មនុស្សភាគច្រើនមានបញ្ហាលុយជាចម្បងក្នុងជីវិត ព្រោះតែកុមារភាពមានទម្លាប់ចាយលុយដៃធំ។ រហូតក្លាយជាទម្លាប់ចាយលុយច្រើនអត់ដឹងខ្លួនទេ ដល់វ័យធំឡើង ទោះបីខំរកបានលុយច្រើន នៅតែចាយអត់គ្រប់ដែរ។ នេះជាទម្លាប់បង្កប់នៅក្នុងកុមារភាព ដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍។ កុំឱ្យកូនមានបញ្ហារឿងចាយលុយពេលធំឡើង ឪពុកម្តាយគួររៀនសូត្រហើយបណ្តុះទម្លាប់ចាយកូនលើកូនពីតូច។
ចំពោះទាក់ទងនឹងរឿងលុយកាក់នេះ តាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានណែនាំថា ការបង្រៀនកូនឱ្យចេះថែលុយបច្ចុប្បន្នឱ្យមានវិន័យ ទៅអនាគតកូនធំឡើងនឹងស្គាល់ពីតម្លៃលុយ ហើយមិនសូវពឹងលើលុយឪពុកម្តាយទាំងស្រុងទេ។ សម្រាប់ក្មេងមានទម្លាប់គិតតែពីចាយលុយម៉ែឪឱ្យអត់ចេះសន្សំទេ ពេលគេធំឡើងខំធ្វើចង់ស្លាប់ ចាយអស់មុនខែរហូត។ ព្រោះតែគេមានផ្នត់ទម្លាប់ពីក្មេងមកថា ចាយថ្ងៃនេះ ខ្លួននៅសល់លុយអនាគត(ឪពុកម្តាយ)គឺលុយខំប្រឹងធ្វើការ និងរកស៊ី។ នេះជាមូលហេតុនាំបញ្ហាចាយលុយអស់មុនដាច់ខែរហូត។ ពេលបញ្ហាណាមួយ ហើយរកលុយលែងបានច្រើនដូចការគិត បញ្ហាកាន់តែធ្ងន់ករ។ នាំឱ្យកូនចាប់ផ្តើមមានទម្លាប់បំណុលអាក្រក់ចូលខ្លួន គឺទៅខ្ចីដើម្បីចាយ មិនមែនខ្ចីដើម្បីបង្កើនចំណូលនោះទេ”។
ដូចនេះហើយ ឪពុកម្តាយចង់ឱ្យកូនសល់លុយពេលអនាគត ហើយចេះចាយលុយបានត្រឹមត្រូវ គួរបង្រៀនកូនថា ចាយថ្ងៃនេះ តាមត្រូវការជីវិតផ្ទាល់ខ្លួន ហើយរៀនដកលុយសន្សំបន្តិចៗ ដើម្បីសល់លុយខ្លះ ដើម្បីការពាររបញ្ហាប្រការណាមួយដែលកើតឡើងដោយចៃដន្យ។ តាមលោក Robert T. KiyosaKi ជាអ្នកជំនាញខាងហិរញ្ញវត្ថុថាឪពុកម្តាយត្រូវគិតថា បង្រៀនកូនឱ្យស្គាល់ពីរបៀបចាយលុយពីក្មេងឱ្យហើយ វាប្រសើរជាងត្រូវអស់លុយរលីងពីខ្លួននៅពេលគេមានវ័យចាស់ទៅ។ បើអ្នកបង្រៀនកូនឱ្យចេះគ្រប់គ្រងលើខ្លួនឯង និងឱ្យឆ្លាតខាងហិរញ្ញវត្ថុនោះ កូនអ្នកនឹងក្លាយជាម្ចាស់លើលុយ”។ បញ្ហាធំមួយរបស់ប្រជាជនរបស់យើងមានកង្វះខាតខ្លះៗ ផ្នែកចំណេះដឹងខាងហិរញ្ញវត្ថុក្នុងការបង្រៀនកូនឱ្យគ្រប់គ្រងនិងសន្សំលុយ។
ទម្លាប់ល្អត្រង់់នេះថា ពេលឪពុកម្តាយបង្រៀនកូនឱ្យចេះសន្សំលុយពីតូច ពេលកូនធំឡើង កូននឹងចេះគិតគូដោយខ្លួនឯងលើការចាយយលុយហើយ។ មានគតិជនជាតិជ្វីហ្វមួយបានប្រដៅកូនចៅពួកគេថា “ការរកលុយ វាគ្មានអ្វីពិបាកនោះទេ តែការចាយលុយឲ្យត្រូវ វាទើបជារឿងពិបាកបំផុត”។ ពេលអ្នកបង្រៀនកូនពីរបៀបចាយលុយ ធ្វើឱ្យកូនស្គាល់ពីតម្លៃរបស់លុយ កុំឱ្យកូនមានទម្លាប់ចាយលុយខ្ជះខ្ជាយឬខុសផ្លូវទៅអនាគតកូនៗ របស់អ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព