ការរស់នៅមានសុខភាពល្អ គឺយើងត្រូវមានកត្តាជាច្រើនរួមផ្តុំគ្នាដូចជា របបអាហារ និងការធ្វើលំហាត់ប្រាណជាដើម។ ជនជាតិជប៉ុនមានទម្លាប់រស់នៅមានអាយុវែងណាស់។ ថ្ងៃនេះ យើងនឹងលើកពីកោះអូគីណាវ៉ា ដែលមានមនុស្សរស់នៅមានអាយុវែងជាងគេលើពិភពលោកនេះ ពួកគេមានទម្លាប់ទាំង ៣នេះ៖
១. របបអាហារឱ្យអាយុវែង
របបអាហារជារឿងសំខាន់ ដែលកំណត់វាសនាសុខភាពមនុស្សគ្រប់គ្នា។ តាមការស្រាវជ្រាវអ្នកជំនាញខាងចំណីអាហារ លោក Makoto Suzki បានបញ្ជាក់ថា អ្នករស់នៅកោះអូគីណាវ៉ាចូលចិត្តបរិភោគបន្លែ ផ្លែឈើ និងត្រីជាដើម។ តាមស្រាវជ្រាវទៅលើមនុស្សជារាប់ពាន់នាក់នៅទីនោះបាននិយាយថា ពួកគេបានបរិភោគអាហារជាង ២០៦ មុខ ហើយគិតជាមធ្យមក្នុងមួយថ្ងៃពួកគេហូបអាហារទាំងនោះអស់ ១៨ មុខ។ ហើយក្នុងមួយថ្ងៃពួកគេហូបផ្លែឈើ ៨ ដង និងបន្លែ ៧ ប្រភេទផ្សេងគ្នា។ បន្លែមានដូចជា ម្ទេស ការរ៉ុត ផ្កាខាត់ណា ដំឡូង និងសណ្តែក...។ មនុស្សរស់នៅកោះអូគីណាវ៉ា កម្រហូបជាតិស្ករនេះខ្លាំងណាស់។ ពួកគេប្រើស្ករដែលមានជាតិទឹកអំពៅវិញ ពីព្រោះជាតិអំពៅនេះ វាមានសារធាតុប្រឆាំងជំងឺមហារីកផ្សេងៗ ផងដែរ។
២. ការធ្វើលំហាត់ប្រាណ ដើម្បីសុខភាព៖ នៅកោះអូគីណាវ៉ាមនុស្សមានទម្លប់ក្នុងថែរក្សាសួនបន្លែ និងសួនច្បាររបស់ពួកគេខ្លាំងណាស់។ តាមការស្រាវជ្រាវលោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ Blue Zones បានសរសេរថា “មនុស្សដែលមានអាយុវែង មិនមែនជាមនុស្សធ្វើលំហាត់ប្រាណខ្លាំងនោះទេ តែជាមនុស្សមានចលនាសកម្មបំផុតក្នុងការរស់នៅប្រចាំថ្ងៃ។” ការពិត ចាស់ៗ នៅអូគីណាវ៉ាមានទម្លាប់ ក្រោកឡើងពីព្រឹក និងដើរយ៉ាងសកម្មក្នុងមួយថ្ងៃៗ ដើម្បីបង្កើតកម្លាំង និងរក្សាតុល្យភាពក្នុងរាងកាយ ដែលជួយការពារប្រឆាំងនឹងជំងឺផ្សេង? តាមលោក Garcia និងលោក Miralles បានសិក្សានៅកោះអូគីណាវ៉ាបានរកឃើញថា ជនជាតិជប៉ុនដែលរស់នៅលើស ១០០ ឆ្នាំជាង គឺពួកគេបន្ថែមសកម្មភាពជាប្រចាំថ្ងៃ។
៣. រស់តាមក្តីស្រមៃ៖ មនុស្សដែលរកគោលបំណងឬក្តីស្រមៃក្នុងជីវិតឃើញ វាជាបំពេញកិច្ចការក្នុងជីវិតឱ្យមានអត្ថន័យក្នុងការរស់។ តាមអ្នកវិទ្យាសាស្រ្តសិក្សានៅតំបន់ Blue Zones បានបង្ហាញអាថ៌កំបាំងពីមនុស្សអាយុវែងជុំវិញពិភពលោក មានកត្តាមួយធំគឺស្វែងរកឃើញក្តីស្រមៃក្នុងជីវិតនេះឯង។” នៅកោះអូគីណាវ៉ាមានមនុស្សភាគច្រើន ជាមនុស្សរស់នៅមានក្តីស្រមៃ ធ្វើឱ្យពួកគេមានរបៀបថែសុខភាពឱ្យរឹងមាំ និងមានថាមពលក្រោកពីព្រលឹម ដើម្បីធ្វើសកម្មភាពឱ្យស្របតាមក្តីស្រមៃរបស់ខ្លួន។ តាមការចុះផ្សាយរបស់ Huffpost បាននិយាយថា កត្តាធ្វើឱ្យប្រជាជននៅកោះអូគីណាវ៉ាមានអាយុវែង និងមានសុខភាពល្អ គឺការរកឃើញបុព្វហេតុនៃជីវិតក្នុងការរស់៕ អត្ថបទដោយ៖ ទ្រ សុភាព