ឪពុកម្តាយមួយចំនួនមានទម្លាប់ចូលចិត្តស្តីបន្ទោសឱ្យកូន រិះគន់កូន ទោះបីកូនមានការឈឺចាប់និងតូចចិត្តក៏ដោយ ក៏ឪពុកម្តាយមិនបានយកចិត្តទុកដែរ។ ពេលខ្លះឪពុកម្តាយប្រើភាសាបំបាក់ទឹកចិត្តកូនដូចជា កូនឯងមិនល្អដូចជាកូនគេ កូនឯងកុំល្ងង់ពេក និងកុំក្បាលរឹងពេក... សម្តីបែបនេះប៉ះពាល់អារម្មណ៍កូនពីតូចដល់ធំខ្លាំងណាស់។ កុំឱ្យកូនបាក់ស្បាត់ផ្នែកស្មារតី ឪពុកម្តាយគួរប្រើភាសាទាំង ៦នេះដើម្បីលើកទឹកចិត្តកូនឱ្យចេះតស៊ូ៖
១. ឪពុកម្តាយគួរចាប់ផ្តើមរៀនមើលពីចំណុចល្អរបស់កូនដែលមានភាពលេចធ្លោក្នុងខ្លួន ហើយជម្រុញកូនថា កូនរៀនភាសាខ្មែរពូកែ បើកូនខំរៀនខ្មែរបន្ថែម កូននឹងបានលេខមួយ...នេះជាភាសាក្តីស្រឡាញ់ឱ្យកូនខំបន្ថែម។
២. ឪពុកម្តាយមើលឃើញពីចំណុចខ្សោយកូនហើយ កុំរអ៊ូរទាំ កុំខឹងសម្បារហើយស្តីបន្ទោសកូន អ្នកគួរប្រាប់ថា កូនរៀនគណិតវិទ្យាខ្សោយ ឪពុកម្តាយនៅតែជឿជាក់លើកូន...មានអ្វីឱ្យម្តាយជួយទេ... កូនអាចធ្វើវាបាន ស៊ូៗ...។
៣. ឪពុកម្តាយគួរព្យាយាមបង្ហាញការកោតសរសើរដល់កូនភ្លាមៗ ថា កូនច្រៀងបទហ្នឹងពិរោះមែនណា! ឬមួយកូនគូសគំនូបានស្អាតណាស់។ ការសរសើរបែបនេះ ជាសម្លេងឱ្យកូនខំប្រឹងច្នៃប្រតិដ្ឋទេពកោសល្យកាន់តែខ្លាំង។
៤. ឪពុកម្តាយធ្វើជាមិត្តរបស់កូន ព្រោះធ្វើជាមិត្តអាចស្តាប់គ្រប់ពីរឿងរ៉ាវរបស់កូន ហើយយោបល់ពីកូន។ មិនត្រឹមតែប៉ុណ្ណោះទេ! ចូរផ្តល់ឱកាសឲ្យកូននិយាយចេញមកជាមួយអ្នកអស់ពីពោះអស់ពីចិត្ត ហើយកុំបន្ទោសកូន គ្រាន់តែស្តាប់កូនបានហើយ។ ការស្តាប់បែបនេះជាភាសាកាយវិកាលើកទឹកចិត្តនិងផ្តល់ក្តីស្រឡាញ់ឱ្យកូនយ៉ាងកក់ក្តៅ។
៥. ឪពុកម្តាយគួរតែបង្ហាញក្តីស្រឡាញ់របស់ខ្លួនដល់កូនដូចជាការឱប ការថើប និងផ្តល់ភាពកក់ក្តៅដើម្បីធ្វើឱ្យកូនមានអារម្មណ៍ថា ឪពុកម្តាយមានក្តីស្រឡាញ់ចំពោះគេរហូត...។
៦. បើឃើញកូនធ្វើការងារអ្វីមួយបរាជ័យឬមានកំហុសឆ្គង អ្នកគួរប្រាប់ឱ្យកូនធ្វើវាម្តង ចាំនៅក្បែរចាំនៅលើកទឹកចិត្ត ហើយផ្តល់គំនិតឱ្យកូនបន្ថែមទៀត។ ពេលអ្នកធ្វើបែបនេះ កូនរបស់អ្នកនឹងមានអារម្មណ៍ថាខ្លួនមានសំណាងណាស់ហើយកូនរបស់អ្នកក៏ផុសទឹកចិត្តខំប្រឹងសាងអនាគតដោយខ្លួនឯង និងធ្វើជាក្មេងល្អដល់សង្គមជាតិផងដែរ។ ការប្រៀនកូនពីតូចដល់ធំគេនឹងចេះគ្រប់គ្រងអនាគតដោយខ្លួនឯងជាមិនខាន៕ អត្ថបទដោយ៖ ទ្រ សុភាព