អានចំណងជើងខាងលើចប់ អ្នកប្រាកដជាចង់ដឹងហើយថា តើពិតទេដែលអាចប្រើលុយត្រឹមតែ៣ម៉ឺនរៀល អាចបង្កើតផលិតផលរកស៊ីបាន? ជាការពិត លុយត្រឹម៣ម៉ឺនរៀលប៉ុណ្ណោះ អាចបណ្តុះជីវិតពីនិស្សិត ឱ្យក្លាយជាអ្នករកស៊ីម្នាក់បាន បង្កើតផលិតផលថែសម្រស់នៅក្នុងស្រុក យីហោខ្មែរ ឈ្មោះខ្មែរ ដែលហៅថា “លម្អអង្គ”។
ម្ចាស់អាជីវកម្មវ័យក្មេង លោកសៀង ឆាយលី ជាស្ថាបនិកយីហោផលិតផលថែសម្រស់ធម្មជាតិលម្អអង្គ បានប្រាប់មកចាបបៃតងថា លោកជានិស្សិតបញ្ចប់បរិញ្ញាប័ត្រពីសកលវិទ្យាល័យភូមិវិចិត្រសិល្បៈ និងជានិស្សិតបញ្ចប់ជំនាញ ក្រាហ្វិច ឌីហ្សាញ(Graphic Design) ផងដែរ។ ក្នុងអំឡុងពេលរៀន ដោយគិតថាខ្លួនឯងចំណាយពេលខាតច្រើនជាមួយអិនធើណែត បណ្ដាញសង្គមផ្សេងៗច្រើនពេក ក៏មានគំនិតប្តូរមកអានសៀវភៅទាក់ទងនឹងរុក្ខជាតិបុរាណខ្មែរ។ អានយូរៗ ដោយអំឡុងឆ្នាំ២០១៨នោះ លោកផ្ទាល់មានបញ្ហារោលស្បែកឡើងមុនពេញមុខផង លោកក៏ទាក់ចិត្តចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយអត្ថប្រយោជន៍នៃរុក្ខជាតិ។
ចំណង់ចាប់ផ្ដើមដុះឡើង លោកក៏ចាប់ផ្ដើមស្រាវជ្រាវបន្ថែមពីក្នុងអិនធើណែត ពីរបៀបច្នៃរុក្ខជាតិ របៀបធ្វើសាប៊ូ ចម្រាញ់ប្រេងដូងត្រជាក់ និងក្រែមលាបក្លៀក។ គ្រានោះនៅជានិស្សិតនៅឡើយ ត្រូវរៀននៅសាលាពេញមួយថ្ងៃ មានតែពេលយប់ប៉ុណ្ណោះ ជាពេលវេលាល្អ ដែលលោកបានចាប់ផ្ដើមរៀនធ្វើសាប៊ូ ម្ដងហើយម្ដងទៀតជារៀងរាល់ថ្ងៃ នៅក្នុងកូនបន្ទប់គេងតូចមួយតែម្នាក់ឯង។ កម្លាំងដែលចំណាយមកជាយូរមិនខាតបង់ លោកក៏ផ្សំបានជារូបមន្តសាប៊ូដុំ សាកល្បងប្រើដោយខ្លួនទទួលមានផលជោគជ័យពិត។
សាប៊ូបានផលិតចេញជារូបរាងហើយ ក៏ចាប់ផ្តើមផលិតបន្ថែមតិចតួច ថតរូបផុសលក់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន ក៏ចាប់ផ្ដើមមានមិត្តភក្តិ បងប្អូន អ្នកស្គាល់គ្នាជួយទិញ។ លោកបន្តថាពេលនោះ លក់ត្រឹមតែ៨ពាន់ ១ម៉ឺនរៀលតែប៉ុណ្ណោះ គិតថាចេះតែលក់ៗទៅណាមួយគិតថាធ្វើខ្លួនឯង លក់ឱ្យមានអតិថិជនស្គាល់សិន បានលុយតិចតួចគ្រាន់ចាយវាយប្រចាំថ្ងៃ ។ អតិថិជនកាន់តែកើនឡើង ផលិតផលមិនអាចនៅតែដដែល លោកក៏សិក្សាបន្ថែមរហូតច្នៃឱ្យផលិតផលកាន់តែមានគុណភាព ងាយស្រួលរក្សាទុក ដោយខ្លួនមានជំនាញជាអ្នកឌីហ្សាញស្រាប់ផងនោះ ក៏រៀបចំការវិចខ្ចប់ឱ្យកាន់តែស្រស់ស្អាតទាក់ទាញ ហើយបានដាក់ឈ្មោះបង្កើតជាម៉ាកយីហោឡើងថា “លម្អអង្គ” តែម្ដងនៅដើមឆ្នាំ២០១៩។
ការចាប់ផ្ដើមដំបូង ក៏ត្រូវបានផ្អាក ព្រោះចុងឆ្នាំ២០១៩ លោកត្រូវទៅបន្តការសិក្សានៅប្រទេសអេស្បាញ ណាមួយពេលនោះមិនទាន់ជាលក់ដាច់អ្វីច្រើនផង លោកក៏សម្រេចថាឈប់ផលិត។ ជានិស្ស័យមិនអាចផ្ដាច់បាន អំឡុងពេលនោះ អតិថិជនចាស់ធ្លាប់បានប្រើពីមុនចេះតែជម្រុញចិត្តឱ្យធ្វើលក់ឡើងវិញ ព្រោះពួកគាត់ប្រើត្រូវ បានផលមែន។ ជាក្ដីស្រឡាញ់ផង លោកក៏សម្រេចចិត្តជាថ្មីបន្តកូនអាជីវកម្មរបស់ខ្លួនជាថ្មីឡើងវិញ។
កាលនោះនៅជានិសិត្សរៀនមិនទាន់ចប់ស្រួលបួលផង មិនទាន់បានចេញធ្វើការឆ្លៀតសន្សំលុយពីការងារទទួលគម្រងក្រៅម៉ោងតិចតួច ណាមួយទុកចាយផង លោកក៏ចាប់ផ្ដើមជាថ្មីដោយយកលុយត្រឹមតែ៣ម៉ឺនរៀល ទៅទិញដូងពីផ្សារមកចម្រាញ់ធ្វើប្រេងដូងលក់។ ក្រោយពីលក់បានលុយពីប្រេងដូងមួយចំនួនហើយ លោកក៏ចាប់ផ្ដើមយកលុយនោះទៅទិញវត្ថុធាតុដើមបន្ថែម ផលិតចេញពីក្រែមលាបក្លៀកធម្មជាតិលក់ទៀត។ បង្វិលលុយដែលលក់បាននោះបន្តទៅមក រហូតសន្សំបានច្រើន ហើយក៏ចាប់ផ្ដើមផលិតសាប៊ូដុំ ផលិតជាក្រែមលាបមាត់ បន្ថែមជាបន្តបន្ទាប់។
មកដល់បច្ចុប្បន្ន លម្អអង្គ បានផលិតចេញជាផលិតផលជាច្រើនមុខ ដូចជាសាប៊ូដុំ ក្រែមព្យាបាលបបូរមាត់ ក្រែមលាបក្លៀកធម្មជាតិ ក្រមួនការពារមូស ប្រេងដូងត្រចៀក ស្រ្កាប់ដុសខ្លួន ម៉ាសស្ក្រាប់អប់មុខ និងផលិតផលថ្មីសេរ៉ូមណ្ដុះសក់ដែលកំពុងមានការគាំទ្រខ្លាំង។ ចំណុចពិសេសរបស់លម្អអង្គ គ្រប់ផលិតផលទាំងអស់ផលិតចេញពីរុក្ខជាតិ ធម្មជាតិ១០០ភាគរយ មិនប៉ះពាល់ខូចសុខភាពអ្នកប្រើ មិនមានហានិភ័យទៅថ្ងៃមុខ អ្នកមានបញ្ហាស្បែកខូចពីផលិតគីមីអាចប្រើបាន សំបកវិចខ្ចប់ការពារបរិស្ថានដែលធ្វើឡើងពីអាលុយមីញ៉ូម។
ថ្ងៃអនាគត លោកក៏ចង់បង្កើតជាកន្លែងបង្រៀនក្មេងៗជំនាន់ក្រោយៗទៀត ដែលចាប់អារម្មណ៍ចង់បង្កើតផលិតផលធម្មជាតិ និងចង់ថែរក្សាបរិស្ថាន ឱ្យចេះពីជំនាញផលិត កែច្នៃរុក្ខជាតិ ឱ្យទៅជាផលិតផលប្រើប្រាស់ដូចរូបលោកដែរ៕
អត្ថបទដោយ៖ Senghong