ឪពុកម្តាយល្អដូចជាគ្រូល្អដែរជាអ្នកព្យាយាមឱ្យកូនចេះពឹងលើខ្លួនឯងខ្លាំងជាងពឹងលើឪពុកម្តាយ។ តាមលោក Haim Ginott ជាអ្នកចិត្តសាស្រ្តផ្នែកកុមារបាននិយាយថា បើឪពុកម្តាយចង់ឱ្យកូនមានជំនឿចិត្តលើសមត្ថភាពខ្លួនឯង ទីមួយឪពុកម្តាយត្រូវមានសម្ព័ន្ធភាពជាមួយកូនដោយមានអារម្មណ៍កក់ក្តៅ និងជួយណែនាំកូន និងទីពីរ នាំកូនឱ្យចេះសម្រេចចិត្តដោយខ្លួនឯង”។
ការសន្ទនាជាមួយកូន ចូរអ្នកជ្រើសរើសនិយាយពាក្យសម្តីដែលបង្ហាញពីភាពជឿជាក់លើសមត្ថភាពរបស់កូនដើម្បីឱ្យកូនធ្វើការសម្រេចចិត្តដោយខ្លួនឯងតាំងនៅក្មេង។ លោក Haim Ginott បាននិយាយថា បើឪពុកម្តាយចង់ឱ្យកូនមានភាពជឿជាក់លើខ្លួនឯង អ្នកត្រូវតែនិយាយក្នុងលក្ខណៈជួយជ្រោមជ្រែងឱ្យក្មេងមានការភ្ញាក់រលឹកមានស្មារតី មានជឿជាក់ដោយខ្លួនឯង។
ដូចជាពាក្យទាំង៦នេះថា ទី១. នេះជាអ្វីកូនត្រូវការ បើកូនចេះខំប្រឹង... ២. បើកូនចង់បាន កូនត្រូវខំធ្វើ ម៉ែជឿលើកូន ទី៣. កូនរៀនសម្រេចចិត្តដោយខ្លួនឯងណា! ទី៤. រឿងនេះ វាអាស្រ័យលើកូន កូនគិតថា យ៉ាងណាដែរ? ទី៥. ស្រេចតែកូនចុះ! ទី៦. មិនថាកូនសម្រេចចិត្តយ៉ាងណា ម៉ែក៏យល់ស្រប ឬម៉ែនៅខាងកូនជានិច្ច។
នេះជាពាក្យធ្វើឱ្យក្មេងមានអារម្មណ៍ពេញចិត្តលើខ្លួនយ៉ាងខ្លាំងឡើង ពេលដឹងថាគេមានសិទ្ធិក្នុងការសម្រេចចិត្តអ្វីបានដោយខ្លួនឯង និងធ្វើឱ្យគេមានអារម្មណ៍ល្អ បានដឹងថាឪពុកម្តាយជឿជាក់លើសមត្ថភាពខ្លួនឯង។ ហើយវាធ្វើឱ្យកូនរបស់អ្នកមានទំនួលខុសត្រូវដោយខ្លួនឯង ពេលគេធ្វើការខុសឬមួយមានបញ្ហាណាមួយ។
ការបង្រៀនកូនពីតូចជារឿងសំខាន់ណាស់ទាំងការគោរពចំពោះខ្លួនគេ ចំពោះការងារផ្ទះ ចំពោះអាហារ ចំពោះកិច្ចការសាលា ការលុយចាយវាយ សត្វចិញ្ចឹម និងការសេពគប់មិត្តជាដើម។ ពាក្យណែនាំទាំងអស់នេះត្រូវមកជាតួជាមួយនឹងការទទួលដឹងឮនិងការយល់ចិត្តពីការព្យាយាមរបស់ក្មេងដែលព្យាយាមមានភាពជឿជាក់លើខ្លួនឯងដល់ធំឡើងថែមទៀតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព