ការមានទម្លាប់ពេលព្រឹកល្អជារឿងសំខាន់ចំពោះសុខភាព និងកម្ចាត់ជាតិខ្លាញ់ ការពារជំងឺធាត់ផងដែរ។ តាមការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា អារម្មណ៍ពេលព្រឹកនេះ មានការទាក់ទងជាមួយការរស់នៅរបស់អ្នកពេញមួយថ្ងៃ និងការពារឡើងគីឡូផងដែរ។ ថ្ងៃនេះ ចាបបៃតង សុំលើកទម្លាប់ទាំង៥នេះ នៅពេលព្រឹក ជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះមានអ្វីខ្លះ?
១. ទម្លាប់ញ៉ាំទឹកក្តៅពេលព្រឹក៖ ពេលអ្នកភ្ញាក់ពីគេង រាងកាយច្បាស់ជាត្រូវការជាតិទឹក ដើម្បីបន្ថែមថាមពល និងចិញ្ចឹមរាងកាយ។ យកល្អ អ្នកគួរញ៉ាំទឹកក្តៅឧណ្ហៗ រាងកាយយើងនឹងផ្លាស់ប្ដូរសីតុណ្ហភាព និងចាប់ផ្ដើមធ្វើមេតាប៉ូលិស។ ហើយវាជួយបំបែកជាតិខ្លាញ់ត្រង់ក្បាលពោះឱ្យស្រក។ ពីព្រោះការញ៉ាំទឹកក្តៅនេះ ដោយបន្ថែមជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំតែបន្តិច កាន់តែពិសេស ក្នុងការដុតជាតិខ្លាញ់ក្នុងរាងកាយបានល្អ។
២. ទទួលពន្លឺព្រះអាទិត្យ៖ មានមនុស្សជាច្រើន បានមើលរំលងការទទួលពន្លឺព្រះអាទិត្យនេះ។ តាមទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One សរសេរថា អ្នកដែលទទួលពន្លឺពណ៌ខៀវរបស់ព្រះអាទិត្យនៅពេលព្រឹកនេះ ប្រហែលជាម៉ោង ៨ទៅម៉ោង៩ ជាពេលវេលាល្អបំផុត ដើម្បីបង្កើនការរំលាយអាហារ និងគំនិតស្មារតីស្វាង។ គ្រាន់តែអ្នកចំណាយពេល ២០ ទៅ ៣០ នាទី ពេលព្រឹកនោះ វាពិតជាមានឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយខ្លាំងណាស់។
៣. បញ្ចេញសកម្មភាព៖ តាមសកលវិទ្យាល័យ Harvard បានបញ្ជាក់ថា “ការធ្វើលំហាត់ប្រាណពេលព្រឹកនេះ មានអត្ថប្រយោជន៍ជួយការពារជំងឺធាត់លើសខ្លាញ់ ជំងឺបេះដូង និងជំងឺលើសឈាមផងដែរ។” ពេលព្រឹកជាពេលល្អបំផុត ដើម្បីកម្ចាត់ជាតិខ្លាញ់បានលឿន ក្នុងអន្លងពេលហាត់ប្រាណ។ គ្រាន់តែចំណាយពេល ២០នាទី ច្បាស់ជាជួយកម្ចាត់ខ្លាញ់ក្បាលពោះបានល្អមិនខានឡើយ។
៤. ចេះរៀបចំខ្លួនឱ្យមានរបៀប៖ ពេលអ្នករៀបចំខ្លួនមុខកញ្ចាក់ អ្នកច្បាស់់ជាចង់កែតម្រូវគីឡូរបស់អ្នកបានល្អ។ ពីព្រោះសកម្មភាពតូចៗ នេះ ជាការលើកទឹកចិត្តឱ្យអ្នកធ្វើលំហាត់ប្រាណ និងតមអាហារជាដើម។ ពីព្រោះការរៀបចំខ្លួននេះ ដើម្បីកសាងនូវទំនុកចិត្តដល់ខ្លួនឯងហើយជាលទ្ធផល អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីថែមទៀត។
៥. ចំណីអាហារល្អចំពោះសុខភាព៖ ចំពោះអាហារពេលព្រឹកនេះ មានប្រជាជនខ្មែរមួយចំនួនចូលចិត្តអាហារសម្បូជាតិខ្លាញ់ និងជាតិផ្អែកពេក ជាហេតុនាំឱ្យលើកគីឡូ។ ដើម្បីសម្រកគីឡូ អ្នកគួរតែហូបអាហារដុតខ្លាញ់ក្បាលពោះមានដូចជា ស៊ុត ទឹកដោះគោឆៅ ផ្លែប៉ោម ផ្លែប័រ គ្រាប់ធញ្ញជាតិ សាច់មាន់ និងគោ...ត្រីជាដើម។ អាហារទាំងនេះ ការពារឡើងគីឡូ ហើយជួយដុតខ្លាញ់ផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព