ផ្លែទទឹម គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ងាយស្រួលក្នុងការញ៉ាំ ដោយអាចញ៉ាំទាំងគ្រាប់តូចៗរបស់វា ឬយកទៅកៀបធ្វើជាភេសជ្ជៈក៏បាន។ ក្រៅពីមានរសជាតិឆ្ងាញ់ វាក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដោយសារតែកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាសមាសធាតុដែលមាននៅក្នុងអាហារ និងផលិតនៅក្នុងរាងកាយដែលការពារ ឬពន្យារការខូចខាតដល់កោសិការបស់យើង។
បើយោងតាមវេបសាយសុខភាព Health.com បានឱ្យដឹងថា ចំពោះអត្ថប្រយោជន៍របស់វារួមមាន៖
១. សុខភាពបេះដូងកាន់តែប្រសើរ៖ សារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទត្រូវបានគេហៅថា polyphenols។ ផ្លែទទឹមសម្បូរទៅដោយសារធាតុ polyphenols។ មានភស្តុតាងមួយចំនួនដែលថាសារធាតុ polyphenols ជួយការពារប្រឆាំងនឹងជំងឺនៅក្នុងបេះដូង និងសរសៃឈាម។
២. ជំនួយដល់សុខភាពទឹកនោម៖ សារធាតុចម្រាញ់ពីផ្លែទទឹមមានអត្ថប្រយោជន៍ដល់ប្រព័ន្ធទឹកនោម និងក្រពេញប្រូស្ដាត ព្រោះវាផ្ទុកសារធាតុដែលអាចជួយកាត់បន្ថយការបង្កើតគ្រួសក្នុងតម្រងនោម។
៣. សុខភាពរំលាយអាហារ៖ ផ្លែទទឹមមានជាតិសរសៃអាហារច្រើន ដែលអាចជួយដល់ការរំលាយអាហារ។ បន្ថែមពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols នៅក្នុងផ្លែឈើ ត្រូវបានគេដឹងថាជួយកាត់បន្ថយការរលាក ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពក្រពះពោះវៀន។
៤. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៖ ផ្លែទទឹមមានតួនាទីការពារ ឬព្យាបាលជំងឺមហារីកផ្សេងៗ។ ឥទ្ធិពលរបស់វាត្រូវបានអ្នកស្រាវជ្រាវ សិក្សាលើប្រភេទមហារីករួមមាន ក្រពេញប្រូស្ដាត សុដន់ សួត ពោះវៀនធំ និងជំងឺមហារីកឈាម។
៥. បង្កើនការចងចាំ៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែទទឹមអាចជួយពង្រឹងការចងចាំ និងមុខងារនៃការយល់ដឹង ហើយវាអាចជួយឱ្យមនុស្សវ័យចំណាស់ ចៀសពីជំងឺវង្វេងវង្វាន់ផងដែរ៕