នៅក្នុងទីផ្សារសុខភាពរបស់ប្រទេសចិន និន្នាការកើនឡើងយ៉ាងឆាប់រហ័សនៃការលក់វីតាមីន និងអាហារបំប៉នតាមអ៊ីនធើណេត តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ជាមួយនឹងកំណើនកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណូលពីការលក់ ដែលបានសង្កេតឃើញពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។
យោងតាមប្រភពព័ត៌មាន focus.cbbc បានឱ្យដឹងថា ភាគច្រើននៃអ្នកប្រើប្រាស់ ត្រូវបានជម្រុញដោយការកើនឡើងនៃការយល់ដឹង ជាពិសេសក្នុងចំណោមប្រជាជនវ័យក្មេង ក្រោមឥទ្ធិពលជំងឺរាតត្បាត និងការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការថែទាំងសុខភាព។ ចំណុចសំខាន់ៗអំពីនិន្នាការរួមមាន ការលក់វីតាមីន និងអាហារបំប៉នភាគច្រើននៅប្រទេសចិនឥឡូវនេះ កើនឡើងតាមអ៊ីនធើណេត ដោយមានវេទិកាដូចជា JD.com និង Douyin ដើរតួនាទីយ៉ាងសំខាន់។ ក្មេងៗជំនាន់ក្រោយកំពុងជម្រុញតម្រូវការវីតាមីន និងអាហារបំប៉នសុខភាពកាន់តែខ្លាំងឡើង ដោយផ្តល់អាទិភាពដល់ការបង្កើនភាពស៊ាំ និងសុខភាពរួម។
ប្រភពដដែលបានបន្ដទៀតថា អាហារបំប៉នដូចជា កាល់ស្យូម វីតាមីន D និងសារធាតុផ្សំមានអត្ថប្រយោជន៍ដែលគាំទ្រដល់ការគ្រប់គ្រងទម្ងន់ គឺមានប្រជាប្រិយភាពជាពិសេស។ ក្រៅពីនេះ ការចាប់អារម្មណ៍ជាថ្មីលើការអនុវត្ត ឱសថបុរាណចិន (TCM) ដែលបានរួមបញ្ចូលទៅក្នុងផលិតសុខភាព ក៏មានប្រជាប្រិយភាពសម្រាប់ប្រជាជនវ័យក្មេងផងដែរ។ សម្រាប់កត្តាសំខាន់ដែលរួមចំណែកឱ្យប្រជាជនចិនងាកមកគិតគូពីបញ្ហាសុខភាពនោះ គឺចាប់តាំងពីមានជំងឺកូវី-១៩មក បានធ្វើឱ្យពួកគេផ្តោតសំខាន់លើសុខភាព និងប្រព័ន្ធភាពស៊ាំ។
គួរបញ្ជាក់ផងដែរថា បើយោងតាម statista បានឱ្យដឹងថា នៅឆ្នាំ២០២២ ការលក់តាមអនឡាញនៃវីតាមីន និងអាហារបំប៉ននៅក្នុងប្រទេសចិនទទួលបានប្រហែល២០០.២ពាន់លានយន់។ វាបានកើនឡើងជាងឆ្នាំ២០២១ ដែលកាលឆ្នាំនោះទទួលបានពីការលក់ប្រហែល១៩០.៨ពាន់លានយន់៕ អត្ថបទដោយ៖ មាស ចាន់ដារ៉ា