ឪពុកម្ដាយរបស់ Elon Musk បានលែងលះគ្នាក្នុងអំឡុងឆ្នាំ១៩៧៩ ជាហេតុធ្វើឱ្យគាត់ខ្វះភាពកក់ក្ដៅពីឪពុក និងត្រូវរស់នៅជាមួយម្ដាយវ័យ៣១ឆ្នាំ រួមទាំងបងប្អូន២នាក់។ ទន្ទឹមនឹងនោះ ម្ដាយរបស់គាត់បានខំធ្វើការដោយមិនគិតពីភាពនឿយហត់ ដោយសារតែចង់ឱ្យគាត់រួមទាំងបងប្អូនញ៉ាំឆ្អែត និងមានកន្លែងជ្រកកោន។
តាមវីដេអូសម្ភាស៍លើសារព័ត៌មាន CNBC ម្ដាយរបស់ Elon Musk បានលើកឡើងថា អ្នកស្រីចិញ្ចឹមកូនៗ ទៅតាមអ្វីដែលឪពុកម្ដាយរបស់អ្នកស្រីបានធ្វើមកលើអ្នកស្រីកាលពីនៅក្មេង ក្រោមហេតុផល ចង់ឱ្យកូនមានភាពឯករាជ្យ ចិត្តល្អ ស្មោះត្រង់ គិតគូ និងមានអត្តចរិតល្អ។ ក្រៅពីនេះ អ្នកស្រីបានបង្រៀនកូនៗឱ្យយល់ដឹងពីតម្លៃនៃការខិតខំធ្វើការ និងការធ្វើអំពើល្អផងដែរ។
អ្នកស្រី Maye Musk បានបន្ដទៀតថា អ្នកស្រីចិញ្ចឹមកូនដោយប្រើវិធីសាស្ត្រ២រួមមាន ទី១ មិនចាត់ទុកកូនៗជាក្មេងទេ និងទី២ គឺមិនស្ដីបន្ទោសឱ្យកូនៗ។ នេះជាអ្វីដែលអ្នកស្រីបានធ្វើឱ្យកូនៗ ក្លាយជាមនុស្សអង់អាច។ បន្ថែមពីនេះទៀត អ្នកស្រីមិនដែលប្រាប់កូនៗឱ្យធ្វើអ្វីឡើយ និងពុំដែលពិនិត្យកិច្ចការសាលារបស់កូនៗនោះទេ ក៏ព្រោះតែគិតថា វាជាទំនួលខុសត្រូវរបស់កូនៗ។ លុះពេលកូនៗកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ កូនៗក៏កាន់តែមានទំនួលខុសត្រូវលើខ្លួនឯង។ ស្ថិតក្នុងការជីវភាពខ្វះខាតនោះ កូនៗរបស់អ្នកស្រីរស់នៅយ៉ាងសុខសប្បាយ ដោយសារតែកូនៗទម្លាប់ជាមួយការរស់នៅបែបនោះទៅហើយ ហើយអ្នកស្រីមិនដែលទម្រើសតាមចិត្តកូនៗទេ។ ចំណុចនេះដែរ អ្នកស្រីបានធ្វើឱ្យកូនៗក្លាយជាមនុស្សធំ រៀនរស់នៅដោយមិនចាំបាច់ត្រូវការឪពុកម្ដាយនៅក្បែរ២៤ម៉ោងលើ២៤ម៉ោង ខណៈវាជាវិធីសាស្ត្រដ៏ល្អ ដែលឪពុកម្ដាយដទៃគួរយកគំរូតាម។
យ៉ាងណាមិញ អ្នកស្រី Maye បានផ្ដាំផ្ញើទៅកាន់ឪពុកម្ដាយគ្រប់រូបថា គួរអនុញ្ញាតឱ្យកូនរៀបចំឯកសារផ្ទាល់ខ្លួនរបស់ពួកគេដើម្បីចូលរៀននៅសាកលវិទ្យាល័យ ឬចូលធ្វើការងារ។ ប្រសិនបើពួកគេចង់ចាប់ផ្តើមអាជីវកម្ម ហើយអ្នកគិតថាវាជាគំនិតល្អ សូមគាំទ្រពួកគេ។ បង្រៀនកូនរបស់អ្នកឱ្យមានសុជីវធម៌។ ប៉ុន្តែទុកឱ្យពួកគេសម្រេចចិត្តនូវអ្វីដែលពួកគេចង់បាន។ នៅពេលប្រាកដចិត្តថាកូនរបស់អ្នកនៅកន្លែងសុវត្ថិភាព ដូច្នេះអ្នកគួរតែបណ្ដោយឱ្យកូនមើលថែខ្លួនគេចុះ។
គួរបញ្ជាក់ផងដែរថា Elon Musk បានក្លាយជាមនុស្សឯករាជ្យតាំងពីគាត់នៅក្មេងម៉្លេះ។ កាលអាយុ៣ឆ្នាំ ម្ដាយរបស់គាត់បានណែនាំឱ្យគាត់ចេះអានសៀវភៅ ហើយគាត់បានចំណាយពេលច្រើនក្នុងការអាន ធ្វើឱ្យគាត់មានចំណោះដឹងច្រើន។ នៅពេលធំដឹងក្ដី គាត់ក៏ចេះចាត់ចែងផ្លូវដើររបស់ខ្លួន ដើម្បីទៅរកភាពជោគជ័យ រហូតដល់ក្លាយជាមហាសេដ្ឋី៕អត្ថបទដោយ៖ មាស ចាន់ដារ៉ា