គ្នា។ សូម្បីអ្នកជំនួញល្បីក្នុងពិភពលោកនេះ តែងគិតពីសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ដើម្បីឱ្យការរស់នៅមានសុភមង្គម។ ថ្ងៃនេះ យើងនឹងលើកពីកំពូលអ្នកជំនួញ ០៣ រូប ដែលពួកគាត់ប្រាប់ពីគន្លឹះឱ្យសម្រេចជោគជ័យលើការងារ និងសុខភាពបានល្អដូចខាងក្រោមនេះ៖
១. ភាពស្មោះត្រង់ជាតម្លៃនៃជីវិត
លោក Charlie Munger កើតនៅឆ្នាំ ១៩២៤ និងមានលុយ ១.៨ពាន់លានដុល្លារ។ លោកមានគន្លឹះយ៉ាងសាមញ្ញ០១ ក្នុងការរស់នៅមានសុខភាពល្អ និងសប្បាយចិត្ត គឺភាពស្មោះត្រង់ជាតម្លៃនៃជីវិតរបស់លោក។
លោកជាមនុស្សម្នាក់ ដែលមានភាពស្មោះត្រង់ជាមួយទ្រព្យសម្បត្តិក្រុមហ៊ុន ជាមួយបុគ្គលិក និងជាមួយអ្នកដទៃ។ លោក Munger បាននិយាយថា “កេរ្តិ៍ឈ្មោះ និងភាពស្មោះត្រង់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សយើង។ បើអ្នកគ្មានភាពស្មោះត្រង់ទេ ចិត្តរបស់អ្នកនឹងមានភាពស្មុកស្មាញ។” សូម្បីព្រះពុទ្ធបានពោលថា “បើអ្នកជាមនុស្សចេះគិត និងទង្វើមានភាពស្មោះត្រង់ អ្នកនឹងមានក្តីសុខ។” ការរស់នៅឱ្យមានសុខភាពល្អ និងភាពរីករាយនឹងការងារ គឺអ្នកត្រូវមានចិត្តស្មោះត្រង់ជាមួយខ្លួនឯង និងអ្នកដទៃ។ លោក Munger មានមហាជនស្រឡាញ់ និងមានក្តីគោរព គឺមកពីគាត់មនុស្សព្យាយាមជួយអ្នកដទៃ និងសង្គម ដោយមានភាពស្មោះត្រង់ពីចិត្ត។
២. ស្រឡាញ់កិច្ចការងារដោយដាក់អារម្មណ៍រីករាយ
លោក គីម វូឈុង ជាអ្នកជំនួញដ៏ល្បីរបស់កូរ៉េខាងត្បូង ដែលកើតនៅឆ្នាំ ១៩៣៦ ដល់ឆ្នាំ ២០១៩ មានវ័យ ៨៣ ឆ្នាំ ក្រុមហ៊ុនរបស់លោកគីម បង្កើតឡើងមានឈ្មោះថា Daewoo។ នេះជារបៀបធ្វើការរបស់លោកគីម រូឈុង បានបន្តឱ្យមនុស្សជំនាន់ក្រោយរៀនសូត្រ និងមានអាណ៍រីករាយនឹងការងារ។
ការក្លាយជាសហគ្រិនមិនមែនជារឿងងាយស្រួលនោះទេ អ្នកត្រូវមានចិត្តរឹងមាំ ដើម្បីតស៊ូការបរាជ័យ និងឧបសគ្គផ្សេងៗ។ លោកគីម វូឈុង និយាយថា “ការមានសុខភាពផ្លូវចិត្តរឹងមាំ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិទៅទៀត។” លោកចង់បញ្ជាក់ថា បើផ្លូវចិត្តខ្សោយ វានឹងមានផលប៉ះពាល់កិច្ចការងារ និងការរស់នៅក្នុងគ្រួសារផងដែរ។ លោកបានបន្តថា “ការមានសុខភាពល្អ អ្នកត្រូវមានទាំងរាងកាយរឹងមាំ ទាំងគំនិតប្រាជ្ញា និងរួមទាំងអារម្មណ៍រីករាយផងដែរ។” ហើយមានពាក្យសម្តីមួយដ៏មានអត្ថន័យរបស់លោកគីម គឺថា “អ្នកមិនអាចបរាជ័យទេ បើអ្នកដាក់ខ្លួនចូលនឹងការងារឱ្យមានអារម្មណ៍រីករាយបំផុតនោះ។”
៣. លំហាត់ប្រាណជួយអ្នកសម្រួលកិច្ចការបានល្អ
លោក Grant Cardone ជាមហាសេដ្ឋី ជាអ្នកលក់ដ៏ឆ្នើម និងអ្នកនិពន្ធផងដែរ។ ទោះបីលោករវល់កិច្ចការជាច្រើន លោកមិនភ្លេចធ្វើលំហាត់ប្រាណនោះទេ ពីព្រោះថា រាងកាយរឹងមាំ យើងធ្វើកិច្ចការក៏បានល្អ នេះជាររៀបរបស់លោក Cardone កសាងរាងកាយឱ្យរឹងមាំ។
លោក Grant Cardone បាននិយាយថា “អ្នកត្រូវចេះគ្រប់គ្រងរាងកាយឱ្យមានសុខភាពល្អ ពីព្រោះរាងកាយនេះ ជាអ្នកបម្រើខ្លួនអ្នកជាប្រចាំថ្ងៃ។ ដូចជាអ្នកដេកជាមួយរាងកាយរបស់អ្នក ភ្ញាក់ពីដេកជាមួយវា នាំវាទៅធ្វើការ នាំវាត្រឡប់មកផ្ទះវិញ និងអ្នកត្រូវថែរក្សារាងកាយនេះឱ្យបានល្អ...។” ការញ៉ាំអាហារល្អ ដែលមានលក្ខណៈធម្មជាតិបន្លែ និងផ្លែឈើ ត្រី... ជាអាហារប្រូតេអ៊ីន និងការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ វាជាកសាងរាងកាយឱ្យរឹងមាំ។ បើអ្នកមិនចេះថែរក្សាសុខភាពដោយខ្លួនឯងទេ គ្មានអ្នកណាជួយថែសុខភាពអ្នកបានទេ សុខភាពនេះ អ្នកត្រូវចេះទទួលខុសត្រូវដោយខ្លួនឯង។
ដូចនេះ មនុស្សដែលមានសេចក្តីស្មោះត្រង់ និងមានអារម្មណ៍រីករាយនឹងកិច្ចការ ធ្វើឱ្យសុខភាពផ្លូវចិត្តរឹងមាំ។ រាងកាយរបស់អ្នកត្រូវតែរឹងមាំ ពីព្រោះរាងកាយនេះ ជាអ្នកបម្រើការរស់នៅប្រចាំថ្ងៃរបស់អ្នក។ មនុស្សរស់នៅមានសុភមង្គល គឺជាសុខភាពរាងកាយគ្មានជំងឺ និងមានអារម្មណ៍រីករាយក្នុងជីវិតនេះផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព